COVID-19
ជាតិ
ពលរដ្ឋ​ខ្លះ មើលស្រាល​កូ​វីដ​-១៩ ដោយ​នៅតែ​គិតថា​ខ្លួន​មាន​សុវត្ថិភាព និង​មិនអាច​ឆ្លង
11, Apr 2020 , 5:35 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត ពិសេស​មនុស្ស​ចាស់ និង​យុវជន ហាក់ដូចជា​មើលស្រាល​មេរោគ​កូ​វីដ​-១៩ ដោយ​មិន​បារម្ភ​និង​មិន​យកចិត្ត​ទុក​ការពារ ឬ​ទប់ស្កាត់​ការឆ្លង​មេរោគ​នេះ ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា ក៏​ដូច​ពិភពលោក​កំពុង​ព្រួយបារម្ភ​នៃ​ឥទ្ធិពល​ឆ្លង​រាលដាល​យ៉ាង​រហ័ស​នៃ​មេរោគ​នេះ​។ ពលរដ្ឋ​ទាំងនោះ​នៅតែ​បន្តសកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន ជួបជុំគ្នា​លេងល្បែង​ស៊ីសង ផឹកស៊ី ជា​ក្រុមៗ ដែល​ធ្វើ​ផ្ទុយ​ពី​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ ដែល​តម្រូវឱ្យ​ពលរដ្ឋ​មិនត្រូវ​ចេញ​ក្រៅ​ផ្ទះ​បើ​គ្មាន​ការ​ចំ​បាច់​។​



​រស្មី [​ឈ្មោះ​ថ្មីៗ​ដាក់​ឲ្យ​] ជា​យុវជន​មួយរូប​រស់នៅ​ភូមិ​មួយ ក្នុងស្រុក​ស្អាង ខេត្តកណ្តាល ក្រោយ​ទំនេរ​ពី​ការងារ គឺ​រស្មី​តែងតែ​ចាក​ចេញពីផ្ទះ​ទៅលេង​បាល់ទះ និង ជួបជុំគ្នា​ផឹក​-​ស៊ី ជាមួយ​មិត្តភក្តិ​នានា ក្នុងភូមិ​។ ចេញ​ទៅណា មក​ណា រស្មី ដែលមាន​អាយុ​២៥​ឆ្នាំ មិនដែល​ពាក់​ម៉ាស់ ហើយ​មិន​រុំ​មុខ​នឹង​ក្រ​ម៉ា កន្សែង ឬ​ម៉ាស់ ដើម្បី​បង្ការ​ខ្លួន​ពី​ការឆ្លង​មេរោគ​កូ​វីដ​-១៩ នេះឡើយ​។ ជាមួយគ្នានេះ​ការ​អនាម័យ​ខ្លួនប្រាណ​ក៏មាន​កម្រិត​ទាប​ផងដែរ​។  
 
​រស្មី ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) ថា ការលេង​ដើរ និង​ការជួប​ជុំគ្នា​របស់លោក គឺ​មានតែ​មិត្តភក្តិ​៤-១០​នាក់​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​ប៉ុណ្ណោះ ដោយ​មិន​បារម្ភ​ពី​ការឆ្លង​មេរោគ​កូ​វីដ​-១៩​ឡើយ​។ យុវជន​រូបនេះ​បាន​និយាយ​ដូច្នេះ​៖«​មិត្តភក្តិ​ក្នុង​ក្រុម​ខ្ញុំ​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ហ្នឹង​ទេ ហើយ​ក្នុងភូមិ​ខ្ញុំ​ក៏​គ្មាន​អ្នក​ឆ្លង​ដែរ​។ ខ្ញុំ​ដើរ​បែប​ហ្នឹង​យូរហើយ បើ​វា​ឆ្លង​គឺ​ឆ្លង​បាត់​ហើយ​»​។ 
 
​យុវជន​ដែលមាន​រាងកាយ​មាំមួន កម្ពស់​ខ្ពស់ និង​មាឌ​ដំបង​រូបនេះ មិន​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​នេះឡើយ ខណៈដែល​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ ជា​បន្តបន្ទាប់​។ 
 
