សៀមរាប៖ ការរីតត្បាតនៃជំងឺកូវីដ១៩ បាននិងកំពុងធ្វើឱ្យពលរដ្ឋទូទៅមានការព្រួយបារម្ភជាខ្លាំង។ ទី១ គឺបារម្ភពីបញ្ហាសុខភាព ខ្លាចឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ និងទី២ ពួកគេកំពុងបាត់បង់ចំណូលប្រចាំថ្ងៃ ទាំងការលក់ដូរ និងនៅកន្លែងធ្វើការ។ ពលរដ្ឋរស់នៅតាមតំបន់ជនបទនៃក្រុងសៀមរាប ក៏បារម្ភខ្លាំងពីជំងឺនេះដែរ ហើយកំពុងប្រឹងប្រែងសម្របខ្លួនជាមួយស្ថានការណ៍ដ៏ពិបាកនេះ។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ពិភពលោកទាំងមូលកំពុងជួបវិបត្តិធ្ងន់ធ្ងរ ក្រោយផ្ទុះជំងឺកូវីដ១៩។ កម្ពុជាក៏ដូច្នោះដែរ សេដ្ឋកិច្ចមួយផ្នែកធំបានធ្លាក់ចុះដល់ចំណុចកំពូល ពិសេសគឺវិស័យទេសចរណ៍។ អាកាសយានដ្ឋានលែងមានយន្តហោះហោះហើរ សណ្ឋាគារបង្ខំចិត្តបិទទ្វារ ចំណែកអាជីវកម្មផ្សេងៗក៏បិទទ្វារដែរ។ ពលរដ្ឋរស់នៅខេត្តសៀមរាបដែលពឹងអាស្រ័យផលលើវិស័យទេសចរណ៍ រងប៉ះទង្គិចមិនតិចទេ អាជីវកម្មលែងដំណើរការ ហើយពលរដ្ឋខ្លះគ្មានការងារធ្វើក្រោយសណ្ឋាគារ អាហារដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ជាច្រើនបានបិទទ្វារ ឬផ្អាកអាជីវកម្ម។
ងាកទៅពលរដ្ឋរស់នៅតំបន់ជនបទ ដែលនៅមិនឆ្ងាយប៉ុន្មានពីតំបន់ប្រាសាទ ក៏មានការព្រួយបារម្ភមិនតិចដែរពីជំងឺរលាកផ្លូវដង្ហើមថ្មីនេះ។ ពួកគាត់មិនសូវចេញក្រៅទេ ដោយសំងំតែក្នុងផ្ទះ។
គ្រួសារអ្នកស្រី ថុង វ៉ាង មានសភាពអ៊ូអរខុសពីរាល់ដង បន្ទាប់ពីកូនៗអ្នកស្រីឈប់ពីការងារនៅសណ្ឋាគារ។ កំពុងអង្គុយត្បាញរំពាក់ក្រោមផ្ទះជុំគ្នា អ្នកស្រីប្រាប់ថា បានឱ្យកូនស្រីឈប់ពីការងារជាអ្នករៀបចំបន្ទប់ បន្ទាប់ពីឮព័ត៌មានពីជំងឺផ្លូវដង្ហើមដំបូងមកម្លេះ។ អ្នកស្រីថា ភ័យខ្លាចជំងឺនេះជាខ្លាំង និងសុំឱ្យកូនៗនៅផ្ទះទាំងអស់គ្នា។
អាជ្ញាធរភូមិបុស្សធំ ឃុំអំពិល ស្រុកប្រាសាទបាគង បានចុះផ្សព្វផ្សាយពីវិធីបង្ការការឆ្លងជំងឺកូវីដ១៩ ដល់មូលដ្ឋានរបស់ខ្លួន។ អ្នកស្រី ថុង វ៉ាង រៀបរាប់ថា គ្រួសារអ្នកស្រីបានអនុវត្តតាមការណែនាំទាំងនោះ ដូចជាឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាកុល និងពាក់ម៉ាស់ពេលទៅក្រៅឬទៅផ្សារជាដើម។ អ្នកស្រីបញ្ជាក់ថា នៅក្នុងភូមិមិនមានអ្នកសង្ស័យឆ្លងជំងឺនេះទេ តែក៏មិនមែនមិនមានការបារម្ភដែរ។ អ្នកស្រីបន្ថែម៖« ពេលឮជំងឺនេះភ្លាម ចេះតែប្រាប់កូនៗទៅធ្វើការឱ្យប្រយ័ត្ន ពាក់ម៉ាស់ លាងដៃអ៊ីមុនប៉ះកូន បើទោះប្រទេសយើងមិនទាន់ពីមុន តែខ្លាចតាំងពីយូរហើយ យើងល្ងិតល្ងង់ខ្លាចដូចតែគ្នា នរណាក៏ខ្លាច»។
