ស្ទឹងត្រែង៖ ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរនៅក្នុងសហគមន៍អេកូរទេសចរណ៍ព្រះរំកិល បាត់ចំណូលប្រចាំថ្ងៃ ដោយខ្សត់ភ្ញៀវទេសចរមកកម្សាន្តព្រោះចំនួនសត្វផ្សោតធ្លាក់ចុះ។ ធ្លាក់ចុះចំនួនផ្សោតនៅក្នុងដែនសហគមន៍ព្រះរំកិល គឺផ្សោតទាំងនេះទៅជ្រកនៅក្នុងទន្លេមេគង្គឡាវវិញ ដែលជាតំបន់ទឹកជ្រៅជាងទន្លេមេគង្គកម្ពុជា។ ទាំងអាជីវករ និងឆ្មាំប្រាំសហគមន៍អេកូទេសចរព្រះរំកិល យកចិត្តទុកដាក់កាន់តែខ្ពស់ក្នុងការថែរក្សាសត្វផ្សោតឲ្យនៅគង់វង្សក្នុងដែនទឹកកម្ពុជា។
ដើម្បីជ្រាបបន្ថែម សូមលោក-អ្នកនាង អញ្ជើញទស្សនាវីដេអូបទយកការណ៍ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិលដូចតទៅ៖
ក្នុងដំណើរទស្សនកិច្ចសារព័ត៌មានទៅកាន់តំបន់ទេសភាពព្រៃលិចទឹកដងទន្លេមេគង្គ ដែលរៀបចំឡើយដោយអង្គការ WWF និងអង្គការ NTFP-EP កម្ពុជា អ្នកសារព័ត៌មានជាច្រើនស្ថាប័ន រួមទាំងអ្នកសារព័ត៌មានថ្មីៗ២៥ បានទៅទស្សនាផ្ទាល់រមណីយ និងជិះទូកទៅទស្សនាសត្វផ្សោតនៅខាងទន្លេមេគង្គឡាវ។ អ្នកសារព័ត៌មាន ក៏បានរងចាំផ្ដិតយករូបភាព សត្វផ្សោតទាំងនោះ ដែលបានងើបឡើងគួរឲ្យចង់ទស្សនាម្ដងហើយម្ដងទៀត។
ក្រុមការងារ ThmeyThmey25 បានចូលរួមក្នុងដំណើរទស្សនកិច្ចសារព័ត៌មានទៅកាន់តំបន់ព្រៃលិចទឹកតាមដងទន្លេមេគង្គ និងបានទៅទស្សនាផ្ទាល់នៅរមណីយដ្ឋានព្រះរំកិល ដែលស្ថិតនៅទឹកដីខេត្តស្ទឹងត្រែងជាប់ព្រំដែនប្រទេសឡាវ ដែលរៀបចំឡើយដោយអង្គការ WWF និងអង្គការ NTFP-EP កម្ពុជា។
នៅជ្រុងម្ខាងនៃសហគមន៍អេកូរទេសចរណ៍«ព្រះរំកិល» តាំងពីព្រឹកដល់ថ្ងៃរសៀលនៅតាមតូបលក់ម្ហូបអាហារនីមួយៗ មានសភាពស្ងប់ស្ងាត់ ដោយពុំសូវមានភ្ញៀវទេសចរមកកម្សាន្តដូចមុនៗឡើយ។ ខ្សត់ភ្ញៀវទេសចរដោយសារផ្លូវលំបាកជារឿងមួយ តែសំខាន់គឺមិនសម្បូរសត្វផ្សោតទៀតឡើយនារដូវប្រាំងនេះ ដោយវាទៅជ្រកក្នុងទន្លេមេគ្គឡាវដែលមានទឹកជ្រៅជាងទន្លេមេគង្គកម្ពុជា។ ថ្ងៃខ្លះក៏ឃើញមានសត្វផ្សោតចុះមកខាងទន្លេមេគង្គកម្ពុជា ថ្ងៃខ្លះក៏មិនឃើញចុះមក។
