ភ្នំពេញ៖ កម្ពុជាផ្អាករៀបចំព្រឹត្តិការណ៍សង្រា្កន្តតាមខេត្ត និងតាមទីវត្តអារាមសម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ ប៉ុន្តែពលរដ្ឋនៅតែអាចរៀបចំទទួលទេវតាឆ្នាំថ្មីទៅតាមគេហដ្ឋានរៀងៗខ្លួន និងអាចយកចង្ហាន់ទៅវត្តអារាមនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរជាធម្មតា តែក្នុងលក្ខខណ្ឌមានចំនួនគ្នាតិច។
ស្របតាមវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់កំហិតមិនឲ្យពលរដ្ឋធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ចាប់ពីយប់ថ្ងៃទី៩ ដល់យប់ថ្ងៃទី១៦ ខែមេសា និងហាមឲ្យពលរដ្ឋជួបជុំគ្នា ជប់លៀង រាំកម្សាន្តតាមទីសាធារណៈ វត្តអារាម សហគមន៍ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ គឺអនុវត្តឡើងដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែកម្មវិធីការជួបជុំជាលក្ខណៈគ្រួសារត្រូវបានលើកលែង។
គណៈសង្ឃនាយកបានចេញសេចក្តីប្រកាសណែនាំដល់ពុទ្ធបរិស័ទកុំមានការប្រមូលផ្តុំគ្នាមកវត្តនៅពេលដែលយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃ ដែលអាចមានហានិភ័យឆ្លងជំងឺកូវីដ-១៩។ សម្តេចព្រះសង្ឃនាយក បានណែនាំឲ្យប្រជាពុទ្ធបរិស័ទគ្រប់រូប រៀបចំគ្រឿងសក្ការបូជា ថ្វាយព្រះរតនត្រ័យ រៀបចំចំណីនិងផ្លែឈើ ជាដើម ជូនមាតាបិតា ត្រកូលរៀមច្បង ព្រមទាំងរៀបចំទទួលស្វាគមន៍ទេវតាឆ្នាំថ្មី នៅគេហដ្ឋានរៀងៗខ្លួន តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី។
យ៉ាងណាពុទ្ធបរិស័ទក៏នៅតែអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃតាមធម្មតា។ ត្រង់ចំណុចនេះ លោក សេង សុមុនី អះអាងថា មុនពេលពលរដ្ឋមកវត្តនោះ ពលរដ្ឋទូទៅត្រូវតែកាត់បន្ថយ ចំនួនសមាជិកគ្រួសារដែលធ្លាប់តែទៅគ្នាច្រើន ត្រូវកំណត់មកត្រឹមគ្នាតិចវិញ និងកំណត់ពុទ្ធបរិស័ទ ត្រឹមប៉ុន្មាននាក់ អញ្ជើញចូលប្រគេនម្ហូបអាហារ នំចំណី និងភេសជ្ជៈសម្រាប់ឧទ្ទិសដល់សាច់ញាតិដែលចែកឋានទៅ និងកំណត់ព្រះសង្ឃសូធ្យធម៌ឲ្យគង់នៅឆ្ងាយពីពុទ្ធបរិស័ទ។
ក្នុងបទសម្ភាសជាមួយនឹងសារព័ត៌មានថ្មីៗតាមទូរសព្ទ លោក សេង សុមុនី បានរៀបរាប់ដូច្នេះថា៖«នៅតាមទីវត្តអារាម នៅតែមានព្រះសង្ឃចាំទទួលចង្ហាន់ជាធម្មតា។ ប៉ុន្តែឲ្យមានលក្ខណៈតិច និងត្រូវឲ្យមានយន្តការដល់ពលរដ្ឋ កុំទៅបែបទ្រង់ទ្រាយធំ។ ពលរដ្ឋទូទៅអាចទៅវត្តបានធម្មតា មិនជាការទាស់ខុសអ្វីទេ»។
ទាក់ទងនឹងវិធានការនៅតាមទីវត្តអារាមនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា នៅតាមទីវត្តអារាមនានាទូទាំងប្រទេស បានត្រៀមលក្ខណៈការពាររួចជាស្រេចហើយ ពោលគឺបានរៀបចំអាល់កុល និងពាក់ម៉ាស់គ្រប់ពេលដែលព្រះសង្ឃប្រតិបត្តិធម៌តាមព្រះពុទ្ធសាសនា។
លោក សេង សុមុនីប្រាប់ដូច្នេះថា៖«ខាងផ្នែកសាសនា បានអនុវត្តទៅតាមការគិតគូររបស់ប្រមុខរដ្ឋាភិបាល។ កន្លងមកតាមទីវត្តអារាម នៅថ្ងៃសីលអីហ្នឹង ក៏បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ខាងគណៈធម្មយុត្តិកនិកាយ មានការណែនាំអស់ហើយ ទាំងការលាងដៃ ទាំងការអង្គុយឆ្ងាយពីគ្នា នៅពេលដែលលោកសូធ្យធម៌។ ទាំងនេះជាការប្រុងប្រយ័ត្នខ្ពស់បំផុត សម្រាប់ពុទ្ធបរិស័ទ និងព្រះសង្ឃ»។
បើតាមលោក សេង សុមុនី នៅតាមទីវត្តអារាម នៅតែអាចរៀបចំពិធីបែបប្រពៃណីតាមសាសនា ដូចជាការស្រង់ព្រះ និងពូនភ្នំខ្សាច់ ប៉ុន្តែការរាំរែក លេងល្បែងប្រជាប្រិយត្រូវបានហាមឃាត់។ លោក ប្រាប់ដូច្នេះថា៖«យើងអាស្រ័យលើព្រះសង្ឃតាមវត្តនីមួយៗ ដែលអាចរៀបចំពិធីស្រង់ព្រះបាន ទៅតាមមនុស្សពីរ ឬបីនាក់ទៅ តែកុំឲ្យមានការជុំគ្នាច្រើន»។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនារូបនេះ បានណែនាំឲ្យគ្រប់វត្តអារាមទូទាំងប្រទេស និងពលរដ្ឋរក្សាអនាម័យគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ លោក សេង សុមុនី បានអំពាវនាវដល់ពុទ្ធបរិស័ទ ទូទៅប្រគេនជារបស់ប្រើប្រាស់ដែលអាចការពារពីជំងឺកូវីដ-១៩ដល់វត្តអារាមផងដែរ៕