ឈ្វេងយល់ពីច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ឈ្វេងយល់ពីច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន
10, Apr 2020 , 4:01 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាបុគ្គលចម្បង ដែលសរសេរសេចក្តីព្រាងច្បាប់ស្តីពីការគ្រង់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ លោក តំណាងឲ្យរដ្ឋាភិបាល ឡើងការពារសេចក្តីព្រាងច្បាប់នេះ ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ រូបពីរដ្ឋសភា
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាបុគ្គលចម្បង ដែលសរសេរសេចក្តីព្រាងច្បាប់ស្តីពីការគ្រង់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ លោក តំណាងឲ្យរដ្ឋាភិបាល ឡើងការពារសេចក្តីព្រាងច្បាប់នេះ ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ រូបពីរដ្ឋសភា
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១២មាត្រា។ បើគេ បានអានសេចក្តីព្រាងច្បាប់នេះ គេ អាចនឹងចាប់អារម្មណ៍ខ្លាំងទៅលើមាត្រា៥ ក្នុងជំពូកទី៣ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និង មាត្រា៧ ដល់ មាត្រា១០ ក្នុងជំពូកទី៤ ស្តីពីទោសបញ្ញត្តិ។



ពេលប្រទេស ត្រូវបានដាក់ឲ្យស្ថិតក្នុងគ្រាមានអាសន្ន រដ្ឋាភិបាល អាចធ្វើអ្វីបានខ្លះ អាចដាក់ចេញវិធានការអ្វីខ្លះ ហើយមានសិទ្ធិអំណាចកម្រិតណា គឺមានចែងក្នុងមាត្រា៥ នៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ យោងតាមមាត្រា៥ ក្នុងជំពូកទី៣ រដ្ឋាភិបាល មានសិទ្ធិអំណាចដាក់ចេញវិធានការ១២យ៉ាងគឺ៖

១. ហាមឃាត់ ឬដាក់កម្រិតលើសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។

២. ហាមឃាត់ ឬដាក់កម្រិតលើសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។

៣. ហាមឃាត់ ឬដាក់កម្រិតលើការធ្វើសកម្មភាពការងារ ឬមុខរបរ។

៤. ហាមឃាត់ ឬដាក់កម្រិតមិនឲ្យបុគ្គលចេញពីលំនៅឋាន ឬទីសំណាក់ណាមួយ។

៥. ចេញវិធានដាក់មនុស្សឲ្យនៅដាច់ដោយឡែក ក្នុងករណីគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។

៦. ចេញវិធានការទាក់ទងនឹងកំណែននិងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។

៧. ចេញវិធានការទាក់ទងនឹងការធ្វើកំណែន ការដកហូត ការគ្រប់គ្រង ការចាត់ចែងទ្រព្យសម្បត្តិរូបវន្តបុគ្គល និងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លយតបចំពោះភាពអាសន្ន។ នីតិវិធីនៃការធ្វើកំណែន ការដកហូត ការគ្រប់គ្រង ការចាត់ចែង ព្រមទាំងការផ្តល់សំណង ត្រូវកំណត់ដោយរដ្ឋាភិបាល។ (ចំណុចនេះ មិនបានបញ្ជាក់ឲ្យច្បាស់ឡើយថា ជាទ្រព្យសម្បត្តិរដ្ឋឬឯកជន តែទំនងជាចង់សំដៅលើឯកជន)។

៨. ចេញវិធានការទាក់ទងនឹងការកំណត់ថ្លៃទំនិញនិងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។

៩. ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។

១០. ចេញវិធានការឃ្លាំមើល និងតាមដានតាមគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។

១១. ហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មាន ដែលអាចបង្កឲ្យមានការភ័យខ្លាចដល់សាធារណជន ឬចលាចល ឬដែលនាំឲ្យខូចខាតដល់សន្តិសុខជាតិ ឬធ្វើឲ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។

១២. ចេញវិធានការដទៃទៀត ដែលសមស្របនិងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។

ក្រៅពីប្រគល់សិទ្ធិអំណាចទាំង១២យ៉ាងនេះ ទៅឲ្យរដ្ឋាភិបាល មាត្រា៥ ក៏បានចែងដែរថា វិធានការអនុវត្តពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេស ឬដែនដីកំណត់ជាក់លាក់ណាមួយ។

កថាខណ្ឌចុងក្រោយនៃមាត្រា៥ សង្កត់ធ្ងន់ថា៖«ក្នុងពេលសង្គ្រាម ឬក្នុងកាលៈទេសៈដទៃទៀត  ដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយរដ្ឋាភិបាល អាចធ្វើឡើងតាមរបបអាជ្ញាសឹក»។

មាត្រា៦ ក្នុងជំពូកទី៣ដដែល ចែងថា រដ្ឋាភិបាល ត្រូវរាយការណ៍ជាប្រចាំអំពីវិធានការ ដែលខ្លួនបានដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា។ រដ្ឋសភា និងព្រឹទ្ធសភា អាចស្នើសុំព័ត៌មានចាំបាច់បន្ថែមផ្សេងទៀពីរដ្ឋាភិបាលក្នុងក្របខណ្ឌនៃការត្រួតពិនិត្យ និងការវាយតម្លៃអំពីវិធានការ ដែលបានដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដោយអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា។

បើចង់ដឹងពីទំហំនៃទោសទណ្ឌ គេ អាចមើលចាប់ពីមាត្រា៧ ដល់មាត្រា១០ ក្នុងជំពូកទី៤។

មាត្រា៧ ចែងថា ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀលទៅ១០លានរៀល។ អំពើរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ កាលបើអំពើនោះ នាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។

