អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាប់ ដើម្បីកាត់បន្ថយហានិភ័យនៃការផ្ទុះជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ ដោយសារតែពន្ធនាគារនៅកម្ពុជា មានភាពចង្អៀតណែនខ្លាំង។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី៥ ខែមេសា ម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស មើលឃើញថា ការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ គឺមានសារសំខាន់ ដើម្បីការពារកុំឲ្យផ្ទុះការរាលដាលជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ។ អង្គការនេះ បារម្ភថា បើជំងឺកូវីដ-១៩ ផ្ទុះឡើងក្នុងពន្ធនាគារ គឺអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកជាប់ឃុំ មន្ត្រីពន្ធនាគារ រួមទាំងអាចរាលដាលចេញមកខាងក្រៅផងដែរ។
កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ១១៤នាក់ហើយ ដោយបានព្យាបាលឲ្យជាសះស្បើយ៥៣នាក់ គិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស លើកជាយោបល់ថា៖«អាជ្ញាធរកម្ពុជា គួរតែដោះលែងជាបន្ទាន់ ចំពោះអ្នកជាប់ឃុំណា ដែលមើលទៅមិនគួរនឹងជាប់ឃុំ និងអ្នកជាប់ឃុំ ក្នុងបទល្មើសស្រាលៗ រួមទាំង អ្នកទោសនយោបាយ។ អាជ្ញាធរកម្ពុជា គួរពិចារណាលើជម្រើសផ្សេង ក្នុងការឃុំខ្លួនអ្នកទោស ដែលមានបញ្ហាសុខភាព អ្នកទោសចាស់ជរា និងអ្នកទោសជាស្ត្រី ដែលមានផ្ទៃពោះ ឬជាប់ពន្ធនាគារជាមួយកូនតូចៗ»។
របាយការណ៍ពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបជាង៣,៨ម៉ឺននាក់ ដោយក្នុងនោះ ស្ត្រី មានជាង២,៥ពាន់នាក់។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អស់សំណើច ពេលឮអង្គការឃ្លាំមើលសិទ្ធិមនុស្ស ទើបតែនឹងមកផ្តល់យោបល់ដល់រដ្ឋាភិបាលកម្ពុជានាពេលនេះ ខណៈរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការរួចអស់ទៅហើយ ក្នុងការពារពារអ្នកជាប់ឃុំ ពីជំងឺកូវីដ-១៩។ លោក និយាយថា មកដល់ពេលនេះ មិនទាន់មានអ្នកជាប់ឃុំណាម្នាក់ ឆ្លងជំងឺកូវីដ-១៩ឡើយ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានមានថ្មីៗ តាមទូរស័ព្ទ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ អ្នកនាំពាក្យមហាផ្ទៃរូបនេះ ចំអកទៅអង្គការឃ្លាំមើលសិទ្ធិមនុស្សថា៖«គេ ចាត់វិធានការតាំងពីមុនហ្នឹងម្ល៉េះ គិតតែធ្វើការយកប្រាក់ខែខ្លួនឯងទៅបានហើយ...ប្រាប់ឆ្លើយទៅវិញ កុំចេះឈឺឆ្អាល គេ ចេះជាង Human Rights Watch ទៀត»។
អ្នកនាំពាក្យមហាផ្ទៃ បន្តថា រដ្ឋាភិបាល បានសម្រេចលែងអនុញ្ញាតឲ្យសាច់ញាតិឬអ្នកពាក់ព័ន្ធ ទៅសួរសុខទុក្ខអ្នកជាប់ឃុំនៅពន្ធនាគារ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងពន្ធនាគារ។ លោក បន្ថែមថា បើមានអ្នកណា ចង់យករបស់ហូបចុកឬសម្ភារផ្សេងៗ ទៅជូនអ្នកជាប់ឃុំ គឺអាចផ្ញើតាមមន្ត្រីពន្ធនាគារ។ លោក និយាយថា៖«គេមិនឲ្យជួបទេ គេខ្លាចណាស់ ខ្លាចផ្ទុះ [ជំងឺហ្នឹងក្នុងពន្ធគារ]»។
លោក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយដ្ឋានពន្ធនាគារ ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដែរនោះ អះអាងថា លុះត្រាតែមានភាពចាំបាច់បំផុត ទើបមន្ត្រីមានសមត្ថកិច្ច ពិចារណាពីការអនុញ្ញាតឲ្យជួបអ្នកជាប់ឃុំ។ លោក អធិប្បាយទៀតថា បើមេធាវី សុំជួបកូនក្តីក្នុងពន្ធនាគារ មន្ត្រីមានសមត្ថកិច្ច នឹងពិនិត្យពីករណីសុំជួបនោះ មុននឹងសម្រេចអនុញ្ញាតឬមិនអនុញ្ញាត។
លោក បញ្ជាក់ថា៖«ខ្ញុំ មិនអាចឲ្យនិយមន័យថា ភាពចាំបាច់ហ្នឹង គឺយ៉ាងម៉េចទេ តែទាល់តែយើងពិនិត្យទៅឃើញថា សំខាន់ខ្លាំង ទើបយើងអាចឲ្យជួប»។
វិធានការផ្អាកមិនឲ្យទៅសួរសុខទុក្ខអ្នកជាប់ឃុំ ត្រូវបានសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើង កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២០។ រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាក់នាពេលនោះថា៖«ពន្ធនាគារ យើង ក៏មានវិធានការ ដើម្បីការពារដែរ ធ្វើម៉េចកុំឲ្យឆ្លងដល់អ្នកកំពុងជាប់ឃុំ។ កាលណា ឆ្លងដល់អ្នកជាប់ឃុំ វាអាចមានបញ្ហាស្មុគស្មាញច្រើន...»។
សម្តេច ស ខេង មានប្រសាសន៍ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ថា បច្ចុប្បន្ន ការកកស្ទះសំណុំរឿងនៅតាមតុលាការ កាត់តែមានភាពស្មុគស្មាញ ហើយអ្នកជាប់ឃុំជាច្រើន មិនទាន់ត្រូវបានដោះស្រាយ (មិនទាន់ជំនុំជម្រះ)។
កន្លងមក អង្គការសង្គមស៊ីវិលនានា តែងអំពាវនាវឲ្យរដ្ឋាភិបាល ដោះស្រាយភាពកកស្ទះក្នុងពន្ធនាគារនេះ។ រដ្ឋាភិបាល ក៏ទទួលស្គាល់ដែរថា ពន្ធនាគារកម្ពុជា ពិតជាមានភាពកកស្ទះ ដោយសារតែអ្នកជាប់ឃុំ កើនឡើងច្រើន៕