COVID-19
អន្តរជាតិ
WHO៖ ពិភពលោក ខ្វះខាត​គិលានុបដ្ឋាក​ចំនួន​៦​លាន​នាក់​
07, Apr 2020 , 7:39 pm        
រូបភាព
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​៦ ខែមេសា បាន​ព្រមាន​ពី​ការខ្វះខាត​ពេទ្យ ស្រប​ពេលដែល​ពិភពលោក​កំពុង​រួមរឹត​ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19)​។ ក្នុង​របាយការណ៍​រួមគ្នា​មួយ WHO អះអាងថា ពិភពលោក​ទាំងមូល​នៅ​ខ្វះខាត​គិលានុបដ្ឋាក​ដល់​ទៅជិត​៦​លាន​នាក់​ឯណោះ ខណៈ​ពួកគេ​ជា​អ្នក​ឈរ​ជួរមុខ​គេ​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ។​

 
​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ដៃគូ​មាន Nursing Now និង​ក្រុមប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិ បានចេញ​ផ្សាយ​របាយការណ៍​រួមគ្នា​ដោយបាន​បញ្ជាក់​ពី​សារសំខាន់​របស់​គិលានុបដ្ឋាក ដែលមាន​ចំនួន​សរុប​មាន​ច្រើនជាង​ពាក់កណ្ដាល​នៃ​គ្រូពេទ្យ​ទាំងអស់​។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានកត់សម្គាល់​ពី​តួនាទី​ដែល​មិនអាច​ខ្វះ​បាន​របស់​គ្រូពេទ្យ​ទាំងនេះ​ក្នុង​វិស័យ​សុខាភិបាល​។​
 
«​គិលានុបដ្ឋាក ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​នៃ​គ្រប់​ប្រព័ន្ធ​សុខាភិបាល​។​» លោក Tedros បញ្ជាក់​បែបនេះ​ដោយ​បន្តថា បច្ចុប្បន្ន គិលានុបដ្ឋាក​ទាំងអស់ នៅ​ជួរមុខ​ក្នុង​សមរភូមិ​ប្រឆាំង COVID-19 ហើយ​ពួកគេ​ពិតជា​ត្រូវការ​ជំនួយ​ចាំបាច់​ដើម្បី​រក្សា​ពិភពលោក​ឲ្យ​មាន​សុខភាព​ល្អ​។ 
 
​ក្នុង​របាយការណ៍​រួមគ្នា ចំនួន​គិលានុបដ្ឋាក​នៅលើ​ពិភពលោក​មាន​ក្រោម​២៨​លាន​នាក់​។ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ចំនួន​គិលានុបដ្ឋាក​បាន​កើន​ប្រមាណ​៤,៧​លាន​នាក់​។ យ៉ាងណាមិញ WHO អះអាងថា ចំនួន​គិលានុបដ្ឋាក​នៅ​ខ្វះខាត​ចំនួន​៥,៩​លាន​នាក់​ទៀត ខណៈ​គម្លាត​មាន​យ៉ាង​ធំ​នៅ​បណ្ដា​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និង​អាមេរិក​ឡាទីន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អ្នកស្រី Mary Watkins សហប្រធាន​មកពី Nursing Now ដែល​សរសេរ​របាយការណ៍​នេះ បានស្នើ​ឲ្យ​មានការ​វិនិយោគ​បន្ទាន់​លើ​ការធ្វើ​តេស្ត​រក​វីរុស​ស​ម្រា​ប់​បុគ្គលិក​សុខាភិបាល​។ បើតាម​អ្នកស្រី Watkins គ្រូពេទ្យ​ជាច្រើន មិន​ទៅធ្វើ​ការ​ឡើយ ព្រោះ​បារម្ភ​ថា ពួកគេ​ឆ្លង COVID-19 ឬក៏​មិនដឹងថា មាន​វីរុស​ក្នុង​ខ្លួន​ឬ​យ៉ាងណា​។ 
 
​ក្រៅពី​រឿង COVID-19  មន្ត្រី Nursing Now ក៏​លើកឡើងថា ប្រទេស​អ្នកមាន​ជាច្រើន មិនបាន​បង្កើន​ចំនួន​គិលានុបដ្ឋាក​ដើម្បី​បំពេញតម្រូវការ​របស់​ខ្លួន ហើយ​ពឹង​ផ្អែកលើ​ប្រទេស​ផ្សេង​ដើម្បី​នាំចូល​គ្រូពេទ្យ​បន្ថែម​ដូចជា​មកពី​ឥណ្ឌា និង​ហ្វីលីពីន​។ លើសពីនោះ គិលានុបដ្ឋាក​ជាច្រើន នៅតែមាន​ភាគរយ​ច្រើន​ជា​ស្ត្រី ដែល​ការណ៍​នេះ​តម្រូវ​ឲ្យ​មានការ​រើស​បុរស​បន្ថែមទៀត​៕ 

Tag:
 WHO
  គិលានុបដ្ឋាក​
© រក្សាសិទ្ធិដោយ thmeythmey.com