ជាតិ
ពីនេះ ពីនោះ
តើ«វត្តអារាម» មានន័យដូចម្តេច?
× វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ នាមសព្ទ«វត្ត»មានន័យថា ប្រព្រឹត្តិ,ការកាន់សីលធម៌,សេចក្តីគោរព,ទំនៀម,សណ្តាប់ធ្នាប់។ ចំណែក«អារាម» មានន័យថា ប្រទេស ឬទីដែលនាំទឹកចិត្តឲ្យរីករាយ ដែលមានដូចជា សួន,សួនច្បារ, អាវាស ដែលមានសួនច្បារ និងកុដិលំនៅនៃពួកបព្វជិត។
ការណ៍ដែលគេហៅថា«វត្តអារាម» នេះដោយសារតែកាលពីមុន គេយក សួនច្បារ ឬឱទ្យានធ្វើជាទីអាវាសសម្រាប់ពូកបព្វជិត ដូចជាវត្ត វេឡុវ័ន ជាដើម។ ភាគច្រើន ក្នុងវត្តអារាមគេនិយមដាំដើមឈើតូចធំ ដែលមានរបៀបជាសួនច្បារ ជាទីសប្បាយប្លែកជាងភូមិលំនៅរបស់ពួកគ្រហស្ថ។
«វត្តអារាម»បានក្លាយជាទីកន្លែងមួយដែលមានពុទ្ធបរិស័ទទីជិត និងទីឆ្ងាយ ប្រមូលគ្នាមកធ្វើបុណ្យ ឧទ្ធិសកុសលជូនបងប្អូនដែលបានចែកឋានទៅ។ ភាគច្រើន គេនិយមធ្វើបុណ្យ និងឧទ្ទិសកុសល នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យកឋិនទាន បុណ្យភ្ជុំបិណ្ឌ ជាដើម។ វត្តអារាម ក៏ត្រូវបានពលរដ្ឋខ្មែរ ប្រើប្រាស់ជាទីកន្លែងសម្រាប់កម្សាន្តលេង នៅក្នុងពិធីបុណ្យផ្សេងៗដូចជា ការលេងល្បែងប្រជាប្រិយនាថ្ងៃបុណ្យចូលឆ្នាំខ្មែរជាដើម។
ពាក្យ«អារាម» បើសរសេរភ្ជាប់ពីខាងដើមនាមសព្ទដទៃ ដូចជា អារាមករ មានន័យថា អ្នកសាងសួន ឬអ្នកសាងវត្ត(បើស្ត្រីជា អារាមការិកា),អារាមចេតិយ (ចេតិយ ឬស្តូបក្នុងអារាម), អារាមនាយក ឬអារាមាធិបតី(ចាងហ្វាងសួន) បើស្រី្តជាអារាមនាយិកា, អារាមបាល(អ្នកថែអារាម គឺអ្នកថែសួន បើស្ត្រីជាអារាមបាលី ឬអារាមបាលិកា, អារាមបុស្ស ឬអារាមបុប្ផា គឺផ្កាក្នុងសួន ឬក្នុងវត្ត,អារាមព្រឹក្ស ឈើក្នុងវត្ត,អារាមភូមិ ទីសួន ឬទីវត្ត, អារាមាធិការ គឺចៅអធិការវត្ត ជាដើម។ អត្ថបទនេះដកស្រង់ពីវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com