COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd និង Barca ផ្តល់​កម្លាំងចិត្ត​ឲ្យ Guardiola ក្រោយ​ម្ដាយ​ស្លាប់​ដោយសារ COVID-19
07, Apr 2020 , 2:05 pm        
រូបភាព
​អ្នកស្រី Dolors Sala Carrio ម្តាយ​របស់លោក Pep Guardiola អ្នកចាត់ការ​ទូទៅ Manchester City បានទទួល​មរណភាព​ក្នុង​អាយុ​៨២​ឆ្នាំ ដោយសារ​ឆ្លង​ជំងឺ COVID-19​។ ក្លិប​មេឃ​ខៀវ​ប្រកាស​បែបនេះ​នៅ​ថ្ងៃទី​៦ ខែមេសា​។ Manchester United និង Barcelona ស្ថិតនៅក្នុង​ចំណោម​ក្លិប និង​កីឡា​ដែល​ចូលរួម​រំលែក​ទុក្ខ​នៃ​មរ​ភាព​នេះ​។​


 
«​គ្រួសារ​ក្លិប Man City សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ក្រោយ​លឺដំណឹង​មរណទុក្ខ​របស់​ម្តាយ​លោក Guardiola អ្នកស្រី Dolors Sala Carrio ដែល​បាន​ស្លាប់​នៅឯ​តំបន់ Manresa ក្នុង​ក្រុង Barcelona អេ​ស្ប៉ា​ញ បន្ទាប់ពី​ឆ្លង​ជំងឺឆ្លង Guardiola»​។ Man City សរសេរ​សារ​រំលែក​ទុក្ខ​បែបនេះ​ទៅកាន់​អ្នកចាត់ការ​ទូទៅ​ខ្លួន​។​
 
​ការកើនឡើង​នៃ​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ប្រទេស​អេ​ស្ប៉ា​ញ គិត​ត្រឹម​ទី​៧ ខែមេសា មានការ​កើនឡើង​ដល់​ជាង​១​សែន​នាក់ និង​ស្លាប់​ជាង​១​ម៉ឺន​នាក់​។ ក្រុង Barcelona ស្ថិតនៅក្នុង​តំបន់​ស្វយ័ត Catalonia ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​នានា​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ដែលមាន​ចំនួន​ករណី​ឆ្លង​ដោយ​ការប្រមូលផ្តុំ​ច្រើន​បំផុត​។​


លោក Pep Guardiola និងម្តាយរបស់លោកអ្នកស្រី  Dolors Sala Carrio
 
​កាលពី​ខែ​មុន​អ្នកចាត់ការ Man City រូបនេះ​បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន ១ លាន​អឺរ៉ូ (១,០៨​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19​។ ថវិកា​ទាំងនេះ ត្រូវ​យកទៅ​ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្ភារ​ការពារ​សម្រាប់​បុគ្គលិក​ដែល​ចូលរួម​ក្នុងការ​ព្យាបាល​អ្នក​ដែល​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​តំបន់​ស្វយ័ត Catalonia ដែល​ជាទី​កំណើត​របស់លោក Guardiola និង​ម្តាយ​លោក​រស់នៅ​។​
 
​ជុំវិញ​ការស្លាប់​របស់​អ្នកស្រី Sala Carrio ក្លិប Man Utd ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ផងដែរ​។ បិសាច​ក្រហម បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​បង្ហាញ​សេចក្តី​ក្រៀមក្រំ​ក្រោយ​ដំណឹង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នេះ​ថា​៖« យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ស្មោះ​អស់ពី​ចិត្ត​ដល់​លោក Pep និង​ក្រុមគ្រួសារ​របស់គាត់​»​។​
 
​ក្រុម Barcelona នៃ​ក្របខណ្ឌ La Liga ក៏​ចូលរួម​រំលែក​ទុក្ខ ទៅកាន់​អតីត​អ្នកចាត់ការ​របស់​ពួកគេ​ផងដែរ​។ ក្លិប​បញ្ជាក់ថា​៖ «​យើង​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​របស់​អ្នកស្រី Dolors Sala ក្នុង​គ្រា​លំបាក​នេះ ហើយ​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាពិសេស​ដល់​លោក Pep Guardiola ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់គាត់​»​។​
 
Guardiola អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៤៩​ឆ្នាំ បាន​ឡើងទៅ​ដឹកនាំ​ក្រុម Manchester City កាលពី​ខែកក្កដា ឆ្នាំ ២០១៦ បន្ទាប់ពី​ប្រកប​អាជីព​ជា​អ្នកចាត់ការ​ឲ្យ​ក្រុម Barcelona និង Bayern Munich នៅ​អាល្លឺម៉ង់​៕

Tag:
 COVID-19
  Dolors Sala Carrio
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com