ជាតិ
កសិករ​២០​គ្រួសារ ឈប់​ប្រក​បរបរ​នេសាទ ងាក​មក​ចិញ្ចឹម​ត្រី​ដោយ​ខ្លួនឯង​
07, Apr 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ កសិករ​ចំនួន ២០​គ្រួសារ នៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ដែលមាន​មុខរបរ​ចំបង​ជា​អ្នកនេសាទ បានចាប់ផ្តើម​អនុវត្ត​គម្រោង​ចិញ្ចឹម​ត្រី​អណ្តែង បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​ចិញ្ចឹម​ត្រី​និង​ដាំ​បន្លែ ពី​អង្គការ​ក្រុម​អភិវឌ្ឍន៍ជនបទ​កម្ពុ​ជា (CRDT) សហការ​ជាមួយ​អង្គការ WCS ។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អង្គការ WCS​។


 
​ក្រោម​ការគាំទ្រ​ថវិកា​ពី​សហភាព​អឺរ៉ុប​តាមរយៈ​អង្គការ WCS អង្គការ CRDT បានជ្រើសរើស​កសិករ​ចំនួន ៩​គ្រួសារ​នៅក្នុង​ភូមិ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ និង​១១​គ្រួសារ​ទៀត​នៅ​ភូមិ​កោះ​ព្រះ កោះ​ក្រូច និង​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដើម្បី​ចូលរួម​ក្នុងការ​អនុវត្ត​គម្រោង​នេះ​។ 
 
​គម្រោង​ចិញ្ចឹម​ត្រី​អណ្ដែង តាមរយៈ​ការបណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​ចិញ្ចឹម​ត្រី​និង​ដាំ​បន្លែ មាន​គោលបំណង​ផ្តល់នូវ​ជម្រើស​ផ្សេងទៀត ក្រៅពី​ការជួញដូរ​អណ្តើក និង​នេសាទ​ខុសច្បាប់​។  គម្រោង​នេះ ផ្តោត​សំខាន់​ជួយ​ដល់​ប្រជា​សហគមន៍ ដើម្បី​បង្កើត​នូវ​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​ក្នុង​ក្រុមគ្រួសារ​។ 
 
​ប្រជាកសិករ​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ ទទួលបាន​ពូជ​កូន​ត្រី​អណ្តែង​ប្រមាណ ៣០០​ក្បាល​និង​ចំណី​ត្រី​មួយ​, ថង់​ប្លា​ស្ទិ​ក​សម្រាប់ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី និង​គ្រាប់ពូជ​បន្លែ​មួយចំនួន សម្រាប់​ដាំ​នៅ​ជុំវិញ​ស្រះ​ចិញ្ចឹម​ត្រី​។ 
 
​បើតាម​អង្គការ WCS គ្រួសារ​កសិករ​ទាំងអស់ បាន​ប្តេជ្ញា​ការពារ​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច និង​ធនធាន​ជលផល​ដទៃទៀត ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​។ កសិករ​ទាំង ២០​គ្រួសារ​នេះ នឹង​ដើរតួ​ជា​កសិករ​គំរូ​របស់​គម្រោង​នៅក្នុង​សហគមន៍ និង​ស្ម័គ្រចិត្ត​បណ្តុះបណ្តាល​ដល់​កសិករ​ដទៃ​ដែល​មានបំណង​ចង់​ចូលរួម​ក្នុង​គម្រោង​នេះដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com