ជាតិ
ដ្បិត​ពិបាក​ថែទាំ និង​បាន​ផល​តិច តែ​ស្វាយកែវចិន នៅតែមាន​តម្លៃ​ខ្ពស់​រាល់​ឆ្នាំ
10, Apr 2020 , 7:59 am        
រូបភាព
ពលរដ្ឋកំពុងបេះផ្លែស្វាយកែវចិន
ពលរដ្ឋកំពុងបេះផ្លែស្វាយកែវចិន
​ភ្នំពេញ​៖ ជា​រៀងរាល់ឆ្នាំ​តម្លៃ​ស្វាយ​តែងតែ​ធ្លាក់ចុះ ខណៈពេល​ដល់​រដូវ​ស្វាយ​សម្បូរ​។ ដោយឡែក​ស្វាយកែវចិន​នៅតែ​រក្សាបាន​តម្លៃ​ខ្ពស់​ដដែល ព្រោះ​ស្វាយ​ប្រភេទ​នេះ មិនសូវ​សម្បូរ​អ្នក​ដាំ រួមទាំង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។


 
​ស្វាយកែវចិន ដែល​ពលរដ្ឋ​ខ្មែរ​និយម​ដាំ​នៅ​ជុំវិញ​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ ដោយ​មួយឆ្នាំ​ផ្លែ​តែមួយ​ដង​ប៉ុណ្ណោះ ហើយ​ស្វាយ​នេះ ផ្លែ​មិនសូវ​ច្រើន ដូច​ស្វាយ​ដទៃ​ឡើយ​។ ស្វាយកែវចិន មាន​សាច់​ផ្អែម​ឈ្ងុយឆ្ងាញ់​នៅពេល​ទុំ ប៉ុន្តែ​ពេល​ខ្ចី​ស្វាយ​នេះ មាន​រសជាតិ​ជូរ​ខ្លាំង​ខុសពី​ស្វាយ​ដទៃ​។ នេះ​បើតាម​ការលើកឡើង របស់​អ្នកស្រី សោ​ភ័​ណ្ឌ ជា​អ្នក​ដាំ​ស្វាយកែវចិន​និង​ស្វាយកែវ​រមៀត ក្នុង​ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ 
 
​លើ​ផ្ទៃដី​ដែលមាន​បណ្ដោយ​ប្រមាណ​១០០​ម៉ែត្រ​និង​ទទឹង​ជាង​៣០​ម៉ែត្រ អ្នកស្រី មាន​ស្វាយកែវចិន​ជាង​១០​ដើម​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ស្វាយកែវ​រមៀត​។ ទោះបី​ស្វាយកែវចិន​មានតម្លៃ​ខ្ពស់ជាង​ស្វាយ​ផ្សេងៗ ប៉ុន្តែ​ទទួលបាន​ផល​តិចជាង​ស្វាយ​ដទៃទៀត រួមទាំង​ពិបាក​ដាំ​និង​ថែទាំ​។ 
 
​អ្នកស្រី​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា «​ស្វាយកែវចិន​នេះ ខ្ញុំ​លក់​មួយ​គីឡូ​៥០០០​រៀល​ព្រោះ​នៅទីនេះ​តំបន់​ជនបទ វា​មានតម្លៃ​ធូរ​ថ្លៃ​ជាង​អ្នក​នៅ​ភ្នំពេញ​ឬ​នៅតាម​ទី​រួម​ខេត្ត ដែល​គេ​យក​លក់​បន្ត​ក្នុងតម្លៃ​១​ម៉ឺន​រៀល​ឬ​លើសពីនេះ​ក៏មាន​។ ស្វាយកែវចិន ដាំ​រើស​ដី​បើ​ល្អ​ក៏​ឆាប់​ផ្លែ ពិបាក​ថែ​ណាស់​បើ​ខ្វះ​ទឹក ដី​មិនល្អ ឆ្នាំ​ខ្លះ​មិន​ផ្លែ​ឡើយ ផ្កា​មក​ជ្រុះ​អស់​។ ប៉ុន្តែ​ឆ្នាំ​ខ្លះ​ផ្លែ​ច្រើន​ដែរ អាស្រ័យ​ធាតុអាកាស ហើយ​សត្វ​ក៏​ស៊ី​ផ្លែ​ច្រើន​ទៀត​»​។ 
 
​ចំណែក​ទីផ្សារ​ស្វាយកែវចិន មិន​ដែលមាន​បញ្ហា​ឡើយ បើ​ប្រៀបធៀប​នឹង​ស្វាយកែវ​រមៀត ដែល​ទទួលបាន​ផល​ពីរដង​ក្នុង​មួយឆ្នាំ ហើយ​អាច​លក់បាន​ទាំង​ខ្ចី​និង​ទុំ​ទៀតផង ដោយ​ក្នុងតម្លៃ​ត្រឹមតែ​៥០០​ទៅ​១៥០០​រៀល​ប៉ុណ្ណោះ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សោ​ភ័​ណ្ឌ​។​
 
