ONE Championship
កីឡាជាតិ
ជាតិ
Aung La N Sang និយាយ​ពី​ការប៉ង​ដណ្ដើម​ខ្សែក្រវាត់​ពី Bigdash
10, Apr 2020 , 8:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​ម្ចាស់​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ពីរ​ស្ថាប័ន​កីឡាករ Aung La N Sang ឬ រហស្សនាម “The Burmese Python” គឺជា​កីឡាករ​គ្រប់គ្រង​ខ្សែក្រវាត់​ទម្ងន់ middleweight បានយូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE Championship​។ បែបណា​ក្ដី​ម្ចាស់​ខ្សែក្រវាត់​រូបនេះ​ត្រូវដាក់​គោលដៅ​ដើម្បី​ស្ថិតនៅ​ចំណាត់ថ្នាក់​កំពូល​បន្ថែមទៀត​ក្នុង​បំណង​បំបាក់​គូប្រជែង​ដែល​ចង់​ដណ្ដើម​។



 
 
​តារា​ម្ចាស់​ខ្សែក្រវាត់​មកពី​មី​យ៉ាន់​ម៉ា​ត្រូវ​ប្រឈម​នឹង​គូសត្រូវ​ចាស់​ជា​លើក​ទី​៣​នៅ​ថ្ងៃ​ខាងមុខ គឺ​ប៉ះ​ជើង​ខ្លាំង​គុន​ចម្រុះ Vitaly Bigdash អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Middleweight World Champion​។ រហូតដល់​ពេលនេះ​រូបគេ​ទាំងពីរ​ជួបគ្នា​ពីរលើក​រួចហើយ ដោយ​ក្នុងនោះ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ម្នាក់​ម្ដង​។ ឥឡូវនេះ​ការប្រឈមមុខ​ដាក់គ្នា​លើក​ទី​៣​ត្រូវ​ប្រកាស​នា​ឆ្នាំ ២០២០ នេះ​។ ប៉ុន្តែ “The Burmese Python” នៅតែ​លើកទឹកចិត្ត​ខ្លួនឯង​ដើម្បី​បន្ត​ការពារ​ខ្សែក្រវាត់​ឲ្យ​ខាងតែបាន​។ កីឡាករ​វ័យ ៣៤ ឆ្នាំ​បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ជាប្រចាំ​។ ខ្ញុំ​ត្រូវ​បង្ហាញថា​ខ្ញុំ​ជា​ម្ចាស់​ខ្សែក្រវាត់ World Champion ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់​»​។​
 
​ជើង​ខ្លាំង​ទាំងពីរ​ជួបគ្នា​ដំបូង​នៅក្នុង​កម្មវិធី ONE: QUEST FOR POWER នា​ក្រុង​ហ្សា​កាតា​ប្រទេស ឥណ្ឌូណេស៊ី កាល​ថ្ងៃទី​១៤ មករា ២០១៧​។ គ្រានោះ Aung La N Sang ចាញ់​ពិន្ទុ​ម្ចាស់​អតីត​ខ្សែក្រវាត់ Bigdash​។ រហូតដល់​ជួបគ្នា​ម្ដងទៀត​នៅ​ថ្ងៃទី ៣០ មិថុនា ២០១៧ ក្នុង​កម្មវិធី ONE: LIGHT OF A NATION នា​សង្វៀន Thuwunna Indoor Stadium ឯ​ក្រុង​យ៉ុំ​ា​ង​ហ្គោ​ន​ប្រទេស​កំណើត ទើប “The Burmese Python” អាច​ដណ្ដើម​ខ្សែក្រវាត់​ពី​ជើង​ខ្លាំង​មកពី​រុស្សី​បាន និង​ការពារ​ខ្សែក្រវាត់​បន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន​។ កាលនោះ កីឡាករ​មី​យ៉ាន់​ម៉ា​ស្ទើរតែ​បញ្ចប់ Bigdash នៅ​ទឹក​ដំបូង ប៉ុន្តែ​អតីត​ម្ចាស់​ខ្សែក្រវាត់​អាច​រើរួច​។ ក្រោយមក​កីឡាករ​រុស្សី​កាន់​តែមាន​កម្លាំង​ដោយ​ប្រើ​ក្បាច់​ចំបាប់​។ យ៉ាងណាក្ដី “The Burmese Python” ធ្វើបាន​ល្អ​ដោយ​ប្រើ​កណ្ដាប់ដៃ និង​ក្បាច់​ប្រយុទ្ធ​មានប្រៀប​ទាល់តែ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ក្នុង​រយៈពេល​៥​ទឹក​ពេញ​។ 


