COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អា​បេ ប្រកាស​ដាក់​តូ​ក្យូ និង​ខេត្ត​-​ក្រុង​៦​ទៀត ក្នុង​ភាពអាសន្ន
07, Apr 2020 , 5:00 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រី ជប៉ុន ស៊ីនហ្សូ អាបេ។ រូបថត AFP
លោកនាយករដ្ឋមន្ត្រី ជប៉ុន ស៊ីនហ្សូ អាបេ។ រូបថត AFP
នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​៧ ខែមេសា បានប្រកាស​ដាក់​ជប៉ុន ក្នុង​ភាពអាសន្ន ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ បន្ថែម​ពីលើ​នេះ ជប៉ុន​ក៏បាន​បញ្ចេញ​ទឹកប្រាក់​គាំទ្រ​សេដ្ឋកិច្ច​ជិត ១​ទ្រី​លាន​ដុល្លារ​ផងដែរ​។



​តាម​សេចក្តីប្រកាស​មួយ លោក​ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន បានប្រកាសថា ភាពអាសន្ន មានគោលដៅ​លើផ្នែកខ្លះ មិនមែនជប៉ុនទាំងមូលឡើយ​។ តំបន់ ដែល​ស្ថិតក្នុង​ភាពអាសន្ន​នេះ រួមមាន​ទីក្រុង​តូ​ក្យូ ទីក្រុង​អូ​សា​កា និង​ខេត្ត​ចំនួន ៥​ផ្សេងទៀត​របស់​ជប៉ុន​។ បើ​ធៀប​ទៅនឹង​ចំនួន​ប្រជាជន​ជប៉ុន​សរុប គឺ​ស្មើនឹង ៤៤​ភាគរយ​។ បើសិន​គ្មាន​ការប្រែប្រួល​ទេ ការដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​នេះ នឹង​ធ្វើឡើង​រយៈពេល ១​ខែ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Kyodo​។

នេះ​គឺជា​ការប្រកាសអាសន្ន​លើកទីមួយ​ជប៉ុន ដែល​អាច​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាជន​។ យ៉ាងណាក៏ដោយ ការប្រកាសអាសន្ន​នេះ គឺ​មិន​តឹងរឹង​ដូច​ចិន ឬ​បារាំង​ខ្លាំងពេក​ទេ ព្រោះ​វា​គ្មាន​ការដាក់ពិន័យ​ទៅលើ​ប្រជាពលរដ្ឋ​ជប៉ុន​។ ម្យ៉ាង​អភិបាលក្រុង ឬ​អាជ្ញា​ធរមាន​សិទ្ធិ​ត្រឹមតែ​អំពាវនាវ​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ និង​ឲ្យ​ជំនួញ​មួយចំនួន បិទ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ការចាប់​បង្ខំ​ឲ្យ​គោរព អាច​នឹង​ធ្វើឡើង​នៅពេល​ក្រោយ ប្រសិនបើ​ប្រជាជន​នៅតែ​មិន​គោរព​។

ថ្លែង​នៅក្នុង​សភា លោក​អា​បេ បាន​លើក​ឡើយ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បានសម្រេច​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ដោយសារ​យើង​ឈានដល់​ចំណុច ជំងឺឆ្លង​បាន​រាតត្បាត​លឿង និង​សាយភាយ​នៅ​ទូទាំងប្រទេស និង​កំពុង​គំរាមកំហែង​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច​»​។

បន្ថែម​ពីលើ​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន រដ្ឋាភិបាល​ជប៉ុន ក៏បាន​បញ្ចេញ​កញ្ចប់​ថ​វិការ​គាំទ្រ​ប្រមាណ​ជា ៩៩០​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង ២០​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​សរុប​របស់​ជ​ប៉ុន ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​កំពុងតែ​រងគ្រោះ​ដោយសារ COVID-19​។

សូមបញ្ជាក់ថា គិត​មកទល់ពេលនេះ ជប៉ុន​មាន​ករណី COVID-19 សរុប ៤១១១​ករណី អ្នកស្លាប់ ៩៧​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៥១៤​ករណី​។ ទីក្រុង​តូ​ក្យូ​មាន​ចំនួន​អ្នក​ឆ្លង​ច្រើនជាងគេ​នៅ​ជប៉ុន រហូតដល់​ប្រមាណ​ជា ១២០០​ករណី​៕


© រក្សាសិទ្ធិដោយ thmeythmey.com