ចំណែកអ្នកស្រី កុត រ៉េន កំពុងជាប់ដៃដាំដំណាំក្រោយផ្ទះ ក៏ទទួលបានការផ្សព្វផ្សាយពីវិធីបង្ការជំងឺកូវីដ១៩នេះដែរ។ អ្នកស្រីតែងពាក់ម៉ាស់ពេលចេញទៅផ្សារ និងសម្អាតខ្លួនប្រាណជាប្រចាំ។ អ្នកស្រីបន្ថែម៖« គេផ្សព្វផ្សាយឱ្យពាក់ម៉ាស់ លាងដៃជាមួយអាកុល ជែល ខ្ញុំអនុវត្តន៍តាមរហូត សម្អាតខ្លួនអនាម័យតាមបានញឹកញាប់ កុំតែប្រហែស ទៅផ្សារពាក់ម៉ាស់ មកវិញលាងដៃ»។
អ្នកស្រី រ៉េន វ័យ៥៧ឆ្នាំបន្តថា៖« ខ្លាច ភ័យខ្លាចដែរ ឃើញប្រទេសគេមើលទៅស្លាប់ច្រើនពេក បន់ទេវតាឱ្យជួយថែរក្សាគ្រប់ព្រះអង្គនៅសៀមរាប ជួយឱ្យស្ថានការណ៍អាក្រក់នេះបាត់ឆាប់ៗនេះ។ បានប្រាប់ទៅកូនចៅ កុំឱ្យសូវដើរលេង កុំឱ្យជុំៗគ្នា គេឱ្យនៅឆ្ងាយពីគ្នា»។
ចំណែកគ្រួសារអ្នកស្រី ថុង វ៉ាង ក៏គ្មានការជួបជុំដែរតាំងពីផ្ទុះជំងឺថ្មីនេះមក ក្នុងនោះបុណ្យទានដែលគ្រោងធ្វើក្នុងភូមិក៏ត្រូវបានរំសាយ។ នៅពេលចូលឆ្នាំខាងមុខ អ្នកស្រី ថុង វ៉ាង បានគិតជាស្រេចថា នឹងឱ្យកូនយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តហើយត្រឡប់មកផ្ទះវិញ ដោយគ្មានការជួបជុំនៅវត្តទេ តែអាចជុំគ្រួសារនៅផ្ទះបន្ដិចបន្ដួច។
វ័យជាង៧០ឆ្នាំ លោកយាយដែលជាម្ដាយអ្នកស្រី ថុង វ៉ាង ដែលអង្គុយត្បាញកន្ដ្រកជុំគ្នាជាមួយចៅ និងកូនស្រីនៅក្រោមផ្ទះក្នុងសភាពស្ងប់ស្ងាត់ ក៏មានពេលច្រើនសម្រាកនិងជួយកិច្ចការតិចតួច ក្រោយលែងបានទៅវត្តជួបជុំយាយៗទៀត។ លោកយាយថា គោរពចំពោះការមិនឱ្យជុំគ្នាមនុស្សច្រើន ដោយបានឱ្យកូនៗយកចង្ហាន់បន្ដិចបន្ដួចទៅប្រគេនព្រះសង្ឃតែប៉ុណ្ណោះ។ ជាចាស់ទុំមួយរូប តាំងពីដើមមកលោកយាយមិនធ្លាប់ជួបជំងឺអាសន្នរោគ ឬរាតត្បាតដែលគួរឱ្យបារម្ភដូចពេលនេះទេ។ តែលោកយាយប្រាប់ថា ធ្លាប់ឮប្រភេទជំងឺអាសន្នរោគ រាគក្អួតពេញភូមិ តែមិនដែលជួបផ្ទាល់ឡើយ។
ត្បាញបណ្ដើររអ៊ូបណ្ដើរ លោកយាយដែលជាម្ដាយអ្នកស្រី ថុង វ៉ាង ហាក់ពិបាកចិត្តជំនួសកូនចៅ ដែលបាត់បង់ចំណូលចូលផ្ទះ ហើយពលរដ្ឋជាច្រើនទៀតអត់ការងារធ្វើ។ លោកយាយថា ពលរដ្ឋខ្លះជំពាក់បំណុលធនាគារ ការងារក៏គ្មានធ្វើ ខ្លះទៀតក៏ត្រូវត្បិតត្បៀតសន្សំសំចៃដើម្បីទុកប្រាក់បង់ទៅធនាគារ ដូចជាគ្រួសារលោកយាយជាដើម។
អ្នកស្រី ថុង វ៉ាង ត្រូវបង់ធនាគារមួយខែជាង១០០ដុល្លារ ដោយសារអ្នកស្រីខ្ចីយកមកសង់ផ្ទះ។ ក្រោយពីកូនគ្មានការងារធ្វើ អ្នកស្រីត្រូវប្រឹងត្បាញកន្ដ្រកលក់បោះឱ្យម៉ូយ ដោយក្នុងមួយខែៗអ្នកស្រីរកបានសមល្មមបង់ទៅធនាគារ ចំណែកការចាយវាយហូបចុកត្រូវត្បិតត្បៀតជាងពេលមុន៕