«​មិន​ថា​ជំងឺ​កូ​វីដ​-១៩ ឬ​ជំងឺ​ផ្សេងៗ​ទេ បើ​វា​ប្រុង​កើត គឺ​កើត​ហើយ​។ ទោះ​យើង​តែមួយ​កន្លែង ខំ​បង្ការ​យ៉ាងណា​ក៏​វា​នៅតែ​កើត​ដូចគ្នា​ហ្នឹង​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សុខា ដែល​កំពុង​អង្គុយ​ជុំគ្នា​ជាមួយ​អ្នកភូមិ​ដូចគ្នា​ក្នុង​ខេត្តកណ្ដាល​។  ស្ត្រី​រូបនេះ ហាក់​មិនសូវ​យកចិត្តទុកដាក់​តាមដាន ពី​វិធាន​ការពារ​ខ្លួន​នានា​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ តាមរយៈ​ទូរទស្សន៍ ឬ​វិទ្យុ ឬ​បណ្តាញ​ទំនាក់ទំនង​សង្គម​ឡើយ​។ ជាពិសេស​អនុវត្ត​ផ្ទុយ​ពី​ការផ្សព្វផ្សាយ​របស់​អាជ្ញា​ធរ​ក្នុង​តំបន់ ដែល​តម្រូវឱ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​សហការគ្នា ដោយ​កាត់បន្ថយ​ការចេញ​ក្រៅ​ផ្ទះ​ឬ​ការជួបជុំ​នានា​ដែល​ចំ​បាច់ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។ 
 
​ស្ត្រី​វ័យ​៥០​ឆ្នាំ​រូបនេះ មិន​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុងការ​ទប់ស្កាត់​ឬ ការពារ​ខ្លួន និង​ក្រុមគ្រួសារ ទេ ដោយ​អ្នកស្រី​នៅតែ​រក្សា​ទម្លាប់​ប្រចាំថ្ងៃ​ដដែល​។ អ្នកស្រី សុខា បាន​និយាយ​ដូច្នេះ​៖« ខ្ញុំ​គ្មាន​ទិញ​អាល់កុល​ឬ​ជែ​ល​លាងដៃ​សម្លាប់​មេរោគ​អ្វី​ទេ បើ​ក្នុងភូមិ​យើង​គ្មាន​អ្នកមាន​កូ​រ៉ូ​ណា​(​កូ​វីដ​-១៩)​ហ្នឹង​ផង​។ ម្យ៉ាងទៀត ខ្ញុំ​ជួបជុំគ្នា​គឺ​ជុំ​តែ​អ្នកភូមិ​ជាមួយគ្នា​,  គ្មាន​អ្នក​ចម្លែក​មក​ក្រៅពី​អ្នកភូមិ​ទេ​។ ដូច្នេះ គ្មានអ្វី​ដែល​យើង​ខ្លាច​ឆ្លង​មេរោគ​កូ​វីដ ហ្នឹង​ផង​»​។ បច្ចុប្បន្ន ផ្ទះ​អ្នកស្រី សុខា មាន​សមាជិក​៣​នាក់​ក្នុង​គ្រួសារ​។ 
 
​សូមជម្រាបថា ក្រសួងសុខាភិបាល ក៏​ដូច​រដ្ឋាភិបាល​កម្ពុជា  កំពុង​ផ្សព្វផ្សាយ និង​បន្ត​អនុវត្ត​សកម្មភាព​នានា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​រាលដាល​នៅ​កម្ពុជា និង​ប្រទេស​នានា​ក្នុង​សកលលោក​។ ជាមួយនឹង​គ្នា​នេះ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​ប្រយុទ្ធ​នឹង​មេរោគ​កូ​វីដ​-១៩ ដោយ​អនុវត្ត​វិធាន​បង្ការ​ចំ​បាច់​ប្រចាំថ្ងៃ​មួយចំនួន​។ វិធាន​បង្ការ​ពី​ខ្លួន​ពី​ការឆ្លង​កូ​វីដ​-១៩ មានដូចជា ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​, ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា​ឱ្យបាន​ត្រឹមត្រូវ​, ផ្អាក​ធ្វើដំណើរ​បើ​មិនចាំបាច់​, ចៀសវាង​ទៅ​កន្លែង​ប្រមូលផ្តុំ​, កុំ​យកដៃ​ទៅ​ប៉ះ​ផ្ទៃមុខ​របស់លោក​-​អ្នក និង​រក្សា​គម្លាត​ឬ​ចម្ងាយ​ពីគ្នា​ឱ្យបាន​យ៉ាងតិច​១,៥​ម៉ែត្រ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com