ជាតិ
តុលាការ​ចោទ​លោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB ពីបទ​ញុះញង់​
09, Apr 2020 , 10:46 am        
រូបភាព
​ភ្នំពេញ​៖ លោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB ត្រូវបាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល ចោទ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥ ពាក់ព័ន្ធ​នឹង​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​ស្រង់​ពាក្យសម្តី​សម្ដេច ហ៊ុន សែន ដែល​បាន​និយាយថា «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​»​។​



​ក្រៅពី​ការសរសេរ​នេះ ក៏មាន​វីដេអូ​(Video Live) ដែល​លោក សុវណ្ណ រិទ្ធី បាន​និយាយ​បកស្រាយ​លើ​ប្រសាសន៍​សម្ដេច ហ៊ុន សែន នេះ​ផងដែរ​។ 
 
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹម​ឃឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មី​ថា សំណេរ​របស់លោក សុវណ្ណ រិទ្ធី នេះ ជាការ​បំប៉ោង និង​បំពុលសង្គម ដែល​ធ្វើឱ្យ​ពលរដ្ឋ​យល់ច្រឡំ​លើស​ម្ដេច ហ៊ុន សែន​។ លោក គឹម​ឃឿន ចាត់ទុក​សំណេរ​របស់​ចាងហ្វាង​TVFB រូបនេះ ជា​ចេតនា​បង្កើតឱ្យមាន​ចលាចល​ក្នុងសង្គម​។​
 
«​សម្ដេច ហ៊ុន សែន គាត់​បានចេញ​វិធានការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ដែល​ជួប​បញ្ហា​ប្រឈម​នឹង​ជំងឺ​COVID-19​ហើយ ហើយ​គ្រាន់តែ​សម្ដេច​និយាយ​លេង​មួយ​ម៉ាត់ ពីរ​ម៉ាត់​សោះ បែរជា​យកមក​ចុះផ្សាយ​។ សម្ដេច​គាត់​គ្មាន​ចេតនា​ដូច​ការចុះផ្សាយ​ឯណា ព្រោះ​គាត់​បានចេញ​វិធានការ​ច្រើន​មកហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆាយ គឹម​ឃឿន​។​
 
​ក្រោយ​ការចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី នេះ ក្រសួង​ព័ត៌មាន ក៏បាន​សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​TVFB និង TBTV  កាលពី​ថ្ងៃទី​៨ មេសា ក្រោម​ហេតុផល​ស្ថាប័ន​នេះ ផ្សព្វផ្សាយ​ញុះញង់​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ទៀតផង​។​
 
​ជុំវិញ​ករណី​ខាងលើនេះ លោក សុវណ្ណ សុខា ឪពុក​លោក សុវណ្ណ រិទ្ធី ក៏បាន​ស្នើ​សុំឱ្យ​ប្រមុខ​រដ្ឋាភិបាល អធ្យាស្រ័យ​និង​អនុគ្រោះ​លោក រិទ្ធី តាមរយៈ​វីដេអូ​សុំទោស​ជំនួស​កូន​ផងដែរ ។ លោក​អះអាងថា កូន​របស់ខ្លួន គ្មាន​ចេតនា​វាយប្រហារ​លើ​រដ្ឋា​ភិ​បាល​ឡើយ​៕ 

Tag:
 COVID-19
  TVFB
  សុវណ្ណ រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com