COVID-19
អន្តរជាតិ
ថៃ អំពាវនាវ​ឲ្យ​យុវជន​កុំទៅ​លេង​ឬ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ចាស់​អំឡុងពេល​ចូលឆ្នាំ​
08, Apr 2020 , 8:39 pm        
រូបភាព
លោក ស្រីPanpimol Wipulakorn រដ្ឋលេខាធិការនាយកដ្ឋានសុខាភិបាល។ រូបភាព៖ Industry Herald24
លោក ស្រីPanpimol Wipulakorn រដ្ឋលេខាធិការនាយកដ្ឋានសុខាភិបាល។ រូបភាព៖ Industry Herald24
​នាយកដ្ឋាន​សុខាភិបាល​ថៃ នា​ថ្ងៃទី​៦ ខែមេសា បានចាប់ផ្តើម​យុទ្ធនាការ​មួយ​ឈ្មោះ «​ជួយសង្គ្រោះ​មនុស្ស​ចាស់​»​។ តាមរយៈ​យុទ្ធនាការ​នេះ នាយកដ្ឋាន​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់ ពិសេស​យុវជន កុំទៅ​លេង ឬ​នៅ​ឲ្យ​ឆ្ងាយ​ពី​ឪពុកម្តាយ​ចាស់ៗ នៅឯ​ស្រុកកំណើត ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី​នេះ​ដើម្បី​ការពារ​មនុស្ស​ចាស់​ពី​ការឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។


 
​ក្នុង​សន្និសីទកាសែត​ស្តីពី​យុទ្ធនាការ «​ជួយសង្គ្រោះ​មនុស្ស​»  លោកស្រី Panpimol Wipulakorn លេខាធិការ​នៃ​នាយកដ្ឋាន​សុខាភិបាល បាន​លើក​ឡើយ​យ៉ាង​ដូច្នេះ​ថា​៖ « យើង​ចង់​ឲ្យ​ប្រាកដថា ក្នុងអំឡុងពេល​ស​ង្ក្រា​ន​នេះ ក្រុមមនុស្ស​ចាស់ នឹងមាន​សុវត្ថិភាព​ពី COVID-19​។ ដូច្នេះ យុវជន​សូមជួយ​ការពារ​មនុស្ស​ចាស់​ពី COVID-19»​។ 
 
​បើតាម​លោកស្រី Panpimol ដើម្បី​ការពារ​ក្រុមមនុស្ស​ងាយ​រងគ្រោះ​មួយ​នេះ​ពី​COVID-19 សមាជិកគ្រួសារ​ទាំងអស់ ជាពិសេស​យុវជន គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី ឬ​មិនគួរ​ប៉ះពាល់​មនុស្ស​ចាស់​ឡើយ ដើម្បី​ការពារ​មនុស្ស​ចាស់​ទាំង​អស់​។ 
 
​បើទោះបី​ជាស​ង្ក្រា​ន​នៅ​ថៃ ត្រូវបាន​រដ្ឋាភិបាល​លុបចោល​ក៏ដោយ គេ​រំពឹងថា មាន​មនុស្ស​មួយចំនួន អាច​ទៅលេង​ស្រុកកំណើត ហើយ​វា​ក៏​ជាការ​ចម្លង COVID-19 ទៅ​ស្រុកកំណើត​ផងដែរ​។ យុទ្ធនាការ​នេះ​ទៀតសោត គឺធ្វើឡើង​ចាប់ពី​សប្តាហ៍​នេះ រហូតដល់​សប្តាហ៍​ក្រោយ ដើម្បី​ជួយ​ផ្សព្វផ្សាយ ឲ្យ​ប្រជាជន​យល់ដឹង​ពី​បញ្ហា​ឆ្លងទៅ​មនុស្ស​ចាស់​។ 
 
​យុទ្ធនាការ​នេះ ធ្វើឡើង​ដោយ​ផ្អែក​ទៅតាម​តួលេខ​អ្នក​ឆ្លង COVID-19 និង​ជន​ងាយ​រងគ្រោះ​ដោយសារ COVID-19 កន្លងមក​។ បើតាម​តួលេខ​របស់​ក្រសួងសុខាភិបាល​សាធារណ​ថៃ អត្រា​ការស្លាប់​របស់​មនុ​ស្សចា​ប់​ពី​អាយុ​៦០​ឆ្នាំ ដល់ ៦៩​ឆ្នាំ មាន​០,៧​ភាគរយ​។ ចំណែក​មនុស្ស​មាន​អាយុ​ចាប់ពី ៧០​ឆ្នាំ ដល់ ៧៩​ឆ្នាំ គឺមាន​អត្រា​ស្លាប់​រហូតដល់ ១០,៥​ភាគរយ​។ សម្រាប់​មនុស្ស​ចាស់ ដែលមាន​អាយុ​ចាប់ពី ៨០​ឆ្នាំ ឡើយ​ទៅ​គឺមាន​អត្រា​ការស្លាប់​រហូតដល់ ១៦,៧​ភាគរយ​ឯណោះ​។​
 
​នៅ​ទីក្រុង​បាងកក តួលេខ​អ្នក​ឆ្លង ដែលមាន​អាយុ​លើសពី​៦០​ឆ្នាំ​ចំនួន ៣៥​ភាគរយ គឺ​មកពី​សមាជិកគ្រួសារ ២១​ភាគរយ​មកពី​មិត្តភក្តិ ១៦​ភាគរយ​មកពី​កន្លែង​ញាំ​អាហារ ឬ​ហាង​កាហ្វេ និង ២២​ភាគរយ​គឺ​មកពី​អ្នក​រួម​ការងារ និង​មិនដឹង​ប្រភព​ចម្លង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Bangkok Post ។ 
 
​ចំណែក​មនុស្ស​ចាស់​ផ្ទុក COVID-19​រស់​នៅតាម​ខេត្ត​វិញ មាន​តួលេខ​ឆ្លង​ខ្លាំង​បំផុត​ពី​សមាជិកគ្រួសារ​រហូតដល់ ៤៩​ភាគរយ​។ ១៣​ភាគរយ គឺ​ឆ្លង​មកពី​មិត្តភក្តិ ១៤​ភាគរយ​មកពី​កន្លែង​ញាំ​អាហារ ហាង​កាហ្វេ និង​១៥​ភាគរយ​មកពី​មិត្ត​រួមការ​ងារ និង​ឆ្លង​មិនដឹង​ប្រភព​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃនេះ ថៃ​មាន​ករណី COVID-19 សរុប​ចំនួន ២២៥៨​ករណី អ្នកស្លាប់ ២៧​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៨៨៨​ករណី​៕

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com