COVID-19
អន្តរជាតិ
សិង្ហ​បុរី នឹង​បង្កើត​ច្បាប់​ពិសេស​ដើម្បី​អាច​រៀបចំ​ការបោះឆ្នោត​អំឡុងពេល COVID-19
07, Apr 2020 , 9:39 pm        
រូបភាព
រូបភាព៖ ST FILE
រូបភាព៖ ST FILE
​នា​ថ្ងៃទី​៧ ខែមេសា សំណើ​ច្បាប់បោះឆ្នោត​ពិសេស​របស់​សិង្ហ​បុរី ត្រូវបាន​គេ​ដាក់​បញ្ជូនទៅ​សភា​ជា​លើកដំបូង ដើម្បី​ពិភាក្សា​ពី​នីតិវិធី​នៃ​ការបោះឆ្នោត ក្នុងអំឡុងពេល​រាតត្បាត​នៃ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។


 
​សំណើ​ច្បាប់ ស្តីពី​ការ​ការបោះឆ្នោត​សភា​ក្នុង​កាលៈទេសៈ COVID-19 ត្រូវបាន​រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម លោក Chan Chun Sing ដាក់ជូនទៅ​សភា​នា​ថ្ងៃទី​៧ មេសា ដើម្បី​ជជែក​ពិភាក្សា​ជុំវិញ​នីតិវិធី​នៃ​ការបោះឆ្នោត ក្នុងពេល​ផ្ទុះ COVID-19​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia សំណើ​ច្បាប់​ថ្មី​នេះ ក៏បាន​ចែង​ពី​វិធានការ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន សម្រាប់​ការ​ការបោះឆ្នោត​ដែល​ត្រូវ​រៀបចំឡើង​ឲ្យ​បាន​មុន​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ជា​កំហិត​។ ប៉ុន្តែ ច្បាប់​ថ្មី​នេះ នឹង​ប្រើ​សម្រាប់តែ​ការបោះឆ្នោត​នា​អាណត្តិ​ក្រោយ​តែប៉ុណ្ណោះ ហើយ​ការបោះឆ្នោត​ផ្សេងទៀត នឹងមិន​ត្រូវយក​ច្បាប់​នេះ​មក​អនុវត្ត​ឡើយ​។ 
 
​បើតាម​សំណើ​ច្បាប់​ស្តីពី​ការ​ការបោះឆ្នោត​សភា​ក្នុង​កាលៈទេសៈ COVID-19 អ្នក​គ្រប់​អាយុ​បោះឆ្នោត​ទាំងអស់ នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញពីផ្ទះ ដើម្បី​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​របស់ខ្លួន បើទោះបីជា​ស្ថិតក្នុង​បំរាម​គោចរ​ក៏ដោយ​។ ចំណែក​បុគ្គល​ផ្សេងទៀត ដែល​កំពុង​ដាក់​ច​ត្តា​ឡី​ស័ក ឬ​មាន​ផ្ទុក​COVID-19 អាច​ប្រគល់​សិទ្ធិ​ឲ្យ​អ្នកតំណាង​ម្នាក់ បោះឆ្នោត​ជំនួស​បាន​។ 
​សំណើ​ច្បាប់​ថ្មី​នេះ ត្រូវគេ​រំពឹងថា នឹង​យកទៅ​ពិភាក្សា​ជា​លើក​ទី​ពីរ​ក្នុង​ការប្រជុំ​សភា​នាពេលខាងមុខ​។ 
 
​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ជុំវិញ​គម្រោង​ច្បាប់​មួយ​នេះ លោក Chan បាន​បញ្ជាក់ថា សំណើ​ច្បាប់​មួយ​នេះ បានអនុញ្ញាត​ឲ្យ​នាយកដ្ឋាន​រៀបចំ​ការបោះឆ្នោត (ELD) មាន​សិទ្ធិ​រៀបចំ​បណ្តោះអាសន្ន​មួយ ដើម្បី​ធានា​ពី​សុ​វត្តិភាព​របស់​អ្នកបោះឆ្នោត បេក្ខជន​បោះឆ្នោត និង​មន្ត្រី​សង្កេតការណ៍​ក្នុងការ​បោះឆ្នោត​ជាដើម​។ 
 
​សូមបញ្ជាក់ថា នាពេល​កន្លងមក នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ក៏បាន​លើកឡើង​ពី​ជម្រើស​ពីរ ក្នុង​ការរៀបចំ​បោះឆ្នោត​គ្រា​ដែល COVID-19 កំពុង​អុកឡុក​នៅឡើយ​។ ទីមួយ គឺ​រៀបចំ​ក្រោយ​ស្ថានភាព​COVID-19 បាន​ចប់សព្វគ្រប់ និង​មួយទៀត ក្នុងអំឡុងពេល​មាន COVID-19​។ 
 
​គិត​មក​ត្រឹម​ពេលនេះ សិង្ហ​បុរី​មាន​ករណី COVID-19 សរុប ១៣៧៥​ករណី អ្នកស្លាប់ ៦​ករណី និង​អ្នកជា​សះស្បើយ​៣ ៤៤​ករណី​៕

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com