ជាតិ
​បំបាត់​អផ្សុក​ពេល​នៅផ្ទះ​! យក​រូប​ចាស់​មក​ធៀប ហើយ «Challenge» គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​!
12, Apr 2020 , 4:58 pm        
រូបភាព
​ភ្នំពេញ​៖ កូ​វីដ​-១៩ ធ្វើឱ្យ​ពលរដ្ឋ​ជាច្រើន បង្ខំចិត្ត​នៅផ្ទះ​ដោយ​មិនអាច​ដើរ​កម្សាន្ត ចេញ​ក្រៅ​ឬ​ជួបជុំ​មិត្តភក្តិ​បាន​នោះឡើយ​។ អផ្សុក​មែន​ទេ​? ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ដែល​បំពេញ​ពី​ផ្ទះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏បាន​ឆ្លៀត​បង្កើត​កម្មវិធី​កម្សាន្ត​ផ្សេងៗ ដើម្បី​បំបាត់​ការ​អផ្សុក​របស់ខ្លួន​ក្នុងនោះ ដូចជា ការយក​រូបថត​ចាស់​មក​ប្រៀបធៀប​ជា​មួយរូប​បច្ចុប្បន្ន ការបង្ហាញ​ក្បួន​អនាម័យ​ទប់ទល់​កូ​វីដ​-១៩​។ ពួកគេ​ក៏បាន​ហៅ​មិត្តភក្តិ (Tag) ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​ផងដែរ ដែលមាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា «Challenge»​។​

 
​ជាការ​កម្សាន្ត​ម្យ៉ាង ដែល​មើលទៅ​គួរ​ឲ្យ​អស់សំណើច និង​ធ្វើឱ្យ​អ្នកលេង​អាច​រំលឹក​ពី​អនុ​ស្សាវ​រី​ពី​កុមារភាព ដោយសារ​ពួកគេ​យក​រូបថត​ពី​កុមារ​មក​ប្រៀបធៀប​ជាមួយនឹង​រូបថត​បច្ចុប្បន្ន ដែល​មើលទៅ​មាន​ស្ទា​យ​ថត​ស្រដៀង​គ្នា យក​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន និង​បាន​អញ្ជើញ​មិត្តភក្តិ​ដទៃទៀត​លេង​បន្ត​។​
 
 មិន​ត្រឹមតែ​ប៉ុណ្ណោះ យុវជន​ខ្លះ​ក៏បាន​បង្ហោះ​រូបថត «Challenge»​របស់ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​សំណេរ​អប់រំ​ពី​ជំងឺ​កូ​វីដ​-១៩​ទៀតផង ដែល​ធ្វើ​ឲ្យ​ការលេង «Challenge»​បៀ​ប​ធៀប​រូបនេះ ដូច​ជាការ​រំលឹក​ខ្លួនឯង និង​អ្នកដទៃ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូ​វីដ​-១៩​។ 
 

«​កុំ​ភ្លេច​លាង​សម្អាត​ដៃ និង​ពាក់​ម៉ាស់​ឲ្យ​ត្រឹមត្រូវ ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ , កុំ​ដើម្បី​តែ​ការជួបជុំ​ម្តងនេះ ធ្វើ​ឲ្យ​បាត់បង់​ការជួបជុំ​ជា​រៀងរហូត​, ចូលឆ្នាំ​នៅផ្ទះ​ដើម្បី​រក្សា​សុខភាព​ទាំងអស់គ្នា​»​។ នេះ​ជា​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកលេង​«Challenge »​ប្រៀបធៀប​រូប ក្នុងន័យ​ចូលរួម​បង្ការ​ជំងឺ​កូ​វីដ​-១៩​។​
 
«Challenge» បៀ​ប​ធៀប​រូប ជា​ល្បែង​កម្សាន្ត​មួយ​កំពុង​ពេញនិយម​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​តម្រូវ​ឲ្យ​អ្នកលេង​ត្រូវយក​រូបថត​ពី​ក្មេង​មក​ប្រៀបធៀប​ជា​មួយរូប​បច្ចុប្បន្ន និង​ត្រូវ​អញ្ជើញ​មិត្ត​ភ​ក្កិ​របស់ខ្លួន​លេង​បន្ត​។​
 
​មិនមែន​តែ​ពលរដ្ឋ​ខ្មែរ​នោះឡើយ សូម្បីតែ​លោក Tedros Adhanom Ghebryesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ក៏បាន​បង្កើត «Safe Hands Challenge» ដែល​បង្ហាញ​ពី​ការ​លាងដៃ ផងដែរ​។ លោក​បាន​ហៅ​ឥស្សរជន និង​តារា​ល្បីៗ​ជាច្រើន​ទៀត​ចូលរួម ក្នុងនោះ​មាន​តារា​សម្តែង​ដ៏​ល្បីល្បាញ​ឥណ្ឌា Priyanka Chopra ជាដើម​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com