ជាតិ
Covid-19៖ មានអ្នកសះស្បើយ៤នាក់បន្ថែម និងរកឃើញថ្មី១នាក់
10, Apr 2020 , 9:05 am        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
កម្ពុជាបានព្យបាល​អ្នក​ឆ្លងកូវីដ-១៩ ឲ្យសះស្បើយ៤នាក់បន្ថែមទៀត ដែល​ធ្វើ​ឲ្យចំនួនអ្នក​ជាសរុបកើនដល់ ៧២នាក់។ នេះបើតាមសេចក្តីជូន​ព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១០ មេសានេះ។ នៅថ្ងៃនេះ ក្រសួងក៏ប្រកាសថាបានរកឃើញអ្នក​ឆ្លងថ្មី១នាក់ទៀតដែរ។



កម្ពុជា មានអ្នក​សះស្បើយពីកូវីដ-១៩ ចំនួន ៧២ហើយ ក្រោយក្រសួងសុខាភិបាល​បានបញ្ជាក់​ករណី​ជា ៤ករណីបន្ថែម នៅថ្ងៃទី១០មេសានេះ។ អ្នកជាសះស្បើយទាំង៤នាក់នេះ គឺបុរសជនជាតិខ្មែឬអាយុ៥៩ឆ្នាំ មានទីលំនៅនៅស្រុកស្អាង ខេត្តកណ្តាល។  បុរសខ្មែរ អាយុ៤៥ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម។ បុរសខ្មែរ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ និងបុរសជនជាតិម៉ាឡេស៊ី អាយុ៥៨ ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្រុងកែប ខេត្តកែប។ 

នៅថ្ងៃនេះ ក្រសួងក៏ប្រកាសថាបានរកឃើញអ្នក​ឆ្លងថ្មី១នាក់ទៀតដែរ ដែលជាស្ត្រីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាភ្ញៀវទេសចរស្នាក់នៅខុនដូមួយកន្លែង ក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 

គិតមកទល់ពេលអ្នក​ឆ្លងជំងឺកូវីដ-១៩ សរុបនៅកម្ពុជា មានចំនួន ១១៩នាក់ ក្នុងនោះមានអ្នក​ជាសះស្បើយ​ចំនួន ៧២នាក់ ដែលរួម​មានជនជាតិចិន១នាក់, ជនជាតិអង់គ្លេស៤នាក់, ជនជាតិបែលហ្សិក ១នាក់, ជនជាតិ​បារាំង២៤នាក់, ជនជាតិ​ម៉ាឡេស៊ី ៨នាក់ និងជនជាតិខ្មែរ៣៤នាក់។ ចំណែកអ្នក​កំពុង​សម្រាក​ព្យបាល​មាន​ចំនួន ៤៧នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com