COVID-19
អន្តរជាតិ
កាតព្វកិច្ច និង​ភាពភ័យខ្លាច តាម​លង​អ្នក​គ្រូពេទ្យ​អ៊ីតាលី​ដែល​ប្រឆាំង​COVID-19
07, Apr 2020 , 10:19 pm        
រូបភាព
អ្នកគ្រូពេទ្យ និងកូនស្រី (Reuters)
អ្នកគ្រូពេទ្យ និងកូនស្រី (Reuters)
ដោយ:
​អ្នកគ្រូ​ពេទ្យ​អ៊ីតាលី Cecilia Bartalena ដែល​នៅ​ជួរមុខ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 កំពុង​រស់នៅក្នុង​ភាព​ហែកហួរ​រវាង​ពាក្យសម្បថ​ដែល​នាង​នឹង​មើលថែ​ព្យាបាល​អ្នកជំងឺ និង​ភាពភ័យខ្លាច​ដែល​នាង​នឹង​អាច​ចម្លងជំងឺ​នេះ​ទៅកាន់​មនុស្ស​ដែល​នាង​ស្រលាញ់​។

 
​មាន​វ័យ​៣៥​ឆ្នាំ អ្នកគ្រូ​ពេទ្យ​រូបនេះ​បម្រើ​ការងារ​នៅ​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ Cisanello ទីក្រុង Pisa ប្រទេស​អ៊ីតាលី​។ អ្នកគ្រូ​ពេទ្យ មិនមាន​អារម្មណ៍​ថា​ខ្លួនឯង​ជា​វីរជន​អ្វី​ឡើយ ទោះបី​នាង​សប្បាយចិត្ត​ដែល​ប្រជាជន​អ៊ីតាលី​បាន​ហៅ​នាង​និង​សហការី​នាង​បែបនេះ​។ ម្យ៉ាងទៀត អ្នកគ្រូ​ពេទ្យ​និយាយ​ត្រង់ៗ​ថា នាង​ពិត​ជាមាន​អារម្មណ៍​ភ័យខ្លាច​។ 
 
​រាល់ពេល​អ្នកគ្រូ​ពេទ្យ​ចូល​បន្ទប់​អ្នកជំងឺ COVID-19 ដែល​បិទ​ខ្ទប់​ជិត​ពី​មន្ទីរពេទ្យ​ទាំងមូល អ្នកគ្រូ​ពេទ្យ​សួរ​ខ្លួនឯង​ថា​៖«​ហេតុអ្វី​ខ្ញុំ​ធ្វើបែបនេះ​? ចម្លើយ​លឿន​បំផុត​គឺថា វា​ច្បាស់​ជា​ពុំមែន​ដើម្បី​លុយ​ហើយ​»​។ អ្នកគ្រូ​ពេទ្យ​និយាយ​បែបនេះ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ជីវិត​នៅផ្ទះ​របស់​នាង ដែល​បង្កើតឡើង​សម្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ហើយ​ថត​ផ្ទាល់​ដោយ​ប្ដី​អ្នក​គ្រូពេទ្យ​។​
 
​តាម​វីដេអូ​ដដែល អ្នកគ្រូ​ពេទ្យ Bartalena សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្វើ​រឿងនេះ​សម្រាប់​អ្នកជំងឺ ព្រោះថា​ពួកគេ​គ្មាន​ជម្រើស​អ្វី​។ ហេតុផល​តែមួយគត់​ដែល​ខ្ញុំ​ធ្វើបែបនេះ​គឺ​សម្រាប់​អ្នកជំងឺ និង​សហការី​ខ្ញុំ​ដទៃទៀត​ទាំងអស់​។ យើង​ពុំមែន​ជា​វីរជន​អ្វី​ទេ ហើយ​យើង​ក៏​ចេះ​ខ្លាច​ដែរ​»​។  


អ្នកគ្រូពេទ្យអ៊ីតាលី Cecilia Bartalena (Reuters)
 
​ទន្ទឹមនេះ អ្នកគ្រូ​ពេទ្យ Bartalena និយាយថា ភាពភ័យខ្លាច​តាម​លងបន្លាច​នាង​ដល់​អា​ផេ​ត​មិនតូច ដែល​នាង​រស់នៅ​ជាមួយ​ប្ដី​នាង អាយុ ៣៧​ឆ្នាំ និង​កូនស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ឈ្មោះថា Petra ។ អ្នកគ្រូ​ពេទ្យ និយាយ​ទាំង​អួល​ដើម​«​ក​»​ថា​៖«​ប្រសិនបើ​កូន Petra ឱប​ខ្ញុំ ជា​ម្ដាយ​ខ្ញុំ​ភ័យខ្លាច​ថា ក្រោយ​១៥​ថ្ងៃ នាង​អាច​ធ្លាក់ខ្លួន​ឈឺ ឬ​ប្រសិនបើ​ខ្ញុំ​ស្ដាប់ឮ​ប្តី​ខ្ញុំ​ក្អក​នោះ ខ្ញុំ​តែង​គិតថា នេះ​ជា​កំហុស​ខ្ញុំ​។ ដូច្នេះហើយ ខ្ញុំ​ត្រូវតែ​ព្យាយាម​គិត​ក្នុងន័យ​ល្អ​ដោយ​ប្រាប់​ខ្លួនឯង​ថា អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​រួម​»​។ 
 
​ភាពភ័យខ្លាច​ដែល​នាង​អាច​ចម្លងជំងឺ​COVID-19​ទៅ​អ្នកផ្សេង នៅ​បន្ត​តាម​លងបន្លាច​នាង​ជានិច្ច ទោះបីជា​នាង​បាន​អនុវត្ត​វិធានការ​បង្ការ​ទុកជាមុន ដូចជា ការ​គេង​នៅ​បន្ទប់​ដាច់ដោយឡែក​, ប្រើប្រាស់​បន្ទប់ទឹក​ដោយ​ឡែក និង​បរិភោគ​អាហារ​ដាច់ដោយឡែក  ជាដើម​។  
 
«​ខ្ញុំ មាន​អារម្មណ៍​កខ្វក់ ដូច្នេះហើយ​ខ្ញុំ​មាន​ទំនុកចិត្ត​ជួប​មនុស្ស​ដទៃ​ឡើយ​។ ប្រសិនបើ​ខ្ញុំ​ជួប​នរណាម្នាក់​នៅតាម​ដង​ផ្លូវ ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​។ ប្រសិនបើ​ខ្ញុំ​ជួយ​អ្នកជិតខាង ខណៈ​ដើរ​ចុះ​ជណ្ដើរ​នោះ ខ្ញុំ​រត់​ចេញពី​ពួកគេ​»​។ អ្នកគ្រូ Bartalena និយាយ​ដូច្នេះ​។​
 
​សូម​ញ្ជា​ក់ថា គិត​ត្រឹម​ថ្ងៃ ៧ ខែមេសា ប្រទេស អ៊ីតាលី មាន​ករណី​ឆ្លង COVID-19 សរុប​ជាង​១៣​ម៉ឺ​នាក់​ករណី ក្នុងនោះ​ជាសះស្បើយ​មាន​ជាង​២,២៨​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់មាន​ជាង​១,៦៥​ម៉ឺន​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន​តួលេខ​អ្នកជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក​៕

Tag:
 អ៊ីតាលី​
  COVID-19
  Cecilia Bartalena
  គ្រូពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com