ជាតិ
គណៈកម្មការ​វត្ត​អធ្វា នៅតែ​រៀបចំ​ពិធី​ពូន​ភ្នំខ្សាច់​១០០ បួងសួង​សុំ​សេចក្ដីសុខ
10, Apr 2020 , 10:59 pm        
រូបភាព
​សៀមរាប​៖ គណៈកម្មការ​វត្ត​អធ្វា ដែលមាន​ការព្រមព្រៀង​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប គ្រោង​រៀបចំ​ពិធី​ពូន​ភ្នំខ្សាច់​១០០ ក្នុង​បំណង​ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ និង​បញ្ជៀ​ស​ជំងឺ​កាច​សាហាវ​ទាំងឡាយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​។​

 
​ចាស់ទុំ​ដែល​ផ្តួចផ្ដើម​ឱ្យមាន​ពិធី​ពូន​ភ្នំខ្សាច់​១០០​មួយរូប លោក ម៉ម ម៉ៃ បានឱ្យដឹងថា ពិធី​ពូន​ភ្នំខ្សាច់​គឺជា​ទំនៀម​ដែល​តែង​ធ្វើ​រៀងរាល់​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ គ្រាន់តែ​ថា រាល់​ឆ្នាំ​ពិធី​នេះ​ធ្វើ​ធម្មតា មិនមាន​រៀប​អាសនៈ​៥​ថ្នាក់​ដូច​ឆ្នាំនេះ​ទេ​។ គណៈកម្មការ​វត្ត​កំពុង​មមាញឹក​រៀបចំ​រោង​អាសនៈ​៥​ថ្នាក់ សម្រាប់​រៀបចំ​ពិធី​ពូន​ភ្នំខ្សាច់​១០០ នៅ​បរិវេណ​វត្ត​អធ្វា​។​
 
 
​តាម​ការបញ្ជាក់​របស់ ម៉ម ម៉ៃ អ្នកភូមិ​មាន​ជំងឺ​រៀបចំ​ពិធី​ខាងលើនេះ​តាំងពី​ដូនតា​មក ហើយ​បើ​មិន​ធ្វើ​ដូច​មិន​អស់ចិត្ត ទើប​សម្រេចចិត្ត​ធ្វើ​ខាន​តែ​បាន ក្នុង​បំណង​សុំ​សេចក្ដីសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស និង​សុំឱ្យ​ជំងឺ​កាច​សាហាវ​រលាយបាត់​ពី​ប្រទេស​ឆាប់ៗ​។ ជំងឺ​កាច​សាហាវ​ដែល​លោក ម៉ម ម៉ៃ សំដៅ​នោះ គឺ​កូ​វីដ​១៩​។ លោក​បន្ថែមថា តាំងពីដើម​ចាស់ៗ​ក្នុងភូមិ​បានរៀបចំ​ពិធី​នេះ​រាល់ពេល​មាន​សង្គ្រាម អាសន្ន​ធំៗ និង​ជំងឺ​អាសន្នរោគ​ជាដើម ហើយ​តែង​សមប្រកប​ដូច​អ្វីដែល​បាន​បួងសួង​។ 
 
​យ៉ាងណាក៏ដោយ លោក ម៉ម ម៉ៃ ពន្យល់ថា​ពិធី​នៅ​ឆ្នាំនេះ​លោក​មិនសូវ​ចង់ឱ្យ​ពលរដ្ឋ​ចូលរួម​ច្រើន​ទេ ហើយ​ក៏បាន​ត្រៀម​រៀបចំ​ឱ្យ​ពលរដ្ឋ​អង្គុយ​បួងសួង​នៅ​ឆ្ងាយៗ​ពីគ្នា​ផងដែរ ដើម្បី​ការពារ​ឆ្លង​ជំងឺ​ជាយថាហេតុ​។ លោក​បន្ថែមថា ពិធី​នេះ​មិនមែន​ធ្វើ​ដើម្បី​បំពាន​ទៅនឹង​បម្រាម​រាជការ​ទេ គឺមាន​ការសុំ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ ដើម្បីឱ្យ​ពលរដ្ឋ​បាន​ប្រតិបត្តិ​តាម​ជំនឿ​ពី​បុរាណកាល​មក​៕
 








Tag:
 ពូន​ភ្នំខ្សាច់​១០០
  វត្ត​អធ្វា​
© រក្សាសិទ្ធិដោយ thmeythmey.com