COVID-19
អន្តរជាតិ
COVID-19៖ លោក ច​ន​សុន ចេញពី​បន្ទប់សង្គ្រោះបន្ទាន់ ក្រោយ​ស្នាក់នៅ​អស់បី​យប់​
10, Apr 2020 , 10:42 am        
រូបភាព
ប៉ូលិសអង់គ្លេសឈរការពារខាងមុខមន្ទីរពេទ្យ St Thomas ដែលនាយករដ្ឋមន្រ្តី បូរីស ចនសុន សម្រាកព្យាបាល COVID-19។ រូបភាព AFP
ប៉ូលិសអង់គ្លេសឈរការពារខាងមុខមន្ទីរពេទ្យ St Thomas ដែលនាយករដ្ឋមន្រ្តី បូរីស ចនសុន សម្រាកព្យាបាល COVID-19។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក បូរី​ស ច​ន​សុន បាន​ចាក​ចេញពី​បន្ទប់​សង្គ្រោះ​ហើយ​ក្រោយ​សា្ន​ក់នៅ​អស់បី​យប់ បន្ទាប់ពី​ស្ថានភាព​ជំងឺ COVID-19 របស់លោក​មិន​ធូរស្រាល​។ យ៉ាងណាមិញ លោក​នឹង​ស្នាក់នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ឡុង​ដ៍​មួយរយៈ​ទៀត​ដើម្បី​ការព្យាបាល​បន្ត​ដោយ​ក្រុមគ្រូពេទ្យ​អង់គ្លេស​។ ចំណែក​ស្ថានការណ៍ COVID-19 នៅ​អង់គ្លេស ក៏​នៅតែ​យ៉ាប់យ៉ឺន​ដោយ​ចំនួន​ករណី​ឆ្លង​ថ្មី និង​អ្នកស្លាប់​បន្ត​កើនឡើង​។​

 
​បើតាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន ត្រូវបាន​ផ្ទេរ​ពី​បន្ទប់​សង្គ្រោះ ICU ទៅកាន់​បន្ទប់​សម្រាក​ធ​ម្ម​តា​វិញ​ល្ងាច​ថ្ងៃទី​៩ ខែមេសា (​ម៉ោង​ចក្រភព​អង់គ្លេស​)​។ ទោះ​សុខភាព​របស់លោក​បាន​ធូរស្រាល​បន្តិច ក្រុមគ្រូពេទ្យ​អង់គ្លេស នឹង​បន្ត​តាមដាន​ឲ្យ​ជាប់លាប់​ព្រោះ​លោក​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​មុន​ឈានទៅដល់​ការ​សះស្បើយ​។​
 
«​លោក​មានព្រលឹង​ព្រលះ​ល្អ​ណាស់​។​» នេះ​ជាការ​បញ្ជាក់​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស Downing Street ។ លោក ច​ន​សុន ត្រូវបញ្ជូន​ទៅកាន់​បន្ទ​ប់ ICU នៃ​មន្ទីរពេទ្យ St Thomas កាលពីដើម​សប្ដាហ៍​នេះ ក្រោយពេល​អាការ COVID-19 នៅតែមាន​ក្នុង​ខ្លួន​របស់លោក ទោះជា​បាន​នៅ​ដោយឡែក​តាម​គោលការណ៍​ពេទ្យ​ហើយ​នោះ​។ លោក​ថែមទាំង​ត្រូវ​ការបំពាក់​អុកស៊ីសែន​ជំនួយការ​ដកដង្ហើម​ទៀតផង​។​
 
​ខណៈ​មុខព្រួញ​បាញ់​ទៅរក​ស្ថានភាព​លោក ច​ន​សុន នោះ ស្ថានភាព COVID-19 នៅ​ចក្រភព​អង់គ្លេស ក៏​មិនទាន់​ថមថយ​នៅឡើយ​។ គិត​ត្រឹម​ពេលនេះ អង់គ្លេស​មាន​ករណី​ឆ្លង​ទាំងអស់​ជាង​៦៥០០០​នាក់​។ ករណី​ស្លាប់​ឡើងដល់​៧៩៨៩​នាក់ ក្រោយ​ការរាយការណ៍​ករណី​ស្លាប់​ថ្មី​ចំនួន​៨៨១​នាក់​នៅ​ថ្ងៃទី​៩ ខែមេសា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​ថែមទៀត មន្ត្រី​រដ្ឋាភិបាល​អង់គ្លេស កំពុង​ពិចារណា​ពន្យារពេល​អនុ​វត្ត​វិធានការ​គម្លាត​សង្គម​តឹងរ៉ឹង​រយៈពេល​យូរ​ទៀត​។ ដំបូង អង់គ្លេស គ្រោង​អនុវត្ត​វិធានការ​នេះ​៣​សប្ដាហ៍ ប៉ុន្តែ​ស្ថានការណ៍​មិន​ធូរស្រាល វិធាន​ការដែល​នឹង​អស់​សុពលភាព​នៅ​ថ្ងៃទី​១៣ ខែមេសា ទំនងជា​ត្រូវ​បន្តទៀត​។ 
 
​រដ្ឋមន្ត្រីការបរទេស Dominic Raab ដែល​កំពុង​ជួយ​ចាត់ចែង​កិច្ចការ​ប្រទេសជាតិ​នោះ និយាយថា វិធានការ​នេះ ទំនងជា​មិនទាន់​អាច​ផ្អាក​ឡើយ ព្រោះ​អ្នកស្លាប់​នៅតែមាន ហើយ​ករណី​ឆ្លង​មិនទាន់់​ឡើងដល់​ចំណុចកំពូល​នៅឡើយ​៕

Tag:
 អង់គ្លេស​
  COVID-19
  បូរី​ស ច​ន​សុន
© រក្សាសិទ្ធិដោយ thmeythmey.com