ជាតិ
សង្គមជាតិ
វត្ត​មួយ​នៅ​ព្រៃវែង ដាំ​បន្លែ និង​ផ្លែឈើ​ជាង​១០​ឆ្នាំ​ហើយ សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃ
10, Apr 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វត្ត​សិរិ​សាគរ​ដូន​ស្តើង នៅ​ខេត្តព្រៃវែង បាន​ដាំ​បន្លែ និង​ផ្លែឈើ​ជាច្រើន​ប្រភេទ សម្រាប់​ទុក​ធ្វើជា​ស្បៀងអាហារ​សម្រាប់​ឲ្យ​ព្រះសង្ឃ ក្នុង​វត្ត​នេះ​។ បន្លែ និង​ផ្លៃ​ឈើ​មួយចំណែក​ទៀត សម្រាប់​ចែកជូន​ដល់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដែល​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ ព្រះ​តេជគុណ អ៊ឹម ទៀង ព្រះគ្រូ​ចៅអធិការ​វត្ត​សិរិ​សាគរ​ដូន​ស្តើង មាន​សង្ឃដីកា​ថា បន្លែ និង​ផ្លែឈើ​ជាច្រើន​មុខ បាន​ដាំ​នៅក្នុង​បរិវេណ​វត្តមាន ដូចជា ស្ពៃ ត្រកួន ផ្ទី ខាត់ណា ត្រប់ ប៉េងប៉ោះ ពោត ស្លឹកគ្រៃ ល្ពៅ ដូងក្រអូប ព្រលិត រំ​ចង់ ចេក ខ្នុរ ស្វាយ ជម្ពូ និង ល្ហុង ជាដើម ដែល​សុទ្ធតែជា​ដំណាំ​ប្រើ​ជីធម្មជាតិ​។ ព្រះ​តេជគុណ បន្តថា បន្លែ និង​ផ្លែឈើ​ទាំងអស់​គឺ​ដាំ​ជាង​១០​ឆ្នាំ​មកហើយ ដែល​ដាំ​ដោយ​ព្រះសង្ឃ នៅក្នុង​វត្ត​នេះ​។  
 
​ព្រះអង្គ បន្ថែមថា ក្រៅពី​ដាំ​បន្លែ និង​ផ្លែឈើ​ក្នុង​ទំហំ​បណ្តោយ​៥០​ម៉ែត្រ និង​ទទឹង​ជាង​១០​ម៉ែត្រ ក៏មាន​ដាំ​ប្រភេទ​ផ្កា​សម្រាប់​បណ្តេញ​សត្វល្អិត​មិន​ឲ្យ​បំផ្លាញ​បន្លែ និង​បាន​ដាំ​ដើមឈើ​ជាច្រើន​ដើម​ផងដែរ​។ លើសពីនេះ ព្រះអង្គ បាន​ដឹកនាំ​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​នេះ ធ្វើស្រែ​ចម្ការ​សម្រាប់​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​របស់​ព្រះសង្ឃ​ផងដែរ​។ 


 
​ព្រះគ្រូ​ចៅអធិការ​វត្ត មាន​សង្ឃដីកា​ទៀត ផលដំណាំ​ទាំងអស់​សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃ​ក្នុង​វត្ត នេះ និង​ទុក​សម្រាប់​ចែកជូន​ដល់​ពុទ្ធបរិស័ទ និង​អ្នក​ដែល​ខ្វះខាត ពិសេស​ស្ថិតក្នុង​ស្ថានភាព​មាន​ជំងឺ​កូ​វីដ​-១៩​។ ព្រះអង្គ មាន​ថេរ​ដីកា​ថា​៖«​មាន​បន្លែ និង​ផ្លែឈើ​ដែល​យើង​ឆាន់​អត់​ទាន់ គឺ​សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​មូលដ្ឋាន និង​អ្នក​ដែល​មកពី​ចម្ងាយ​ក៏​យើង​ចែកជូន​ដល់​គាត់​ផងដែរ​។ ដល់ពេល​ធ្លាក់ភ្លៀង​មក អាត្មា​ចែក​ពូជស្រូវ​ដល់​ប្រជាជន ហើយ​ពូជ​បន្លែ​របស់​យើង​ក៏​បន្សាំ​ទុក​ឲ្យ​គាត់​ផងដែរ​»​។​
 
​ព្រះអង្គ លើកឡើងថា គ្រប់​ពុទ្ធបរិស័ទ​ដែល​ចង់​ឈ្វេងយល់​ពី​វិធី​ដាំ​បន្លែ​ធម្មជាតិ វត្ត​របស់​ព្រះអង្គ ក៏​អាច​ចែករំលែក​ពី​ពិធី​ដាំ​ឲ្យ​ទទួលបាន​ផល​ល្អ​ផងដែរ​។ ព្រះអង្គ បញ្ជាក់ថា​៖«​ការដាំ​បន្លែ​ធម្មជាតិ ធ្វើ​ឲ្យ​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​មនុស្ស​ដែល​រស់នៅក្នុង​វត្ត​ហ្នឹង ធ្វើ​ពលកម្ម​បញ្ចេញ​ញើស​។ ហើយ​បានជា​គំរូ​ដល់​បរិស័ទ​ទាំងឡាយ​ដែល​អាច​បង្កបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​គ្រួសារ​ដោយ​ការដាំ​បន្លែ​ធម្មជាតិ និង​ជា​មេរៀន​មួយ​សម្រាប់​ពួកគាត់​នៅ​ថ្ងៃក្រោយ​ផងដែរ​»៕
















Tag:
 ​វត្ត​អារាម​
 ​បន្លែ​
 ​ផ្លែឈើ​
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com