COVID-19
ជាតិ
សៀមរាប​ទទួលបាន​ព​ល​រដ្ឋ​ចំណាកស្រុក​៤២​នាក់​ទៀត​ពី​ថៃ ដែល​ត្រូវ​រស់នៅ​ដាច់ដោយឡែក
11, Apr 2020 , 6:29 am        
រូបភាព
មន្ត្រីសុខាភិបាលពិនិត្យសុខភាពជាបន្តបន្ទាប់ជូនពលរដ្ឋដែលទើបចំណាកស្រុកមកពីថៃ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០
មន្ត្រីសុខាភិបាលពិនិត្យសុខភាពជាបន្តបន្ទាប់ជូនពលរដ្ឋដែលទើបចំណាកស្រុកមកពីថៃ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០
​ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមេសា ទទួលបាន​ពលរដ្ឋ​ចំណាកស្រុក​៤២​នាក់​ទៀត​មកពី​ប្រទេស​ថៃ ដែល​ចូល​មកវិញ​តាម​ច្រក​អូរ​ស្មាច់ ច្រក​ជាំ​ស្រ​ង៉ា​ម និង​ច្រក​ប៉ោយប៉ែត​។ អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ លោក​អភិបាលខេត្ត ទៀ សីហា និង​ស្ថាប័ន​ជំនាញ​ខេត្ត បានកំណត់​យក​សាលាបឋមសិក្សា​អនុវត្ត​គរុកោសល្យ ជាទី​តាំង​ស្នាក់នៅ​បណ្តោះអាសន្ន​របស់​ពលរ​ដ្ឋ​ទាំងនោះ​។​



​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដែល​បាន​ចុះទៅ​ទទួល​បណ្តា​ពលរដ្ឋ​ទាំងនោះ​ផ្ទាល់​ពី​ព្រំដែន បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នក​ចំណាកស្រុក​ទាំងនោះ មក​ប្រភពពី​ស្រុក​ចំនួន​៥​ក្នុង​ខេត្តសៀមរាប ពោលគឺ​ស្រុក​ស្រីស្នំ ក្រឡាញ់ ជីក្រែង ពួក និង​អង្គរជុំ​។


លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។ រូបថត ហ្វេសប៊ុករបស់លោក

បើតាម​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ពលរដ្ឋ​ទាំង​៤២​នាក់ ត្រូវ​ស្កែ​ន​ពិនិត្យមើល​រោគសញ្ញា ហើយ​ក្នុងករណី​មាន​រោគសញ្ញា ពួកគាត់​នឹងត្រូវ​ដាក់​នៅ​កន្លែង​សង្ស័យ និង​យក​សំណាក​ទៅពិនិត្យ រីឯ​អ្នក​គ្មាន​រោគសញ្ញា នឹង​ត្រូវបាន​បញ្ជូនទៅ​តាម​ស្រុក ដោយ​អាជ្ញាធរ​ស្រុក​នីមួយៗ ចាំ​ទ​ទួ​ក និង​រៀបចំ​ដាក់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ នៅ​ទីតាំង​ដែល​បានរៀបចំ​។​

«​ទោះបីជា​យើង​អនុញ្ញាត​ឲ្យ​ពួកគេ​ទៅ​ស្រុកភូមិ​ក៏ដោយ ប៉ុន្តែ​ពួកគាត់​មិនអាច​ទៅ​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​ភ្លាមៗ​នោះឡើយ ដោយ​ត្រូវ​រស់នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ និង​ស្ថិតក្រោម​ការពិនិត្យ​ពី​មន្ត្រី​សុខាភិបាល​មូលដ្ឋាន​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ក្រុស សារ៉ាត់​។​


កន្លែងស្នាក់នៅ​សម្រាប់អ្នកចំណាកស្រុកដែលស្ថិតនៅសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្តសៀមរាប

​ជាមួយគ្នានេះ លោក ទៀ សីហា  អភិបាលខេត្ត​សៀមរាប បាន​ជំរុញ​ដល់​មន្ត្រី​សុខាភិបាល​និ ង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​សុខភាព​ពួកគាត់​ឲ្យ​បាន​ម៉ត់ចត់ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​បរិវេណ​ដែល​បាន​ហាម​នោះទេ  បើ​គ្មាន​ការអនុញ្ញាត​ពី​មន្ត្រី​ច​ត្តា​ឡី​ស័ក​ប្រចាំការ​នៅ​ទីនោះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com