​អ្នកជំនាញ​កសិកម្ម​អ្នកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ស្វាយកែវចិន​ដាំ​ប្រមាណ​៤​ទៅ​៥​ឆ្នាំ ទើប​ចេញ​ផ្លែ ហើយ​ការដាំ​តាម​ធម្មជាតិ​ផ្លែ​តែមួយ​លើក​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ បើតាម​អ្នកស្រី តុង ចាន់​ធាង ស្វាយកែវចិន ពិបាក​ថែទាំ ត្រូវការ​ដី​ល្អ​និង​ជី​ច្រើន ហើយ​មិនសូវ​សម្បូរ​ផ្លែ ទើប​ប្រជាកសិករ​មិន​ផ្ដោត​លើក​ការដាំ​ស្វាយ​ប្រភេទ​នេះ​។ ដោយសារ​មិន​សម្បូរ ហើយ​ជា​ប្រភេទ​សាច់​ស្វាយ​ឈ្ងុយឆ្ងាញ់ អំឡុងពេល​ផ្លែ​ទុំ ទើប​ស្វាយកែវចិន​នេះ មានតម្លៃ​ខ្ពស់ជាង​ស្វាយ​ផ្សេងៗ​រាល់​ឆ្នាំ​។ 
 
​ទន្ទឹមនឹងនេះ អ្នកស្រី តុង ចាន់​ធាង បាន​លើក​ពី​ស្វាយកែវ​រមៀត ដែល​ប្រជាពលរដ្ឋ​និយម​ដាំ មក​បង្ហាញថា ស្វាយ​នេះ ក្នុង​មួយ​ដើម អាច​ទទួលបាន​ផល​ពី​១០០​ទៅ​៥០០​គីឡូក្រាម ហើយ​មួយឆ្នាំ​អាចមាន​ផ្លែ​២​ទៅ​៣​ដង តាម​ការបាញ់​ថ្នាំ​បញ្ជា​ឱ្យ​ផ្លែផ្កា​។ ស្វាយ​ប្រភេទ​នេះ ងាយស្រួល​ដាំ ធន់​នឹង​អាកាសធាតុ មិន​រើស​ដី មិនត្រូវ​ការ​ដី​មាន​ជីជាតិ​ច្រើន ហើយ​ដាំ​រយៈពេល​២​ទៅ​៣​ឆ្នាំ ទទួលបាន​ផល​។ 
 
«​ស្វាយកែវ​រមៀត​នេះ មួយទង មាន​ផ្លែ​ពី​ចន្លោះ​៣​ទៅដល់​១០​ផ្លែ​ក៏មាន ចំណែក​ស្វាយកែវចិន​មួយទង មាន​ផ្លែ​១​ទៅ​៣​ផ្លែ​ប៉ុណ្ណោះ ហើយ​គេ​កម្រ​ឃើញ​ស្វាយកែវចិន​ក្នុង​មួយទង​មាន​២​ទៅ​៣​ណាស់​។ ដោយសារ​ស្វាយកែវ​រមៀត​ទទួលបាន​ផល​ច្រើន ហើយ​មួយឆ្នាំ​ផ្លែ​២​ដង បើ​គេ​បញ្ជា​អាចមាន​ផ្លែ​៣​ដង​។ បើ​គិត​ចំនួន​សរុប​នៃ​ការទទួល​ផល​និង​ការថែទាំ អ្នក​ដាំ​ច្រើន​ផ្ដោតលើ​កែវ​រមៀត​ច្រើនជាង​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកស្រី ចាន់​ធាង ដោយ​បន្ថែម បើទោះបី​ស្វាយកែវ​រមៀត មានតម្លៃ​ទាប ប៉ុន្តែ​ទទួលបាន​ផល​ច្រើន ដូច្នេះ​ចំណូល​បាន​ពី​ការដាំ​ស្វាយកែវ​រមៀត​នឹង​ទទួលបាន​ផល​ច្រើនជាង​កែវ​ចិន​។ 
 
​ស្វាយកែវ​រមៀត​អាច​លក់បាន​ទាំង​ខ្ចី​និង​ទុំ ហើយក៏​មានការ​នាំចេញ​ទៅ​ក្រៅប្រទេស​ទៀតផង​។ យ៉ាងណាក៏ដោយ ស្វាយកែវ​រមៀត​នេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​និយម​ដាំ​យ៉ាងគំហុក ហើយ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ដែល​សម្បូរ​ជោរ​ជន​៕ 

Tag:
 ស្វាយកែវចិន
© រក្សាសិទ្ធិដោយ thmeythmey.com