COVID-19
អន្តរជាតិ
COVID-19៖ លោក អា​បេ ត្រៀម​ដាក់​ជប៉ុន​ក្នុង​ភាពអាសន្ន​
06, Apr 2020 , 10:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ អាច​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន បន្ទាប់ពី​ករណី​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅតែ​បន្ត​កើន​ឡើយ​យ៉ាងគំហុក​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Japan News នា​ថ្ងៃទី​៦ ខែមេសា​។


 
​ចាប់តាំងពី​មាន COVID-19​នៅក្នុង​ប្រទេស​មក ជប៉ុន​បាន​ចាត់វិធានការ​ជាច្រើន​ដូចជា​បិទ​សាលារៀន​មួយចំនួន ស្នើ​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ និង​មិន​ឲ្យ​មានការ​ជួបជុំ​ជា​សាធារណៈ​ជាដើម​។ បន្ថែម​ពីលើ​នេះ ជប៉ុន ក៏បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​ការប្រកាសអាសន្ន​ផងដែរ ដើម្បី​ទប់ស្កាត់ COVID-19 ដែល​កំពុងតែ​អុកឡុក​នៅ​ជប៉ុន​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នា​ថ្ងៃទី​៦ ខែមេសា​នេះ នឹង​លើកឡើង​ពី​បញ្ហា​មួយចំនួន ជុំវិញ​ដាក់​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​។ បើតាម​សារព័ត៌មាន The Japan News នៅក្នុង​ថ្ងៃ​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី នឹង​ជួប​ជាមួយ​ក្រុម​អ្នកជំនាញ ដើម្បី​ពិនិត្យ​មើលថា​តើ​ជប៉ុន​អាចដាក់​ប្រទេស​ក្នុង​ភាពអាសន្ន បានដែរ​ឬទេ​។ បន្ទាប់ពី​កិច្ចប្រជុំ​នេះ រដ្ឋាភិបាល នឹង​រៀបចំ​ផែនការ​មួយចំនួន ក្នុង​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​។ 
 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ លោក អា​បេ អាច​ប្រកាស​ដាក់​ជប៉ុន​ក្នុង​ភាពអាសន្ន នា​ថ្ងៃទី​៧ ឬ​ថ្ងៃទី​៨ ខែមេសា បន្ទាប់ពី​អ្នក​ឆ្លង COVID-19 ត្រូវបាន​គេ​រកឃើញ​ជា​បន្តបន្ទាប់​។ 
 
​យ៉ាងណាក៏ដោយ​ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​របស់​ជប៉ុន គឺ​មិន​ដូចជា​ប្រទេស​ផ្សេង​ឡើយ ព្រោះ​ច្បាប់​នេះ មិនអាច​ចេញ​បញ្ជា ឬ​ចាប់បង្ខំ​ឲ្យ​បិទ​ប្រព័ន្ធ​ធ្វើដំណើរ​ជា​សាធារណ​បានឡើយ ហើយក៏​មិនអាច​ចាប់បង្ខំ​បុគ្គលិក​មិន​ឲ្យ​ទៅធ្វើ​ការ​បានដែរ​។ បើតាម​ការអះអាង​រប​ស់​អភិបាលក្រុង Tokyo លោកស្រី Yuriko Koike ប្រសិន​សិន​បើ​ជប៉ុន​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន លោកស្រី​នឹង​ជំរុញ​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ មិន​ឲ្យ​ធ្វើដំណើរ​ទៅណា​បើ​មិនមាន​អ្វី​សំខាន់ ហើយ​ប្រព័ន្ធ​ទូរគមនាគមន៍​នៅតែ​បន្តដំណើរ​ដដែល​។ ដោយឡែក​សម្រាប់​សាជីវកម្ម​ផ្សេងៗ ត្រូវគោរព​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​៥ ខែមេសា ជប៉ុន​មាន​ករណី COVID-19 សរុប​ប្រមាន ៣៦០០​ករណី អ្នកស្លាប់​៨៥​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៥៧៥​ករណី​៕ 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com