ONE Championship
កីឡាជាតិ
ជាតិ
​ចាន់ រតនា ផ្ញើ​សារ​អប់រំ​សំខាន់ៗ​ទៅ​អ្នកគាំទ្រ​ដើម្បី​ទប់ស្កាត់ COVID-19
09, Apr 2020 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ចាន់ រតនា ដែលជា​ជើង​ខ្លាំង​គុន​ចម្រុះ​ប្រចាំ​សង្វៀន ONE Championship តំណាង​ឲ្យ​កម្ពុជា​បាន​ផ្ញើ​ក្ដី​នឹករលឹក​ដល់​អ្នកគាំទ្រ​ក្នុងអំឡុងពេល​វិបត្តិ Covid-19 នេះ និង​ទទូច​ឲ្យ​ពលរដ្ឋ ឬ អ្នក​ស្នេហា​វិស័យ​កីឡា​ថែរក្សា​អនាម័យ​ជាប្រចាំ​ស្របតាម​គ្រូពេទ្យ​ជំនាញ និង ក្រសួងសុខាភិបាល​។


 
​ចាន់ រតនា បាន​រំលឹក​បែបនេះ ៖«​សូម​បងប្អូន​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ថែរក្សា​សុខភាព​របស់​យើង​ម្នាក់ៗ និង​រួមចំណែក​សម្រាប់​កម្ពុជា​។  យើង​លាងដៃ​ដោយ​ប្រើ​សាប៊ូ​ជាប្រចាំ​បើ​នៅផ្ទះ ហើយ​បើ​ចេញ​ក្រៅ​ត្រូវមាន​ជែ​ល​ដាក់​ជាប់​ខ្លួន​លាងដៃ​ញឹកញាប់​សម្លាប់​មេរោគ​បន្ទាប់ពី​ប៉ះពាល់​របស់​អ្វីមួយ និង​ពាក់​ម៉ាស់​ផង​។ បើ​មិនចាំបាច់ សូមកុំ​ចេញ​ក្រៅ​ល្អ​ជាង​។ តាំងពី​ជំ​ងឹ Covid-19 ផ្ទុះ​មក ខ្ញុំ​នៅផ្ទះ​ជាមួយ​ប្រពន្ធ​កូន​អត់​សូវ​ហ៊ាន​ចេញទៅ​ណា​ទេ​។ ក្លិប​របស់ខ្ញុំ​ក៏​ផ្អាក​បង្ហាត់​ដែរ​។ បើ​ចេញ​ក្រៅ​តិចតួច​ព្រោះ​ចាំបាច់ ក៏​ខ្ញុំ​ការពារ​រហូត​»​។ 
 
​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​តែងតែ​តាមដាន​ព័ត៌មាន​ហូរហែ​តាមរយៈ​ផេ​ក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​។ ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​» សំណូមពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​តាមដាន​ព័ត៌មាន​ពិត និង​កុំ​ជឿ​ទៅតាម​ព័ត៌មាន​ក្លែងក្លាយ​អំពី​ជំងឺ Covid-19​។ 
 
​កីឡាករ​ដែល​ឈ្នះ​៣​លើក​ជា​ប្រវត្តិសាស្ត្រ​នៅ​សង្វៀន ONE Championship បាន​គូស​បញ្ជាក់ទៀតថា ៖«​ខ្ញុំ​កាត់បន្ថយ​ការជួបជុំ​ច្រើនណាស់ សូម្បី​ជួបជុំ​បងប្អូន​ញុំ​ា​អី​ជុំគ្នា​ក៏​អត់​ដែរ​។ ហើយ​ខ្ញុំ​លុបចោល​កម្មវិធី​ជប់លៀង និង​ការជួបជុំ​ជាច្រើន​ទៀត​ដោយសារ​យើង​ការពារ​ខ្លាច​ឆ្លង​ដល់​គ្រួសារ​។ ហើយ​ពេល​ជួប​បងប្អូន ឬ អ្នកផ្សេង​ក៏ត្រូវ​នៅ​ឆ្ងាយ​១​ម៉ែត្រ​កន្លះ​អី​ដែរ​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​។ ក្នុង​កាលៈទេសៈ​នេះ​យើង​ត្រូវមាន​អនាម័យ​ខ្ពស់​»​។ 
 
​តាមរយៈ​ការចូលរួម​ពី​សំណាក់​ប្រជាជន អ្នកលេង​គុន​ចម្រុះ​រូបនេះ​ជឿថា​ស្ថានការណ៍​អាច​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាលដាល​ច្រើន ហើយ​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា​អាច​នឹង​វិល​មក​រៀបចំ​ព្រឹត្តិការណ៍​វិញ​នាពេល​ឆាប់ៗ​ខាងមុខ​។ 
 
​ថ្មីៗ​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​ការ​ភ្ញាក់រលឹក​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ទប់ស្កាត់​ជំងឺ Covid-19 ជាមួយ​រាជរដ្ឋាភិបាល​ជាពិសេស​ពលករ​មកពី​ប្រទេស​ថៃ​បានដាក់​ខ្លួន​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ពី​ក្រុមគ្រួសារ​។ សម្ដេច​សង្កត់ធ្ងន់ថា សូម​បន្ត​ស្មារតី​នេះ​ដើម្បី​ជម្នះ​ជំងឺ​ជំងឺ Covid-19 និង មិនត្រូវ​ធ្វេសប្រហែស​ឡើយ​។ ដើម្បី​បង្ការ និង​ការពារ​ឲ្យ​កាន់​ល្អ​មួយកម្រិត​ទៀត​សម្ដេច​តេ​ជោ ក៏បាន​ប្រកាស​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ដោយ​តម្រូវ​ឲ្យ​វិស័យ​ឯកជន និង​រដ្ឋ​ធ្វើការ​ធម្មតា​។ នៅពេល Covid-19 ធូរស្បើយ ឬ ផុតរលត់​ក្នុងពេល​សមស្រប​ណាមួយ  នោះ​ទើប​រដ្ឋ​ដាក់​ថ្ងៃ​ឈប់​សង​ចំនួន ៥ ថ្ងៃ​ជំនួស​វិញ​។ 
 
​បើ​គិត​តាំងពី​ចុងខែ​មករា​រហូតដល់ ត្រឹម​ព្រឹក​ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២០  កម្ពុ​ជាមាន​ករណី​ឆ្លង មេរោគ​ផ្លូវដង្ហើម Covid-19 នេះ​ចំនួន ១១៧ ករណី (​ស្រី​១៩​នាក់​និង​បុរស ៣៥​នាក់​)​។ បែបណា​ក្ដី ពេទ្យ​ជំនាញ​កម្ពុជា​ព្យាបាល​ជាសះស្បើយ​រហូតដល់ ៦៣ នាក់​គិត​ត្រឹម​ថ្ងៃ​ដដែល​នេះ ហើយ​ការ​សម្រាក​ព្យាបាល​ធ្លាក់​មក​នៅត្រឹម ៥៤ នាក់​ប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com