 
​គេ​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់ មី​យ៉ាន់​ម៉ា​ដើម្បី​គ្រង​ខ្សែក្រវាត់​កម្រិត​ពិភពលោក World Champion មិន​ធ្លាប់មាន​។ “The Burmese Python”  កាន់តែ​ល្អ​ឡើងៗ បន្ទាប់ពី​វីរបុរស​មី​យ៉ាន់​ម៉ា​រូបនេះ​ផ្លាស់​ទៅ រដ្ឋ Florida សហរដ្ឋអាមេរិក​ដើម្បី​ហ្វឹកហាត់​ពេញ​ម៉ោង​នៅ​ក្លិប Sanford MMA (​ពីមុន Hard Knocks 365) និង​អាច​បំបាក់​ជើង​ខ្លាំងៗ​បន្តបន្ទាប់​ពេល​ប្រឈមមុខ​ដាក់គ្នា​លើស​ង្វៀន​។ Aung La N Sang បង្កើត​កំណត់ត្រា​ឈ្នះ ៦ លើក​ជាប់​គ្នា​ទល់នឹង​ជើង​ខ្លាំង​លំដាប់​ពិភពលោក ក្នុងនោះ​រួមទាំង​ការ​ផ្ដួល Alexandre Machado ឲ្យ​សន្លប់​ត្រឹម ៥៦ វិនាទី​ដើម្បី​លើក​ខ្សែក្រវាត់​ថ្មី ONE Light Heavyweight World Title  និង ផ្ដួល​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera ឲ្យ​សន្លប់​ជាដើម​។ Aung La N Sang មាន​កម្លាំង​ដៃ​មហា​ទម្ងន់​រួមទាំង​ក្បាច់​សម្បូរបែប​សម្រាប់​បំបាក់​គូសត្រូវ​ចាស់​។ «​គេ​បានផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ពេលវេលា​ដ៏​លំបាក​ពេល​យើង​ជួបគ្នា​ពីមុន​។ ប៉ុន្តែ ពេលនេះ​ខុសប្លែកគ្នា​។ ឥឡូវនេះ ខ្ញុំ​ជា​អ្នក​ប្រកួត​អាជីព​ពិតប្រាកដ មាន​ក្រុម​មួយ​ដ៏​ល្អ និង ហាត់​ជាមួយ​ដៃគូ​ដ៏​ល្អ​ក្នុង​លោក​ជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ឈានដល់​កម្រិត​មួយ​ផ្សេងទៀត​តាំងពី​ប្រកួត​ចុងក្រោយ​ម្ល៉េះ​»​។ ម្ចាស់​ខ្សែក្រវាត់ Middleweight និង Light Heavyweight រំលឹក​បែបនេះ​។ 
 
​ជើង​ខ្លាំង​មី​យ៉ាន់​ម៉ា សង្កត់ធ្ងន់ថា ៖«​គ្រប់ការ​ប្រកួត​ដែល​អ្នក​វ៉ៃ គឺ​ពិតជា​សំខាន់​ណាស់ ប៉ុន្តែ​ពេលនេះ​គឺជា​ការប្រកួត​បិទទ្វារ​មិនមាន​អ្នកទស្សនា​ពេល​ឡើង​តតាំង​នឹង Vitaly នៅ​ថ្ងៃមុខ​។ កាល​ប្រកួត​លើក​មុន គេ​អាច​និយាយថា​ខ្ញុំ​សំណាង ឬ និយាយ​អ្វី​ផ្សេង​បាន​។ ពេលនេះ ខ្ញុំ​ត្រូវតែ​និយាយថា វា​ការប្រកួត​កាត់ក្ដី​។ ខ្ញុំ​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា Vitaly នឹងមិន​ឈ្នះ​ខ្ញុំ​»​។ 
 
​ម្ចាស់​ខ្សែក្រវាត់ ONE World Champion ពីរ​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​ដាក់​គោលដៅ​ថា​មិន​បន្លាយពេល​ប្រកួត​ដល់ ៥​ទឹក​ដូច​លើក​មុន​ទេ​។ Aung La N Sang បាន​តាំងចិត្ត​ខ្ពស់​ដើម្បី​ផ្ដួល​ដៃគូ​គ្រប់​វិនាទី​ពេល​នៅលើ​សង្វៀន​។ Aung La N Sang គូសបញ្ជាក់​ខ្លី​តែ​ន័យ​ជ្រៅ ៖«​ខ្ញុំ​ដឹងថា​ខ្ញុំ​អាច​បញ្ចប់​គេ​បាន ហើយ​ខ្ញុំ​នឹង​បញ្ចប់​ឲ្យ​លឿន​តាមតែ​អាចទៅរួច​»៕

© រក្សាសិទ្ធិដោយ thmeythmey.com