COVID-19
កីឡាជាតិ
ជាតិ
លោក អ៊ួ តារា៖ ហាត់នៅផ្ទះមិនជំរុញឲ្យមានការរីកចម្រើន តែអាចជួយរក្សាគុណផលកីឡាករ
× លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានលើកឡើងថា ការហ្វឹកហាត់ហ្វឹកហាត់នៅផ្ទះជាមធ្យោបាយដ៏ល្អក្នុងការរក្សាគុណផលរបស់កីឡាករ ទោះបីវិធីនេះពុំសូវមានប្រសិទ្ធភាពដូចការប្រមូលផ្តុំហ្វឹកហាត់ក៏ដោយ។ ជាក់ស្តែងក្រុមកីឡាករកីឡាការិនីថ្នាលគុនល្បុក្កតោបានអនុវត្តតាមវិធីនេះ ក្រោយការរំសាយប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាល។
ស្របពេលប្រទេសកម្ពុជា កំពុងប្រឈមការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូវីដ-១៩ ការហ្វឹកហាត់តាមផ្ទះដោយខ្លួនឯងកំពុងក្លាយជាវិធីសាស្ត្រដ៏ពេញនិយមសម្រាប់ប្រភេទកីឡាមួយចំនួន។ ជាក់ស្តែងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានជ្រើសយកវិធីសាស្ត្រនេះ ដាក់ឲ្យកីឡាករកីឡាការិនីជម្រើសជាតិថ្នាលរបស់ខ្លួនអនុវត្ត ក្រោយពួកគេត្រូវបានក្រសួងអប់រំយុវជននិងកីឡាប្រកាសរំសាយ។
សម្រាប់លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោ ទោះបីវិធីសាស្ត្រនេះ ពុំសូវមានប្រសិទ្ធភាពដូចការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិ តែវាអាចជួយរក្សាសមត្ថភាពកីឡាករកុំឲ្យមានការធ្លាក់ចុះខ្លាំង។ តែយ៉ាងណា លោកទទួលស្គាល់ថា ការធ្វើបែបនេះ ក៏បានជះឥទ្ធិពលមិនល្អដល់ការអភិវឌ្ឍបច្ចេកទេសរបស់កីឡាករផងដែរ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក អ៊ួ តារា បាននិយាយដូជ្នេះថា៖«ការហ្វឹកហាត់នៅផ្ទះមិនអាចជំរុញឲ្យមានការរីកចម្រើនខ្លាំងនោះទេ ក៏ប៉ុន្តែវាជាមធ្យោបាយចុងក្រោយមួយ ដែលយើងអាចថែរក្សានូវគុណផលរបស់កីឡាករយើងបាន។ ប៉ុន្តែការហ្វឹកាហាត់បែបនេះ វាមិនជំរុញឲ្យមានគុណផលខ្ពស់ ដូចជាការហ្វឹកហាត់ជាក្រុមជាមួយគ្រូជំនាញនោះទេ»។
បើតាមវីដេអូសកម្មភាពហ្វឹកហាត់របស់ក្រុមកីឡាករកីឡាការិនីជម្រើសជាតិថ្នាលគុនល្បុក្កតោ យើងសង្កេតកីឡាករខ្លះហ្វឹកហាត់ជាមួយឧបករណ៍ដូចជាបាវសាក់ ខ្សែអន្ទាក់ និងអ្នកខ្លះទៀតហ្វឹកហាត់ដោយមិនប្រើឧបករណ៍តាមរយៈរត់ហាត់ប្រាណ និងហាត់ពត់ខ្លួន ឬលោតជាដើម។ បើតាមលោក អ៊ួ តារា ក្រុមកីឡាករកីឡាការិនីជម្រើសជាតិថ្នាលមាន១២នាក់(ស្រី៤នាក់) ដែលមកពីខេត្តផ្សេងៗគ្នា។
ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាលជាបណ្តោះអាសន្ន ដោយសារបារម្ភពីការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគប្រភេទថ្មីកូវីដ-១៩។ គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ កម្ពុជាមានអ្នកផ្ទុកកូវីដ-១៩ ចំនួន១១៤នាក់ ដោយព្យាបាលជាសះស្បើយ៥៣នាក់៕
Tag:
គុនល្បុក្កតោ
អ៊ួ តារា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com