ជាតិ
Covid-19៖ កម្ពុជាមានអ្នកជាសះស្បើយ៥នាក់បន្ថែម និងរកឃើញវិជ្ជមាន១នាក់ទៀត
07, Apr 2020 , 8:03 am        
រូបភាព
ក្រសួងសុខាភិបាលនៅថ្ងៃទី៧ ខែមេសានេះ បានប្រកាសថាមានមនុស្ស៥នាក់ទៀតហើយ បានជាសះស្បើយពីជំងឺកូវីដ-១៩ ដែលធ្វើឲ្យតួលេខអ្នកជាសរុបមាន៥៨នាក់។ ទន្ទឹមនឹងនេះ ក្រសួងបានរកឃើញករណីឆ្លងថ្មីចំនួន ១នាក់ដែរលើស្រ្តីទេសចរជនជាតិវៀតណាម សរុបករណីនៅកម្ពុជាមានចំនួន ១១៥ករណី។



កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយសរុប ៥៨នាក់ហើយ បន្ទាប់ពីបានរកឃើញអ្នក​ជា ៥នាក់ទៀត។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ មេសានេះ។ អ្នកជាសះស្បើយទាំង៥នាក់ ជាជនជាតិខ្មែរទាំងអស់ គឺមានស្ត្រីខ្មែរ អាយុ៦១ឆ្នាំ នៅរាជធានីភ្នំពេញ, បុរសខ្មែររស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, បុរសខ្មែរអាយុ២៨ឆ្នាំ កាន់សាសនាឥស្លាម នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង, ស្ត្រីខ្មែរអាយុ៣៨ឆ្នាំ កាន់សាសនាឥស្លាម  នៅក្រុងសៀមរាប និងបុរសខ្មែរអាយុ៣០ឆ្នាំ ដែលបម្រើការងារនៅស្តាធីវី ច្រកព្រំដែនប៉ោយប៉ែត។ 

ក្រសួង ក៏បាន​រកឃើញករណីវិជ្ជមានថ្មី ១ករណីទៀតដែរ លើស្រ្តីទេសចរជនជាតិវៀតណាម។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ សុរបករណីឆ្លងសរុបនៅកម្ពុជា មានចំនួន ១១៥ករណី៕


© រក្សាសិទ្ធិដោយ thmeythmey.com