COVID-19
កីឡាជាតិ
ជាតិ
រឿង សោ​ភ័​ណ្ឌ យកលុយ​បាន​ពី​ប្រដាល់ ទៅ​ទិញ​អង្ករ និង​សម្ភារ ចែក​ពលរដ្ឋ​ក្រីក្រ​នៅ​កំពង់ស្ពឺ​
08, Apr 2020 , 3:23 pm        
រូបភាព
សកម្មភាពកីឡាករ រឿង សោភ័ណ្ឌ ចែកអំណោយជូនពលរដ្ឋជួបទុក្ខលំបាកនៅឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
សកម្មភាពកីឡាករ រឿង សោភ័ណ្ឌ ចែកអំណោយជូនពលរដ្ឋជួបទុក្ខលំបាកនៅឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ដោយ:
​អ្នកលេង​គុន​ខ្មែរ​ជួរមុខ​កម្ពុជា​កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​នាំយក​អង្ករ និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ទៅ​ចែកជូន​ពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​១០០​គ្រួសារ​នៅ​ខេត្តកំពង់ស្ពឺ​។ សោ​ភ័​ណ្ឌ រំពឹងថា ជំនួយ​របស់ខ្លួន​នឹង​អាចជួយ​ដោះស្រាយ​ជីវភាព​ពលរដ្ឋ​បាន​មួយរយៈ​ក្នុងអំឡុងពេល​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​(​កូ​វីដ​-១៩)​។

 
​ដោយ​ធ្លាប់​ឆ្លងកាត់​ភាពក្រីក្រ ធ្វើ​ឲ្យ​កីឡាករ រឿង សោ​ភ័​ណ្ឌ មានការ​យល់ដឹង​ច្រើន​ពី​សុខទុក្ខ​របស់​ពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ក្នុងអំឡុងពេល​ជួប​វិបត្តិ​។ កត្តា​នេះ បាន​ជំរុញ​ឲ្យ​អ្នកលេង​គុន​ខ្មែរ​ជួរមុខ​កម្ពុជា​រូបនេះ ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​សម្ភារ​ចែកជូន​ពលរដ្ឋ​តាម​បណ្តា​ខេត្ត​នានា ដែលមាន​ជីវភាព​ខ្វះខាត ក្នុងន័យ​រួមចំណែក​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​ទាំងនោះ​។ 
 
​ជាក់ស្តែង​កាលពី​ថ្ងៃទី​៥ មេសា ឆ្នាំ​២០២០ កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដែល​បានមកពី​ការឡើង​សង្វៀន​ប្រដាល់​ទិញ​អង្គរ និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ចែកជូន​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​១០០​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​វ​ល្លិ៍​ស ស្រុង​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
 
​បើតាម សោ​ភ័​ណ្ឌ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​១០​គីឡូក្រាម មី​២៥​កញ្ចប់ ត្រីខ​១​យួរ និង​ទឹកត្រី​១​យួរ​។ តែ​យ៉ាងណា កីឡាករ​រូបនេះ មិនបាន​ប្រាប់​ពី​ចំនួន​ថវិកា ដែល​បាន​ចំណាយ​លើ​ការទិញ​សម្ភារ​ទាំងនេះ​នោះទេ គ្រាន់តែ​បញ្ជាក់ថា ថវិកា​ទិញ​សម្ភារ​ទាំងនេះ ក៏មាន​ការរួមចំណែក​តិចតួច​ពី​សប្បុរសជន​ផងដែរ​។ 
 
​ការ​ធ្លាប់​ឆ្លងកាត់​ការរស់នៅ​ក្នុងស្ថានភាព​ក្រលំបាក គឺ​ហេតុផល​តែមួយគត់​ដែល​ជំរុញ​ឲ្យ​កីឡាករ រឿង សោ​ភ័​ណ្ឌ ធ្វើបែបនេះ​។ ក្នុង​បទ​សម្ភាសា​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​កីឡាករ​រូបនេះ​បាន​បញ្ជាក់ថា​៖«​ដោយសារ​ខ្ញុំ​ធ្លាប់​ក្របង ខ្ញុំ​ដឹងថា អ្នកក្រ​គាត់​ជួប​ទុក្ខលំបាក​អ្វីខ្លះ​»​។ 
 
​សម្រាប់​កីឡាករ រឿង សោ​ភ័​ណ្ឌ ទោះបី​ជំនួយ​នេះ​មាន​ចំនួន​តិចតួច តែ​រូបគេ​សប្បាយចិត្ត ដែល​បានរួម​ចំណែក​ជួយ​ពលរដ្ឋ​ក្នុងអំឡុងពេល​ពួកគេ​ជួប​ទុក្ខលំបាក​។ «​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ជួយ​បងប្អូន​ដែល​ជួប​ទុក្ខលំបាក ជា​ចុងក្រោយ​សូម​ជូនពរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ឲ្យ​ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩ និង​សូម​រក្សា​អនាម័យ​ទាំងអស់គ្នា​»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍​របស់​កីឡាករ រឿង សោ​ភ័​ណ្ឌ ក្រោយ​យក​អំណោយ​ចែកជូន​ពលរដ្ឋ​ជួប​ទុក្ខលំបាក​រួច​៕    

Tag:
 ប្រដាល់​គុន​ខ្មែរ​
  រឿង សោ​ភ័​ណ្ឌ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com