ជាតិ
សេដ្ឋកិច្ច
លោក ប៊ុន បារាំង៖ ឆ្នាំនេះ កម្ពុជានឹងមិនខ្វះអំបិលទេ ព្រោះអាកាសធាតុអំណោយផល
× ឆ្នាំ២០២០នេះ កម្ពុជា ទំនងជាមានអំបិលប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ។ គិតមកដល់ពេលនេះ ទិន្នផលអំបិលពី៦ម៉ឺន ទៅ៧ម៉ឺនតោន ត្រូវបានប្រមូលរួចហើយ ខណៈតម្រូវការសរុបមានប្រមាណ១០ម៉ឺនតោន។ បើតាមថ្នាក់ដឹកនាំសហគមន៍អ្នកផលិតអំបិលខេត្តកែប-កំពត កម្ពុជាកំពុងមានអំណោយផលពីអាកាសធាតុ និងកម្លាំងពលកម្មច្រើន។
«បើគ្មានភ្លៀងធ្លាក់ត្រឹមតែរយៈពេលមួយខែទៀត ការផលិតអំបិលរបស់កម្ពុជាប្រចាំឆ្នាំ២០២០ នឹងអាចផ្គត់ផ្គង់តាមតម្រូវការប្រើប្រាស់របស់ពលរដ្ឋទូទាំងប្រទេសបាន ១០ម៉ឺនតោន»។ លោក ប៊ុន បារាំង បានអះអាងប្រាប់ ThmeyThmey តាមទូរសព្ទ យ៉ាងដូច្នេះ កាលពីព្រឹកថ្ងៃទី៩ ខែមេសា។
សហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកែប-កំពត រូបនេះ បានអះអាងថា អាកាសធាតុក្តៅខ្លាំងចាប់តាំងពីដើមរដូវមក ធ្វើឲ្យកសិករផលិតអំបិលបានច្រើន ហើយថែមទាំងមានគុណភាពល្អថែមទៀត។
លោក ប៊ុន បារាំង បានវាយតម្លៃថា៖ «ប្រជាពលរដ្ឋនាំគ្នាចាប់ផ្តើមប្រមូលផលអំបិលបានតាំងចុងខែធ្នូ ឆ្នាំ២០១៩មកដល់បច្ចុប្បន្ន ហើយសកម្មភាពនេះនៅតែបន្តផលិតរហូត ប្រសិនបើអាកាសធាតុនៅតែអំណោយផលក្តៅបែបនេះ»។ មកដល់ពេលនេះ យើងប្រមូលអំបិលបានប្រហែល៦ទៅ៧ម៉ឺនតោន តែប្រសិនបើមេឃនៅបន្តរាំងភ្លៀងត្រឹមតែមួយខែទៀត ការប្រមូលផលអំបិលនឹងអាចឈានដល់ជាង១០ម៉ឺនតោន»។
ដោយមើលឃើញពីអាកាសធាតុអំណោយផលល្អ រួមទាំងការខិតខំប្រឹងប្រែងផលិតអំបិលពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ លោក ប៊ុន បារាំង និយាយដោយបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា សម្រាប់ឆ្នាំ២០២០ កម្ពុជាមិនព្រួយបារម្ភខ្លាចខ្វះអំបិលប្រើប្រាស់ទៀតឡើយ ដោយ លោក បាននិយាយដូច្នេះ៖«ខ្ញុំធានាថាឆ្នាំនេះ យើងមិនខ្វះអំបិលប្រើប្រាស់ឡើយ»។
បើតាមសហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកែបនិងកំពត ប្រសិនបើអាកាសធាតុអំណោយផលដូចជាឆ្នាំនេះ បីឆ្នាំជាប់ៗគ្នា នោះកម្ពុជានឹងមានអំបិលគ្រប់គ្រាន់ និងសល់អំបិល ហើយការនាំចូលអំបិលពីបរទេសមកបំពេញតម្រូវការក្នុងស្រុកនឹងត្រូវបញ្ចប់។ បើតាម លោក ប៊ុន បារាំង បច្ចុប្បន្នស្រែអំបិលនៅកំពត-កែប មានផ្ទៃដីជាង៤៦០០ហិកតា។
ដោយឡែកឆ្នាំ២០២០នេះ មិនត្រឹមអាកាសធាតុអំណោយផលល្អនោះ ហើយថែមទាំងមានកម្លាំងពលកម្មថ្មីជាច្រើនដែលជាពលករត្រឡប់មកពីបរទេសវិញ មកបម្រើការងារក្នុងវិស័យនេះ ដែលជំរុញដល់ការផលិតអំបិលក្នុងស្រុកកាន់តែមានកំណើន។
កាលឆ្នាំ២០១៨ កម្ពុជានាំចូលអំបិលពីចិន១ម៉ឺនតោន និងពីឥណ្ឌា២ម៉ឺនតោន ក្នុងឆ្នាំ២០១៩ ដើម្បីបំពេញតម្រូវប្រើប្រាស់ក្នុងស្រុក៕
© រក្សាសិទ្ធិដោយ thmeythmey.com