COVID-19
ជាតិ
សម្ដេច ហ៊ុន សែន អរគុណដល់មន្ត្រី កម្មករនិយោជិតដែលបន្តធ្វើការនៅថ្ងៃចូលឆ្នាំ
× ភ្នំពេញ៖ «អរគុណមន្ត្រីរាជការ ក្រុមហ៊ុនឯកជន និងក្មួយៗកម្មករដែលចូលរួមប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតានៅក្នុងអំឡុងពេលចូលឆ្នាំនេះ»។ នេះជាសំណេរក្នុងហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន ដោយបានចាត់ទុកថា នេះជាការរួមចំណែកបង្ការការរាលដាលជំងឺកូវីដ-១៩ ។
ដើម្បីបង្ការការរាលដាលជំងឺកូវីដ-១៩ អំឡុងពេលចូលឆ្នាំខ្មែរ រាជរដ្ឋាភិបាលក៏បានសម្រេច ផ្អាកពិធីបុណ្យចូលឆ្នាំខ្មែររួមទាំង ការផ្ដុំមនុស្សច្រើននៅទីវត្តរាម កម្មវិធីកម្សាន្តនៅតាមទីសាធារណៈ និងតម្រូវឲ្យមន្ត្រីរាជការ កម្មករនិយោជិតធ្វើការងារធម្មតានៅថ្ងៃចូលឆ្នាំ និងសងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃវិញ នៅពេលសមស្រប។ ប៉ុន្តែប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលបានចេញបទបញ្ជាហាមមិនឲ្យពលរដ្ឋធ្វើដំណើរចេញចូលរវាងរាជធានីភ្នំពេញ និងគ្រប់បណ្តាខេត្ត លើកលែងតែខេត្តកណ្តាល។ ប៉ុន្តែចំពោះការធ្វើដំណើរចេញពីខេត្តដទៃក្រៅពីខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ ឬចេញពីរាជធានីភ្នំពេញ ចូលទៅខេត្តដទៃក្រៅពីខេត្តកណ្តាល ត្រូវហាមឃាត់។ ហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត តែអាចធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយទៀត (ស្ថិតក្នុងខេត្តតែមួយ)។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកឱ្យពលរដ្ឋ កុំភ្លេចរក្សាអនាម័យ ដោយត្រូវពាក់ម៉ាស ឬក្រមា ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល កុំនៅផ្តុំគ្នាច្រើន កុំផ្លាស់ទី ពីកន្លែងមួយទៅកន្លែងមួយក្នុងពេលដែលមានការរីករាលដាលឆ្លងជំងឺកូវីដ-១៩៕
Tag:
សម្ដេចហ៊ុន សែន
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com