COVID-19
អន្តរជាតិ
COVID-19៖ ករណី​ស្លាប់​ឥណ្ឌូណេស៊ី​ឡើងដល់​២០៤​នាក់ ក្នុងនោះ​មាន​គ្រូពេទ្យ​២៤​នាក់​
07, Apr 2020 , 3:27 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​៦ មេសា ឥណ្ឌូណេស៊ី​បានប្រកាស​ពី​កំណើន​អ្នក​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ច្រើន​បំផុត និង​ការកើនឡើង​ករណី​ស្លាប់​។ ក្នុងចំណោម​អ្នកស្លាប់​នេះ មាន​គ្រូពេទ្យ​២៤​នាក់​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័​ត៍​មាន Reuters ។

 
​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ក្នុងចំណោម​គ្រូពេទ្យ​បាន​កើនឡើង​ទ្វេដង ចាប់​តាំងតែ​ពី​សប្តាហ៍​មុន​មក ក្រោយ​មានការ​រិះគន់​លើ​កង្វះខាត​ឧបករណ៍​ការពារ​ខ្លួន​។​
 
​ចំនួន​អ្នក​ឆ្លង​ជំងឺ​COVID-19 នៅ​ឥណ្ឌូណេស៊ី​បាន​កើន​ឡើងដល់ ២,៤៩១​នាក់ បន្ទាប់ពី​មាន​អ្នក​ឆ្លង​បន្ថែម​ថ្មី​នៅ​ថ្ងៃទី​៦ មេសា​មាន​ចំនួន​២១៨​នាក់ ។ រីឯ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់ ២០៩ ករណី ដែលជា​ចំនួន​ច្រើន​បំផុត​នៅ​អាស៊ី បន្ទាប់ពី​ចិន​។​
 
​លោក Halik Malik អ្នកនាំពាក្យ​សមាគម​គ្រូពេទ្យ​និយាយថា និន្នាការ​ដែល​វេជ្ជបណ្ឌិត​ស្លាប់ នឹង​កើន​កប់​ពពក ហើយ​ហានិភ័យ​ដែល​បុគ្គលិក​ពេទ្យ​អាច​ឆ្លង COVID-19​នៅតែមាន តែ​ចំនុច​សំខាន់​បុគ្គលិក​ពេទ្យ​ទាំងអស់នោះ​ត្រូវការ​ឧបករណ៍​ការពារ​ខ្លួន​។​
 
​ទាក់ទង​អ្នកស្លាប់​នេះដែរ ក្រុម​អង្គការសិទ្ធិមនុស្ស រួមមាន​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​អត្រា​ស្លាប់​ខ្ពស់​ក្នុងចំណោម​បុគ្គលិក​ពេទ្យ​។ អ្នកជំនាញ​សុខាភិបាល​បាន​ចង្អុល​ថា ភាគរយ​ខ្ពស់​នៃ​អ្នកស្លាប់ ជា​សញ្ញា​ដែល​ការផ្ទុះ​នៃ​ជំងឺ មាន​ច្រើនជាង​ចំនួន​ច្រើនជាង​ទិន្ន័យ​របស់​មន្ត្រី​សុខាភិបាល​។ 
 
​ទីភ្នាក់ងារ​ស៊ើប​ការ​ឥណ្ឌូណេស៊ី​បាន​ព្រមាន​ថា  ចំនួន​អ្នក​ឆ្លង​អាច​នឹង​កើនឡើង​ច្រើន​បំផុត​នៅ​រយៈពេល​៣​ខែ ខាងមុខ ពោលគឺ​លើសពី ១​សែន​ករណី​នៅ​ខែកក្កដា​។ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ពី​ថ្ងៃទី​៦ មេសា បាន​ប្រាប់​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ថា​ឧបករណ៍​ការពារ​ខ្លួន​ត្រូវបាន​ចែកជូន​នៅ​ជុំវិញ​ប្រទេស ចំណែកឯ​មន្ត្រី​មូលដ្ឋាន​តម្រូវ​ឲ្យ​ពិនិត្យ​ការមកដល់​នៃ​ឧបករណ៍​ទាំងនោះ​។ 
 
​មកដល់ពេលនេះ បុគ្គលិក​ពេទ្យ​ឥណ្ឌូណេស៊ី​កំពុង​ខ្វះ​ឧបករណ៍​ការពារ​ខ្លួន ដែល​គ្រូពេទ្យ​ពេលខ្លះ​បង្ខំចិត្ត​ពាក់អាវ​ភ្លៀង និង​ប្រើ​ម៉ាស់​ដែល​ផលិត​ខ្លួនឯង​។ មិនតែប៉ុណ្ណោះ​កង្វះខាត​គ្រែពេទ្យ បុគ្គលិក​ពេទ្យ និង​បរិក្ខា​គ្រោះ​បន្ទាន់ បង្កើតជា​បញ្ហា​បារម្ភ​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌូណេស៊ី​ផងដែរ​។​
 
​ប្រធាន​ក្រុមការងារ​កូ​រ៉ូ​ណា​វ៉ី​រុស​របស់​រដ្ឋាភិបាល បាន​ប្រាប់​សភា​ថា​យ៉ាងតិចណាស់​ខេត្ត​ចំនួន​១០ ខ្វះខាត​បរិក្ខារ COVID-19​។ 
 
​កាលពី​ប៉ុន្មាន​សប្តាហ៍ កន្លងទៅ ឥណ្ឌូណេស៊ី​បា​នប​ម្លែ​ង​អតីត​ជំរុំ​ជនភៀសខ្លួន​ដែល​គ្មាន​មនុស្ស​នៅលើ​កោះ​ស៊ូ​មាត្រា និង​ភូមិ​កីឡា​ទៅជា​កន្លែង​ព្យាបាល COVID-19៕

© រក្សាសិទ្ធិដោយ thmeythmey.com