COVID-19
កីឡាជាតិ
ជាតិ
ក្រសួង​ស្នើ​ឲ្យ​ផ្អាក​លេង​កីឡា ឬ​ហាត់ប្រាណ​មាន​លក្ខណៈ​ប្រមូលផ្តុំ​នៅ​ទីលាន​សាធារណៈ និង​ឯកជន​
07, Apr 2020 , 7:19 pm        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន​និង​កីឡា ស្នើ​ឲ្យ​ផ្អាក​ការលេង​កីឡា ឬ​ហាត់ប្រាណ​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ នៅតាម​ទីលាន​សាធារណៈ ឬ​ឯកជន​ជា​បណ្តោះអាសន្ន ដោយសារ​បារម្ភ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​។​

 
«​ក្នុង​ស្មារតី​បង្កើន​ការចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ ក្រសួង​អប់រំ​យុវជន និង​កីឡា សូម​ស្នើ​ផ្អាក​លេង​កីឡា ឬ​ហាត់ប្រាណ​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​ជា​បណ្តោះអាសន្ន រហូតដល់​ស្ថានភាព​នៃ​ការរីក​រាលដាល​ត្រូវបាន​បញ្ចប់​»​។ នេះ​ជាការ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
 
​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពីពេល​កន្លងទៅ ក៏បាន​សម្រេច​ឲ្យ​ផ្អាក​ដំណើរការ​អាជីវកម្ម ក្លិប​ហាត់ប្រាណ និង​ការលេង​កីឡា ឬ​ហាត់ប្រាណ ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​លើសពី​១០​នាក់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយសារ​បញ្ហា​កូ​វីដ​-១៩ ផងដែរ​។ បន្ថែម​លើ​នេះ ក្រសួង​បានប្រកាស​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់ ក្រុម​ជម្រើសជាតិ​ថ្នាល និង​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀតផង​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ កម្ពុ​ជាមាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​១១៥​នាក់ ដោយ​ព្យាបាល​ជាសះស្បើយ​ចំនួន​៣៥​នាក់​៕   
 

Tag:
 ​ក្រសួង​អប់រំ​យុវជន និង​កីឡា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com