ជាតិ
Covid-19៖ កម្ពុជាមានអ្នក​សះស្បើយ៦នាក់ទៀត លាប់ជំងឺវិញ១នាក់ និងរកឃើញថ្មី១នាក់
09, Apr 2020 , 8:28 am        
រូបភាព
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី៩មេសាថា មានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន៦នាក់បន្ថែមទៀតហើយ ខណៈរកឃើញករណីថ្មី១នាក់ និងករណីលាប់ជំងឺវិញ១នាក់។



មានអ្នក​ឆ្លងកូវីដ-១៩ ចំនួន៦នាក់ទៀតហើយបានជាសះស្បើយ ខណៈមាន១ករណីបានលាប់ពីជំងឺនេះវិញ លើបុរសខ្មែរអាយុ ៤០ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ បន្ទាប់ពីគាត់​បានជាសះស្បើយ១៥ថ្ងៃរួចមក។ បច្ចុប្បន្នបុរសរូបនេះ ត្រូវបានបញ្ជូន​មក​សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ​នេះបើតាមសេចក្តីជូនំព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩មេសានេះ។ ក្រសួងក៏បាន​បញ្ជាក់ពីការរកឃើញវិជ្ជមាន១ករណីទៀតដែរលើស្ត្រីជនជាតិចិន អាយុ៣១ឆ្នាំ ជាភ្ញៀវទេសចរ និងចង់រកស៊ីនៅកម្ពុជា។ 

ចំណែកអ្នកជាសះស្បើយទាំង៦នាក់ មានបុរសជនជាតិ បារាំង២នាក់ និងស្ត្រីបារាំង ៣នាក់ ដែលជាអ្នកទេសចរនៅខេត្តព្រះសីហនុ។ចំណែក ១នាក់ទៀត ​គឺស្ត្រីជនជាតិអង់គ្លេសអាយុ ៧៩ឆ្នាំ ជាអ្នកដំណើរនាវា Viking Cruise Journey សំចតនៅខេត្តកំពង់ចាម ដែល​បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី៩ មេសា កម្ពុជាមានអ្នកឆ្លងCovid-19 សរុបចំនួន ១១៨នាក់ និងអ្នកជាសះស្បើយសរុប​​៦៨នាក់ ដែលរួម​មានជនជាតិចិន១នាក់, អង់គ្លេស៤នាក់, ប៊ែលហ្សិក១នាក់ , បារាំង២៤នាក់, ម៉ាឡេស៊ី៧នាក់, និងខ្មែរចំនួន៣១នាក់៕ 





© រក្សាសិទ្ធិដោយ thmeythmey.com