COVID-19
កីឡាជាតិ
ជាតិ
​សហព័ន្ធ​អនុញ្ញាត​ឲ្យ​រៀប​កម្មវិធី​ប្រដាល់​ឡើងវិញ តែ​ក្នុង​លក្ខខណ្ឌ​បិទទ្វារ តាម​អនុសាសន៍​នាយករដ្ឋមន្ត្រី​
07, Apr 2020 , 4:09 pm        
រូបភាព
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ
ដោយ:
​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ អនុញ្ញាត​ឲ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់​បើក​សង្វៀន​ប្រដាល់​ឡើងវិញ ក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើកភ្លើង​បៃតង​។ ប៉ុន្តែ​ការប្រកួត​ត្រូវ​រៀបចំ​ដោយ​បិទទ្វារ និង​ស្ថិតក្រោម​ការ​រឹត​ដ្បិត​ផ្នែក​សុវត្ថិភាព​។

 
​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​នេះ បានសម្រេច​ឲ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់​បើក​សង្វៀន​ប្រដាល់​ឡើងវិញ ក្រោយ​សម្រាក​បាន​ប្រមាណ​ពីរ​សប្តាហ៍​។ ទោះបី​អនុញ្ញាត​ឲ្យ​បើក​សង្វៀន​ប្រដាល់​ឡើងវិញ​ក៏ពិតមែន តែ​ការប្រកួត​ត្រូវ​រៀបចំ​ដោយ​បិទទ្វារ ពោលគឺ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​នោះទេ​។ 
 
​ការសម្រេច​របស់លោក តែម ម៉ឺន ធ្វើឡើង​ក្រោយ​ការផ្តល់​អនុសាសន៍​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។ «​យើង​បាន​បញ្ឈប់​អា​ក្លិប​រាត្រី ខារ៉ាអូខេ​និង​ការប្រគំ​តន្ត្រី​តាម​ទីសាធារណៈ​ផ្សេងៗ ប៉ុន្តែ​យើង​អនុញ្ញាត​ឲ្យ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការប្រគំ​តន្ត្រី ឬ​ជា​កីឡាប្រដាល់ តែ​ត្រូវ​បិទទ្វារ​វ៉ៃ​គ្នា កុំ​ឲ្យ​មាន​ប្រជាពលរដ្ឋ​ចូល​ទស្សនា​។ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវ​ការមើល​ការប្រគំ​តន្ត្រី​និង​វាយ​បុក​កុំ​ឲ្យ​អផ្សុក​»​។ សម្តេច ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ​នា​សន្និសីទកាសែត​ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​។ 
 
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា សម្តេច​មិនបាន​បញ្ជា​ឲ្យ​បិទ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍​នោះទេ​។ សម្តេច​បានលើកឡើង​ដូច្នេះ​ថា​៖«​តាមពិត​យើង​មិន​ហាម​ឃាត​អា​រឿង​វាយ​បុក​(​ប្រដាល់​)​នោះទេ តែ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់ គាត់​សម្រេច​ធ្វើ​អា​នឹង​(​បិត​ប្រដាល់​)​។ ប៉ុន្តែ​វា​អត់​មាន​មនុស្ស​ច្រើន​ទេ បើ​វាយ​៥​គូ​មាន​មនុស្ស​១០​នាក់​..​មុននឹង​វ៉ៃ​បើ​អ្នកណា​មាន​កូ​វីដ​-១៩ គេ​មិន​ឲ្យ​វ៉ៃ​នោះទេ កុំទៅ​ឆ្ងល់​ពេក​។ អ្នក​ឲ្យ​ទឹក ពេទ្យ ចៅក្រម តែ​ប៉ុន្មាន​នាក់​នឹង និយាយ​ឲ្យ​អស់​ទៅ​៣០​នាក់ រួច​ឲ្យ​គាត់​អង្គុយ​ឃ្លាតៗ​គ្នា ហើយ​ផ្សាយ​ផ្ទាល់​ឲ្យ​ប្រជាពលរដ្ឋ​មើលទៅ​»​។​
 
​កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ ស្ថានីយទូរទស្សន៍​ចំនួន​៥​រួមមាន Bayon, PNN, CNCC, SEA TV និង Town បានដាក់​សំណើរ​ទៅ​សហព័ន្ធ ដើម្បី​សុំ​បើក​សង្វៀន​ប្រដាល់​ឡើងវិញ​។ ប៉ុន្តែ​ត្រូវបាន​សហព័ន្ធ​បដិសេធ ក្រោម​ហេតុផល​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​វីដ​-១៩​។ 
 
​ការដាក់សំណើរ​របស់​ស្ថានីយទូរទស្សន៍​ទាំងនេះ ធ្វើឡើង​ក្រោយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានប្រកាស​បិទ​សង្វៀន​ប្រដាល់​ទាំងអស់​ទូទាំងប្រទេស​កាល​ពីថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ក្រោម​ហេតុផល​បារម្ភ​ពី​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩៕  

Tag:
 ប្រដាល់​គុន​ខ្មែរ​
  តែម ម៉ឺន​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com