COVID-19
ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ប្រាប់មន្រ្តី៖ កុំឲ្យពលរដ្ឋ ខ្វះស្បៀងឲ្យសោះ
06, Apr 2020 , 6:27 pm        
រូបភាព
សកម្មភាពមន្រ្តី ចុះចែកស្បៀងដល់ពលរដ្ឋខ្វះខាត (រូបពីទំព័រហ្វេសហ៊ុករបស់នាយករដ្ឋមន្រ្តី)
សកម្មភាពមន្រ្តី ចុះចែកស្បៀងដល់ពលរដ្ឋខ្វះខាត (រូបពីទំព័រហ្វេសហ៊ុករបស់នាយករដ្ឋមន្រ្តី)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាស់តឿនមន្រ្តីគ្រប់ជាន់ថ្នាក់ ឲ្យយកចិត្តដាក់លើជីវភាពប្រជាប្រពលរដ្ឋ ពិសេសផ្តោតខ្លាំងលើស្បៀងអាហាររបស់ពួកគាត់។ សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយមន្រ្តីមិនបានដឹងឬមិនបានដោះស្រាយនោះទេ។



ប្រមុខរដ្ឋាភិបាល បានដាក់បញ្ជាជាថ្មី ឲ្យមន្រ្តីចុះពិនិត្យមើលប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀង ហើយត្រូវផ្តល់ស្បៀងអាហារដល់ពួកគាត់ជាបន្ទាន់និងឆាប់បំផុត។ ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី បានបង្ហោះសារ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ថា៖«កុំឲ្យពួកគាត់ខ្វះស្បៀងអាហារឲ្យសោះ ក្នុងពេលសភាពការណ៍ មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងធនធានទាំងអស់ ដែលមានក្នុងប្រទេសរបស់យើង សម្រាប់ជួយ និងបម្រើប្រជាពលរដ្ឋរបស់យើងឲ្យទាន់ទាន់ពេល»។

មេដឹកនាំកម្ពុជា ផ្ញើសារជូនមន្រ្តីទៀតថា ត្រូវបន្តចុះជួយអប់រំប្រជាពលរដ្ឋ ពីវិធីទប់ស្កាត់ជំងឺកូវីដ-១៩ ដោយនាំទៅជាមួយនូវម៉ាស ឬក្រមា ទឹកអាល់កុល ជែលសម្លាប់មេរោគ អង្ករ មី និង ត្រីខ ជាដើម ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។

មេដឹកនាំរូបនេះ បញ្ជាក់ថា៖«កុំចាំហៅពួកគាត់ឲ្យមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែង ដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាព ដែលយើងទាំងអស់គ្នា កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ»។

រដ្ឋាភិបាលកម្ពុជា បានផ្អាកនាំចេញអង្ករសនិងស្រូវ រួមទាំងត្រី ទៅក្រៅប្រទេស ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក។ ចំពោះអង្ករក្រអូប កម្ពុជា នៅតែបន្តនាំចេញទៅក្រៅប្រទេស៕

Tag:
 COVID-19
  ចែកស្បៀង
© រក្សាសិទ្ធិដោយ thmeythmey.com