អ្នកស្រី ជឿន ធីតា អាជីវករលក់ដូរនៅរមនីយដ្ឋានព្រះរំកិល ដែលស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានអះអាងប្រាប់ ThmeyThmey25 ដូច្នេះថា៖«អត់សូវមានភ្ញៀវទេសឥឡូវ! ភ្ញៀវបរទេសធ្លាក់ចុះច្រើន ហើយភ្ញៀវទេសចរខ្មែរក៏ធ្លាក់ដែរ។ និយាយទៅ មកពីផ្លូវវាពិបាកផង និងផ្សោតមិនសូវនៅហ្នឹងច្រើនដូចពីមុន ព្រោះវាបានផ្លាស់ប្តូរទីកន្លែងទៅនៅខាងលើវិញ (ទន្លេមេគង្គឡាវ) តាំងពីគេធ្វើទំនប់វារីអគ្គីសនីដនសាហុងមក»។ អាជីវករវ័យ៣០ឆ្នាំ ដែលលក់បាយដំណើប និងបុកល្ហុងនៅសហគមន៍អេកូរទេសចរណ៍ព្រះរំកិល រយៈពេល៣ឆ្នាំមកហើយនោះ ធ្លាប់តែរកចំណូលបាន៦០ម៉ឺនរៀលក្នុងមួយថ្ងៃ មកនៅក្រោម១០ម៉ឺនរៀលប៉ុណ្ណោះ។
ស្ថិតនៅខាងមុខសហគមន៍អេកូរទេសចរណ៍ព្រះរំកិល ដែលមានដាក់តាំងរូបចម្លាក់សត្វផ្សោត ជាកន្លែងភ្ញៀវទេសចររងចាំជិះទូកទៅទស្សនាសត្វផ្សោយ។ នៅឆ្វេងដៃនៃរូបចម្លាក់នេះ គឺតូបលក់អាហាររបស់អ្នកស្រី សាយ វណ្ណា ដែលកំពុងរងផលប៉ះពាល់ពីការធ្លាក់ចុះចំនួនសត្វផ្សោត ជាហេតុនាំឲ្យពុំសូវមានភ្ញៀវទេសចរមកកម្សាន្តទីនេះ។ អាជីវករ សាយ វណ្ណា បង្ហាញក្តីបារម្ភដូច្នេះ៖«ខ្ញុំកាន់តែបារម្ភហើយ! បើអស់ពីផ្សោតទៅ មានតែមើលព្រៃលិចទឹក ដើមឈើ និងសត្វស្លាបតែប៉ុណ្ណឹង។ អ្នកនេសាទត្រីឥឡូវវាទំនើបណាស់ បើយើងមិនជួយថែរក្សាគ្នាវានឹងបាត់បង់ទាំងអស់»។
ភ្ញៀវទេសចរបរទេសប្ដីប្រពន្ធមួយគូ បានត្រឡប់នមកពីជិះទូកមើលផ្សោតវិញ នាម៉ោងប្រមាណ ១រសៀល ហើយភ្ញៀវទេសចរជាប្ដីបានចង្អុលទៅរូបចម្លាក់ផ្សោត ហើយប្រាប់អ្នកសារព័ត៌មានថា យើងមកទីនេះ ដើម្បីមើលផ្សោត។ យើងចំណាយពេល១ម៉ោងលើទឹក តែមិនឃើញផ្សោតទេ។ ភ្ញៀវទេសចរប្ដីប្រពន្ធ ដែលបានជិះទូកទៅទស្សនាសត្វផ្សោតក្នុងទន្លេមេគង្គនៃខេត្តស្ទឹងត្រែងនេះ សម្រេចចិត្តឡើងគោកវិញក្រោយរងចាំអស់រយៈ១ម៉ោងហើយ តែពុំបានឃើញសត្វផ្សោតដូចបំណងឡើយ។
អ្នកស្រី Ketty ដែលជាប្រពន្ធបានប្រាប់ ThmeyThmey25 ដូច្នេះថា៖«យើងចង់ឃើញសត្វផ្សោតនៅទីនេះ ប៉ុន្តែយើងមិនបានឃើញនោះទេ។ ជាអកុសល វានៅឆ្ងាយពីទីនេះ»។ ភ្ញៀវទេសចរបរទេសប្ដីប្រពន្ធមួយគូនេះ បានជិះទូកម្ដងទៀតទៅកាន់ទន្លេមេគង្គឡាវ ដើម្បីទស្សនាសត្វផ្សោតដែលពួកវាកំពុងប្រមូលផ្តុំគ្នាទៅរស់នៅក្នុងទឹកជ្រៅនៃទន្លេមេគង្គលើខាងប្រទេសឡាវ។
