ជាតិ
Covid-19៖ កម្ពុជាមានអ្នកជាសះស្បើយ៥នាក់បន្ថែម តែរកឃើញករណីថ្មី២ទៀត រូបភាព៖ AFP
× ភ្នំពេញ៖ កម្ពុជាបានព្យាបាលអ្នកឆ្លងកូវីដ-១៩ ចំនួន ៥នាក់ទៀតហើយ សរុបអ្នកជាសះស្បើយមានចំនួន ៦៣នាក់។ ទន្ទឹមនឹងនេះក្រសួងសុខាភិបាល ក៏បានប្រកាសថាបានរកឃើញករណីវិជ្ជមានថ្មី ២ករណី បន្ថែមទៀតដែរ សរុបករណីឆ្លងសរុបចំនួន ១១៧ករណី។
ក្រសួងសុខាភិបាលនៅថ្ងៃទី៨ ខែមេសានេះ បានប្រកាសថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា ឲ្យជាសះស្បើយចំនួន៥នាក់បន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកជាសរុបមានចំនួន ៦៣ករណី។ អ្នកសះស្បើយទាំង៥នាក់ មានបុរសជនជាតិបារាំងអាយុ ៦៣ឆ្នាំម្នាក់ និងអាយុ៦៧ឆ្នាំម្នាក់នៅខេត្តព្រះសីហនុ។ បុរសខ្មែរ ១នាក់ និងស្ត្រីខ្មែរ១នាក់ នៅរាជធានីភ្នំពេញ និងបុរសខ្មែរ១នាក់ទៀត នៅច្រកព្រំដែនប៉ោយប៉ែត។
ក្រសួង ក៏បានរកឃើញករណីវិជ្ជមានថ្មី នៃកូវីដ-១៩ ចំនួន២បន្ថែមទៀត គឺលើប្តីប្រពន្ធខ្មែរ រស់នៅខណ្ឌជ្រោយចង្វារ ដែលស្ត្រីភរិយាអាយុ៤៥ឆ្នាំ និងស្វាមីអាយុ៤៧ឆ្នាំ។ បច្ចុប្បន្នអ្នកទាំង២ ត្រូវបានដាក់ឲ្យសម្រាកព្យបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ បើតាមក្រសួងសុខាភិបាល ជនជាតិខ្មែរប្តីប្រព្ធនេះ ទំនងឆ្លងពីមិត្តភក្តិជនជាតិចិន ដែលឧស្សាហ៍ធ្វើដំណើរឡើងចុះក្រៅប្រទេស និងបានចូលមកកម្ពុជានៅថ្ងៃទី២០មីនា ហើយក៏បានចាកចេញពីកម្ពុជាវិញ នៅថ្ងៃទី៣មេសា។ ហើយបុរសជនជាតិរូបនេះ ក៏មានតេស្តវិជ្ជមានកូវីដ-19 នៅឯប្រទេសចិន។ បុរសជនជាតិចិននេះ គឺជាមិត្តភក្តិស្ត្រីទេសចរជនជាតិវៀតណាមដែលមានវិជ្ជមានកូវីដ-១៩ ហើយដែលក្រសួង បានប្រកាសកាលពីថ្ងៃទី៧ មេសានោះ។ គិតត្រឹមថ្ងៃទី៨ ខែមេសានេះកម្ពុជា មានករណីឆ្លងសរុប ១១៧ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com