COVID-19
អន្តរជាតិ
ក្រោយ​ចេញពី​ពេទ្យ លោក បូរី​ស ច​ន​សុន ថា អង់គ្លេស​នឹង​កម្ចាត់ COVID-19 បាន​
13, Apr 2020 , 10:18 am        
រូបភាព
នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​១២ ខែមេសា បាន​ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ ក្រោយ​ទទួលបាន​ការព្យាបាល​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ COVID-19 ។ លោក ច​ន​សុន បាន​អរគុណ​ក្រុមគ្រូពេទ្យ​ដែល​បាន​សង្គ្រោះ​ជីវិត​របស់លោក ហើយ​ថា អង់គ្លេស នឹង​កម្ចាត់ COVID-19 បាន​មិន​ខាន​។

 
«​ថ្ងៃនេះ​ខ្ញុំ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​សម្រាក​អស់​មួយ​សប្ដាហ៍​ជា​ពេលដែល NHS ជួយសង្គ្រោះ​ជីវិត​របស់ខ្ញុំ​។​» នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​១២ ខែមេសា ក្រោយ​ចាក​ចេញពី​មន្ទីរពេទ្យ St Thomas ក្នុង​ទីក្រុង​ឡុង​ដ៍​ជាទី​ដែល​លោក​ទទួល​ការព្យាបាល​ជំងឺ COVID-19 ។ NHS ជា​សេវា​សុខាភិបាល​ជាតិ​ដែល​ទទួលខុសត្រូវ​វិស័យ​សុខាភិបាល​របស់​អង់គ្លេស​។​
 
​លោក ច​ន​សុន ជា​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​ក្នុង​ពិភពលោក​ដែល​ឆ្លង COVID-19 ។ លោក ចូល​សម្រាក​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​សប្ដាហ៍​មុន ក្រោយ​រោគសញ្ញា​ជំងឺ​នេះ​បន្ត​យាយី ទោះ​លោក​នៅ​ដោយឡែក និង​ទទួលបាន​ការព្យាបាល​ក្ដី​។ ចូល​មន្ទីរពេទ្យ​បាន​បន្តិច លោក​ក៏​បន្ត​ផ្ទេរ​ចូល​បន្ទប់សង្គ្រោះបន្ទាន់ ICU ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ​ពី​វាសនា​មេដឹកនាំ​របស់​មហាអំណាច​មួយ​នេះ​។ យ៉ាងណាមិញ លោក​ក៏​អាច​ចាក​ចេញពី​បន្ទប់ ICU  វិញ​។​
 
​ទោះ​អាច​ចេញពី​ពេទ្យ​ក្ដី លោក ច​ន​សុន មិនទាន់​ទៅ​និវេសនដ្ឋាន Downing Street នៅឡើយ​ទេ ដោយ​ទៅ​ស្នាក់​នៅផ្ទះ Chequer សម្រាប់​នាយករដ្ឋមន្ត្រី​មួយរយៈ​សិន​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​រូប​បាន​អរគុណ​បុគ្គលិក NHS ដែល​បាន​សង្គ្រោះ​ជីវិត​របស់លោក ព្រោះ​ជំងឺ​របស់លោក​អាច​ប្រែប្រួល​កាន់តែ​ធ្ងន់ធ្ងរ​។ 
 
«​មូល​ហេតុដែល​ខ្លួនប្រាណ​ខ្ញុំ​អាចមាន​អុកស៊ីសែន​គ្រប់គ្រាន់ ក៏​ព្រោះតែ​រាល់​វិនាទី និង​រាល់​យប់​ដែល​គ្រូពេទ្យ​បាន​តាមដាន គិត ថែ​ទាំង និង​ធ្វើ​អន្តរាគមន៍​ពេល​ខ្ញុំ​ត្រូវការ​។​» លោក ច​ន​សុន បញ្ជាក់​បែបនេះ​ក្នុង​វីដេអូ​មួយ ដោយ​បន្តថា អង់គ្លេស នឹង​យកឈ្នះ COVID-19 ហើយ​ឈ្នះ​ទាំងអស់គ្នា​។​
 
​អង់គ្លេស ជា​ប្រទេស​ឈរ​លេខ​រៀង​ទី​៥​ដែលមាន​អ្នកស្លាប់​ច្រើន គឺ​ចំនួន​ជាង​មួយ​ម៉ឺន​នាក់​។ ករណី​ឆ្លង​នៅ​ប្រទេស​នេះ​មាន​ដល់​ទៅ​ជាង​៨៤២០០​នាក់​។ លោក ច​ន​សុន បាន​អំពាវនាវ​ឲ្យ​ប្រជាជន​គោរព​វិធានការ​នៅផ្ទះ​ដើម្បី​ទប់ស្កាត់​ការ​រា​លា​ដាល COVID-19 ៕ 
 
 
 

Tag:
 COVID-19
  អង់គ្លេស​
  បូរី​ស ច​ន​សុន
© រក្សាសិទ្ធិដោយ thmeythmey.com