អង្គការ WWF Cambodia បានបង្ហាញរបាយការណ៍ថា នៅឆ្នាំ២០១៩ ផ្សោតចំនួន៨ក្បាលបានស្លាប់ និងមានផ្សោតចំនួន១៣ក្បាលបានកើតថ្មី នៅអន្លង់ផ្សោតខេត្តក្រចេះនិងស្ទឹងត្រែង។ បច្ចុប្បន្ន កម្ពុជា មានផ្សោតចំនួន៩២ក្បាល ដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។
លោក ដន ប័ណ្ណ ឆ្មាំទន្លេមេគង្គប្រចាំសហគមន៍អេកូរទេសចរណ៍ព្រះរំកិល បានអះអាងថា ផ្សោតនៅដងទន្លេមេគង្គរងផលប៉ះពាល់យ៉ាងខ្លាំង ព្រោះមានអ្នកលួចដាក់មង និងឆក់តាមដងទន្លេមេគង្គ។ ក្រុមការងារឆ្មាំរបស់លោក បានរឹបអូស និងដកហូតឧបករណ៍នេសាទខុសច្បាប់បានច្រើន ដែលចូលរួមថែរក្សាការពារសត្វផ្សោតនៅកម្ពុជា និងជាសត្វដែលទាក់ទាញភ្ញៀវទេសចរឲ្យមកលេងនៅព្រះរំកិល។
លោក ដន ប័ណ្ណ ដែលអះអាងថាសត្វផ្សោតនៅក្នុងដែនសហគមន៍អេកូទេចរណ៍ព្រះរំគិលមានតែ៣ក្បាលប៉ុណ្ណោះ បានសំណូមទៅឆ្មាំភាគីឡាយដូច្នេះថា៖«ខ្ញុំតែងតែសំណូមពរឲ្យគេចូលរួមផង(ភាគីឆ្មាំឡាវ) បើគាត់មិនបានធ្វើទេ គឺផ្ដល់សិទ្ធិឲ្យខាងក្រុមយើងចូលទៅ ព្រោះវា(ផ្សោត)នៅទឹកដីគេឆ្ងាយ។ បើមិនអីចឹងទេ គឺអស់ហើយ។ សត្វផ្សោតមានតែ៣ក្បាលទេ ហើយផ្សោតទាំងនោះចូលទឹកដីខាងភាគីឡាវជ្រៅ គឺឆ្មាំរបស់ខ្ញុំ ពិតជាពិបាកធ្វើការ»។
អ្នកស្រី សាយ វណ្ណា ដែលប្រកបរបរលក់ដូរនៅក្នុងសហគមន៍អេកូទេសចរណ៍ព្រះរំកិល សំណូពរដល់ពលរដ្ឋឲ្យរួមគ្នាការងារសត្វផ្សោតយ៉ាងដូច្នេះ៖«ខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋយើង ជួយការពារគ្នា។ ឥឡូវអ្នកនេសាទត្រីហ្នឹង វាទំនើបណាស់ បើយើងអត់ជួយថែរក្សាគ្នា វានឹងទៅ(បាត់បង់)ទាំងអស់ហ្នឹងហើយ»។ ចំពោះអ្នកស្រី ជឿន ធីតា ដែលជាអាជីវករម្នាក់ទៀតបានអំពាវនាវយ៉ាងដូច្នេះ៖«ខ្ញុំចង់អំពាវនាវឲ្យគេចុះមើល ដូចថា មានអ្នកឆក់អីចឹង ខ្លាចប៉ះពាល់ដល់ផ្សោត។ តែភាគច្រើន ខ្ញុំថា មកពីគេធ្វើវារីអគ្គីសនីហ្នឹងច្រើនជាង។ ដោយសារ គេធ្វើដំបូង គេបំផ្ទុះគ្រាប់បែកដើម្បីកម្ទេចថ្ម អីចឹងវាឮខ្លាំងៗ សូមបីតែយើងនៅលើគោក យើងភ្ញាក់ម្ដងៗដែរ ចុះទម្រាំផ្សោតវានៅក្នុងទឹក គឺវាប៉ះពាល់ខ្លាំងមែនទែន»៕