ចិន រកឃើញ​អ្នក​ផ្ទុក COVID-19 គ្មាន​រោគសញ្ញា​កាន់តែច្រើន ខណៈ​ករណី​ឆ្លង​ថ្មី​កើន​បន្តិច​
COVID-19
អន្តរជាតិ
ចិន រកឃើញ​អ្នក​ផ្ទុក COVID-19 គ្មាន​រោគសញ្ញា​កាន់តែច្រើន ខណៈ​ករណី​ឆ្លង​ថ្មី​កើន​បន្តិច​
06, Apr 2020 , 6:09 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​នៅ​ថ្ងៃទី​៥ ខែមេសា ចិន​រកឃើញ​ចំនួន​អ្នក​ឆ្លង​ថ្មី (COVID-19) ចំនួន​៣៩ ករណី កើនឡើង​បួន​ករណី​ធៀប​ទៅ​ថ្ងៃទី​៤ ខែមេសា​។ ស្របគ្នា​នោះ ចិន​ក៏​បន្ត​រក​ករណី​ឆ្លង​ដែល​មិន​ចេញ​រោគសញ្ញា​កាន់តែច្រើន​ផងដែរ​។ ករណីបែបនេះ ធ្វើ​ឲ្យ​ចិន​ឈឺក្បាល​ខ្លាំង​។

 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​៦ ខែមេសា របស់​គណៈកម្មការ​សុខាភិបាល​ជាតិចិន បាន​បង្ហាញថា​ចំនួន​អ្នក​ឆ្លង​មិន​ចេញ​រោគសញ្ញា​គិត​ត្រឹម​ថ្ងៃទី​៥ មេសា​មាន​ចំនួន​៧៨​ករណី​បន្ថែម ធៀប​ទៅនឹង​៤៧​ករណី​កាលពី​ថ្ងៃទី​៤ មេសា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។ 
 
​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ករណី​ឆ្លង​នាំចូល និង​ករណី​ឆ្លង​ដែល​គ្មាន​រោគសញ្ញា​បានក្លាយ​ជា​បញ្ហា​ចម្បង​របស់​ប្រទេស​ចិន បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​ចំនួន​អ្នក​ឆ្លង​ក្រោយ​ដាក់ចេញ​វិធានការ​យ៉ាង​តឹងរឹង​។ ករណី​គ្មាន​រោគសញ្ញា​បែបនេះ កំពុង​បង្ក​ក្ដីបារម្ភ​សម្រាប់​វូ​ហាន​ដែល​ត្រៀម​ចាប់ផ្ដើម​សកម្មភាព​ឡើងវិញ ក្រោយ​ការបិទ​ជិត​តាំងពី​ថ្ងៃទី​២៣ ខែមករា​មក​នោះ​។  
 
​ដោយឡែក ចិន​ក៏​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​៣៩ នៅ​ថ្ងៃទី​៥ ខែមេសា ដោយ​៣៨​ជា​ករណី​ឆ្លង​មកពី​ក្រៅប្រទេស និង​១​ករណី ជា​ករណី​ឆ្លង​ក្នុងស្រុក​ដែល​ស្ថិតក្នុង​ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​។ កាលពី​ថ្ងៃទី​៤​មេសា មាន​ករណី​ឆ្លង​ពី​ក្រៅ​ចំនួន​២៥ និង​ករណី​ឆ្លង​ក្នុង​ខេត្ត Guangdong ចំនួន​៥​។​
 
​ករណី​ឆ្លង​ក្នុងស្រុក​នៅ ក្រុង Shenzhen ខេត្ត Guangdong ត្រូវបាន​គេ​ឲ្យ​ដឹងថា​បណ្តាលមកពី​បុរស​ម្នាក់ ដែល​ធ្លាប់​ធ្វើដំណើរ​ទៅ​ខេត្ត​ហូ​ប៉ី ដែលជា​កន្លែង​ផ្ទុះ​នៃ​ជំងឺ​។ នេះ​បើតាម​មន្ត្រី​អា​ជ្ងា​ធរ​ខេត្ត Guangdong​។​
 
​គណៈកម្មការ​សុខាភិបាល​ខេត្ត Guangdong បាន​លើក​កម្រិត​ហានិភ័យ​ពី​ទាប ទៅ​មធ្យម​ក្នុង​សង្កាត់​ចំនួន​៤ នៃ​ក្រុង Guangzhou, Shenzhen and Jieyang កាលពី​ថ្ងៃទី​៥ មេសា​ផងដែរ​។​
 
​ចិន​បានឃើញ​ចំនួន​អ្នក​ឆ្លង​ថយចុះ​យ៉ាងគំហុក បន្ទាប់ពី​ការឆ្លង​ទ្រង់ទ្រាយ​ធំ​នៅ​ខែកុម្ភៈ​។ រដ្ឋាភិបាល​ចិន​បានសម្រេច​បិទ​ព្រំដែន​មិន​ឲ្យ​ជនបរទេស​ចូល ខណៈ​ករណី​ឆ្លង​ថ្មី​រួមមាន​ករណី​ជនជាតិ​ចិន​ត្រឡប់​មកពី​ក្រៅប្រទេស ស្របពេល​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​កំណត់​អ្នក​ផ្ទុក COVID-19 ដែល​មិន​ចេញ​រោគសញ្ញា និង​ដាក់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា មកដល់ពេលនេះ​ចិន​មាន​ករណី​ឆ្លង​ចំនួន​៨១,៧០៨​នាក់ និង​ស្លាប់​ចំនួន​៣,៣៣១​នាក់ ហើយ​ជាង​៧​ម៉ឺន​នាក់​ទៀត សះស្បើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com