COVID-19
អន្តរជាតិ
លោក ត្រាំ គំរាម​កាត់​ជំនួយ​ឲ្យ WHO ដោយ​ចោទថា លំអៀង​រក​ចិន
08, Apr 2020 , 2:03 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែមេសា បាន​ព្រមាន​កាត់ផ្ដាច់​ជំនួយ​របស់​អាមេរិក​សម្រាប់​អង្គការ​សុខភាព​ពិភពលោក (WHO) ដោយ​ចោទថា ទោរទន់​ទៅរក​ចិន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​ផ្លូវដង្ហើម COVID-19 មុនគេ​។ បច្ចុប្បន្ន ស្ថានការណ៍​នៅ​ចិន​កាន់តែ​ធូរស្រាល​ខ្លាំង ដោយ​ទីក្រុង​វូ​ហាន លែងមាន​បម្រាម​ធ្វើ​ចរាចរណ៍​ទៀតហើយ ខណៈ​នៅ​អាមេរិក​វិញ​កាន់តែ​យ៉ាប់យ៉ឺន​។ បើតាម​លោក ត្រាំ WHO គួរ​ចេញ​បម្រាម​ធ្វើដំណើរ​ឲ្យ​លឿន ទើប​វីរុស​មិនអាច​រាលដាល​ដូច​បច្ចុប្បន្ន​។​

 
​អង្គការ​សុខភាព​ពិភពលោក បាន​ក្លាយជា​មុខសញ្ញា​រិះគន់​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​ឈឺក្បាល​ក្នុងស្ថានភាព COVID-19 ក្នុងស្រុក​ដែល​កាន់តែ​អាក្រក់​ទៅៗ​។ ត្រឹម​២៤​ម៉ោង អាមេរិក​មាន​ករណី​ស្លាប់​ជិត​ពីរពាន់​នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​នៅ​ប្រទេស​មាន​ដល់​ទៅជិត​១៣០០០​នាក់ ហើយ​ករណី​ឆ្លង​ទូទាំងប្រទេស​វិញ​កើន​ដល់​ជាង​បួន​សែន​នាក់​ទៅហើយ គិត​ត្រឹម​ថ្ងៃទី​៧ ខែមេសា​។ 
 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហាក់​ចោទ WHO ថា មាន​ចំណែក​ធ្វើ​ឲ្យ​វីរុស​រាលដាល​ស្ទើរ​គ្រប់​ប្រទេស​លើ​ពិភពលោក​បែបនេះ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៧ ខែមេសា លោក ត្រាំ ក៏​គំរាម​លែង​ផ្ដល់​វិភាគទាន​របស់​អាមេរិក​សម្រាប់​អង្គការ​នេះ​ទៀតផង ដោយ​លើកឡើងថា លំអៀង​រក​ចិន​ពាក់ព័ន្ធ​ការ​រឹតត្បិត​ការធ្វើដំណើរ​។ អាមេរិក ជា​ម្ចាស់​វិភាគទាន​ធំជាងគេ​របស់ WHO ហើយ​ការ​កាត់​ជំនួយ​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​អង្គការ​ខាង​សុខាភិបាល​នេះ​។ ប៉ុន្តែ​លោក ត្រាំ មិនបាន​បញ្ជាក់​ពី​ទឹកប្រាក់​ដែល​អាមេរិក​លែង​ឲ្យ WHO ឡើយ​។​
 
«​ពួកគេ​គឺ​ខុស​។ ពួកគេ​គួរតែ​ប្រកាស​ឲ្យ​បាន​មុន​មួយខែ​។​» លោក ត្រាំ ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ ដោយ​សំដៅ​ដល់​ការព្រមាន​របស់ WHO លើ​ការហាម​ប្រាម​ការធ្វើដំណើ​រ​អំឡុង​ពេលដែល COVID-19 ចាប់ផ្ដើម​សាយភាយ​ខ្លាំង​នោះ​។ កាលនោះ WHO ក៏​រង​ការរិះគន់​មិនតិច​ដែរ​ពី​ប្រទេស​ជាច្រើន ដោយ​ប្រទេស​ខ្លះ​និយាយថា អង្គការ​នេះ​មិនបាន​ប្រកាស​ពី​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ឲ្យ​បាន​លឿន ព្រោះ​ខ្លាច​ប៉ះពាល់​ចិន​។ 
 
​ពាក់ព័ន្ធ​រឿងនេះ លោក ត្រាំ ក៏​ធ្លាប់​រិះគន់​ចិន​ចំៗ​ដោយ​ថា មិន​បញ្ចេញ​ព័ត៌មាន​ឲ្យ​បាន​លឿន ហើយ​ផ្ដល់​តួលេខ​គួរ​ឲ្យ​សង្ស័យ​លើ​ករណី​ឆ្លង​ផងដែរ​។ ចិន​ផ្ទាល់ ក៏​រង​ការរិះគន់​ទៀតថា មិន​ដោះស្រាយ​ជំងឺ​នេះ​ឲ្យ​បាន​សមស្រប​នៅ​ដំណាក់កាល​ដំបូង និង​ទុក​ឲ្យ​ស្ថានការណ៍​រាលដាល​ខ្លាំង​រហូត​ប្រទេស​ជាច្រើន​ឆ្លង COVID-19 បែបនេះ​។ 
 
​ស្របពេល​ស្ថានការណ៍​អាមេរិក និង​អឺរ៉ុប​នៅតែ​មិនទាន់​ធូរស្រាល ចិន​ឯណោះ​វិញ បាន​លើក​បម្រាម​បិទ​ទីក្រុង​វូ​ហាន​ដែលជា​ទីតាំង​មាន​ករណី​ឆ្លង​មុនគេ​។ មនុស្សម្នា​ជាច្រើន​ដែល​ជាប់​ក្នុង​ទីក្រុង​នេះ​តាំងពី​ថ្ងៃទី​២៣ ខែមករា​មក បានចាប់ផ្ដើម​ចាកចេញ​ពី​ទីក្រុង​នេះ ខណៈដែល​ប្រព័ន្ធ​ដឹកជញ្ជូន​ភាគច្រើន​ដំណើរការ​ឡើងវិញ​៕ 

Tag:
 អាមេរិក​
  ចិន​
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com