COVID-19
ជាតិ
នាយករដ្ឋមន្ត្រី៖ កូវីដ-១៩ ធ្វើឲ្យទេសចរណ៍ និងឧស្សាហកម្ម ជួបវិបត្តិ តែជាឱកាសសម្រាប់កសិកម្ម
× ភ្នំពេញ៖ ក្នុងស្ថានភាពប្រទេសជាតិ កំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ (COVID-19) សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋដាំបន្លែ និងចិញ្ចឹមសត្វនានា ដើម្បីផ្គត់ផ្គង់តម្រូវទីផ្សារក្នុងស្រុក។ សម្តេច បានអះអាងថា ការដាំបន្លែ និងការចិញ្ចឹមសត្វ គឺជាឱកាសរបស់កសិករ ខណៈដែលផលិតផលកសិកម្មខាងក្រៅប្រទេសមិនអាចនាំចូលបាន។
ក្នុងសន្និសីទកាសែតស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ ថ្វីដ្បិតធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម នៅកម្ពុជា ប៉ុន្តែវិបត្តិនេះមិនធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្មនោះទេ។ ផ្ទុយទៅវិញ កលានុវត្តភាព គឺមានសម្រាប់វិស័យកសិកម្ម ដែលតម្រូវឲ្យប្រជាជនដាំដុះផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារ។
សម្តេច មានប្រសាសន៍ដូច្នេះថា៖«យើងប្រើប្រាស់ឱកាសដ៏លំបាកនេះ ក្លាយទៅជាកលានុវត្តភាពសម្រាប់វិស័យកសិកម្មរបស់កម្ពុជា ដែលមានកំណើនយឺតក្នុងរយៈពេលកន្លងទៅ»។
ក្នុងមួយឆ្នាំៗកម្ពុជាបានចំណាយថវិកាមិនក្រោម២០០លានដុល្លារឡើយ ដើម្បីនាំចូលបន្លែ និង ផ្លែឈើពីប្រទេសជិតខាង។ ក្នុងនោះ កម្ពុជាបាននាំបន្លែពី២០០ទៅ៤០០តោនក្នុងមួយថ្ងៃៗ ពីវៀតណាម ដើម្បីបំពេញតម្រូវការក្នុងស្រុកសរុបជាង១ពាន់តោន។ ទន្ទឹមនឹងការនាំចូលពីវៀតណាមដ៏ច្រើនប្រចាំថ្ងៃបែបនេះ ប្រជាពលរដ្ឋកម្ពុជា បានសម្តែងការព្រួយបារម្ភជាខ្លាំងពីសំណល់ថ្នាំពុលកសិកម្មគីមី នៅក្នុងបន្លែទាំងនោះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។
បច្ចុប្បន្ន កម្ពុជាអាចផ្គត់ផ្គង់បន្លែក្នុងស្រុកជាមធ្យម ពី៥០០ទៅ៦០០តោនក្នុងមួយថ្ងៃ។ ក្នុងនោះមាន បន្លែសុវត្ថិភាព២០ទៅ៣០ភាគរយ និងមាន១០ភាគរយ ជាបន្លែសរីរាង្គ។
សូមបញ្ជាក់ ដើម្បីជៀសវាងការខ្វះខ្វាតស្បៀងក្នុងស្រុក រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកនាំចេញអង្ករស ស្រូវ និង ត្រី ទៅក្រៅប្រទេស។ ប្រមុខរដ្ឋាភិបាល អំពាវនាវឲ្យថៅកែរោងម៉ាស៊ីនកិនស្រូវ ដើរប្រមូលទិញស្រូវពីប្រជាកសិករ ដោយរក្សាតម្លៃឲ្យបានសមរម្យ។ ជាមួយគ្នានេះ រដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកា សម្រាប់ទិញអង្ករពីរោងម៉ាស៊ីនកិនស្រូវ៕
Tag:
COVID-19
ដាំបន្លែ
ចិញ្ចឹមសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com