មាត្រា៨ ចែងថា ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមបញ្ញាតិ្តនៃមាត្រា៥នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី១សែនរៀលទៅ២លានរៀល។ អំពើមិនគោរពតាមវិធានការ ពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀលទៅ១០លានរៀល កាលបើអំពើនេះ នាំឲ្យមានចលាចលជាសាធារណៈ។

មាត្រា៩ ចែងថា នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចចែងក្នុងនៅមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតីបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៧នៃច្បាប់នេះ។ នីតិបុគ្គល ត្រូផ្តន្ទាទោសពិន័យប្រាក់ពី ១រយលានរៀល ទៅ ១ពាន់លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតីបុគ្គល) នៃក្រមព្រហ្មទណ្ឌ។

មាត្រា៩ បន្តថា នីតិបុគ្គល អាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៨ នៃច្បាប់នេះ។ នីតិបុគ្គល ត្រូវផ្តន្ទាទោសពិន័យប្រាក់ពី ៥០លានរៀលទៅ ៥រយលានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។

សម្រាប់មាត្រា១០ គឺទាក់ទងនឹងអាជ្ញាធរមានសមត្ថកិច្ច ដោយចែងថា អាជ្ញាធរមានសមត្ថកិច្ច ដែលប្រើប្រាស់សិទ្ធិអំណាចតាមទំនើងចិត្ត ដោយរំលោភបំពាន ខុសពីគោលបំណងនៃច្បាប់នេះ ហើយបង្កការប៉ះពាល់ដល់រូបរាងកាយឬការខូចខាតដល់ទ្រព្យសម្បត្តិរបស់បុគ្គលដទៃ ត្រូវទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមច្បាប់កម្ពុជា។

គេ អាចយល់ពីបែបបទ នីតិវិធី និង លក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅក្នុងជំពូកទី២ ដែលមានសរសេរ២មាត្រា គឺមាត្រា៣ និងមាត្រា៤។

មាត្រា៣ ចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។

មាត្រា៣ បន្ថែមថា ការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។ ការកំណត់ថិរវេលាសម្រាប់ការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មិនឲ្យលើសពី៣ខែឡើយ ហើយថិរវេលានេះ អាចត្រូវបានបន្តក្នុងលក្ខខណ្ឌដូចគ្នា។ កាលៈទេសៈ ដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចត្រូវបញ្ចប់ទៅវិញដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្រ្តី បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា កាលបើកាលៈទេសៈពិសេសនេះ បានចប់ទៅវិញមុនកាលកំណត់ (៣ខែ) នៃថិរវេលា ដែលមានចែងក្នុងព្រះរាជក្រឹត្យទាក់ទងនឹងការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

មាត្រា៣ សរសេរទៀតថា នៅគ្រប់ករណីទាំងអស់ រដ្ឋសភាឬព្រឹទ្ធសភា មានសិទ្ធិបញ្ចប់កាលៈទេសៈ ដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បើសភាពការណ៍អនុញ្ញាត ដោយអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា។ បន្ទាប់ពីមានការសម្រេចរដ្ឋសភាឬព្រឹទ្ធសភា ការបញ្ចប់កាលៈទេសៈពិសេសនេះ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី។ បើរដ្ឋសភាឬព្រឹទ្ធសភា មិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍ នៅពេលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្ន ត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។

មាត្រា៤ ចែងថា ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬ ការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធរណៈ ព្រមទាំងគ្រោះថ្នាក់មហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់ពីការរីករាលដាលដល់កម្រិតទូទាំងប្រទេស។

មាត្រា១១ ចែងថា បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ហើយមាត្រា១២ ចែងថា ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់។ មាត្រា១១ និងមាត្រា១២ ស្ថិតក្នុងជំពូកទី៥ ស្តីពីអវសានប្បញ្ញត្តិ។

បើចង់ដឹងពីគោលបំណងនិងវិសាលភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ចូរអានមាត្រា១ និងមាត្រា២ ក្នុងជំពូកទី១ ស្តីពីបទប្បញ្ញត្តិទូទៅ។

មាត្រា១ ចែងថា ច្បាប់នេះ កំណត់អំពីបែបបទ នីតិវិធី និង លក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិនិងបរិស្ថាន។

មាត្រា២ ចែងថា ច្បាប់នេះ មានវិសាលភាពអនុវត្តនៅពេលប្រទេសជាតិ ត្រូវបានដាក់ក្នុងស្ថានភាពអាសន្ន ស្របតាមមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺយកមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញ ជាធ្វើជាគោល។ មាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញ ចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ជានីតិវិធី រដ្ឋសភា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅព្រឹទ្ធសភា។ បន្ទាប់ពីព្រឹទ្ធសភា អនុម័ត នឹងត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញរួចហើយ ព្រះមហាក្សត្រ នឹងចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។

ការរាលដាលជំងឺកូវីដ-១៩ ជាមូលហេតុចម្បង ដែលធ្វើឲ្យរដ្ឋាភិបាល នឹកឃើញពីការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ រដ្ឋាភិបាល មិនទាន់អាចដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន ដោយសារតែកម្ពុជា មិនទាន់មានច្បាប់។

ប្រមុខរដ្ឋាភិបាល ប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចនឹងចេញ (ចូលជាធរមាន) នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ៕

Tag:
 COVID-19
  ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com