COVID-19
អន្តរជាតិ
ប៉េកាំង សន្យា​ថែទាំ​ង​ពលរដ្ឋ​អាហ្វ្រិក​នៅ​ចិន​ឲ្យ​បានល្អ ក្រោយ​រង​ការរើសអើង​ព្រោះ COVID-19
13, Apr 2020 , 2:45 pm        
រូបភាព
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១២ ខែមេសា បានបង្ហាញ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការផ្ដល់​ការថែទាំ និង​សម្រួលការ​រស់នៅ​របស់​ពលរដ្ឋ​អាហ្វ្រិក​ដែល​រស់នៅក្នុង​ទឹកដី​ចិន ក្រោយ​មាន​របាយការណ៍​ទាក់ទង​ការរើសអើង​ពួកគេ​។ អគ្គរដ្ឋទូត​ប្រទេស​អាហ្វ្រិក​ប្រចាំ​ប៉េកាំង បាន​សរសេរ​លិខិតតវ៉ា​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ដើម្បី​ស្នើ​ឲ្យ​ដោះស្រាយ​ការរើសអើង​នេះ ដែល​កើត​ឡើងជា​បន្តបន្ទាប់​នៅឯ​ទីក្រុង​គ័ង​ចូ​វ​ដែល​សម្បូរ​សហគម​ន៍ព​ល​រដ្ឋ​អាហ្វ្រិក​។​

 
​នៅ​ទីក្រុង​គ័ង​ចូ​វ ខេត្ត​គ័ង​តុង ប្រជាជន​ចំណាកស្រុក​អាហ្វ្រិក ក្លាយជា​មុខសញ្ញា​នៃ​ការរើសអើង និង​ការសង្ស័យថា ពួកគេ​ជា​អ្នក​នាំ​ជំងឺ COVID-19 ចូល​ទឹកដី​ចិន​។ នៅក្នុង​ទីក្រុង​ឧស្សាហកម្ម​ដែលមាន​ប្រជាជន​ប្រមាណ​១៥​លាន​នាក់​នេះ ពលរដ្ឋ​អាហ្វ្រិក​ទាំងនោះ ត្រូវបាន​បង្ខំ​ឲ្យ​រើ​ឥ​វ៉ាន់​ចេញពី​ផ្ទះជួល ត្រូវដាក់​នៅ​ដោយឡែក​ដោយ​បង្ខំ និង​ត្រូវធ្វើ​តេស្ត​រក COVID-19 ជាច្រើនលើក​ច្រើនសារ តែ​មិន​ទទួលបាន​លទ្ធផល​ជាដើម​។   
 
​ដើមហេតុ​នៃ​សកម្មភាព​រើសអើង​ទាំងនេះ​ដែល​រាប់ទាំង​ការមិន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅតាម​សណ្ឋាគារ​ផង​នោះ ទំនងជា​ចាប់ផ្ដើម​បន្ទាប់ពី​ការរកឃើញ​ករណី​ឆ្លង COVID ក្នុង​សហគមន៍​ប្រជា​ជននី​ហ្សេ​រី​យ៉ា​។ ទាំង​ប្រជាជន​ចិន ទាំង​មន្ត្រី​សុខាភិបាល​ផង​នោះ ហាក់​រើស​អើ​ស​ពលរដ្ឋ​អាហ្វ្រិក​ទាំងនេះ​ខ្លាំង​។ 
 
​ស្ថានទូត​អាហ្វ្រិក​នៅ​ចិន ក៏​នាំគ្នា​សរសេរ​លិខិត​ផ្ញើ​ឲ្យ​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា ដោយ​ពួកគេ​អះអាងថា សកម្មភាព​បែប​នោះ នាំ​ឲ្យ​មាន​អារម្មណ៍​ថា ពលរដ្ឋ​អាហ្វ្រិក​ជា​អ្នកចម្លង​វីរុស​។ ក្រុម​អគ្គរដ្ឋទូត​ប្រទេស​អាហ្វ្រិក ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ចិន ប្រញាប់​បញ្ឈប់​សកម្មភាព​រើសអើង​ប្រឆាំង​ប្រជាជន​អាហ្វ្រិក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ អាមេរិក​ឯណោះ​វិញ ចាត់ទុក​ទង្វើ​នេះ​ជាការ​បង្កើត​ការ​ស្អប់ខ្ពើម​ពលរដ្ឋ​អាហ្វ្រិក​ទៅទៀត​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស Zhao Lijian ក៏​ចេញ​សេចក្ដីប្រកាស​ដោយ​បង្ហាញ​ពី​ជំហរ​របស់​ចិន​ក្នុង​ការគោរព​សិទ្ធិ​ពលរដ្ឋ​អាហ្វ្រិក​ទាំងនោះ​។ ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១២ ខែមេសា លោក Zhao និយាយថា ចិន​ឲ្យ​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​ជីវិត និង​សុខភាព​ជនបរទេស​ទាំងអស់​នៅលើ​ទឹកដី​ខ្លួន ចំណែក​ខេត្ត​គ័ង​តុង​វិញ ក៏​ឲ្យ​តម្លៃ​ដូចគ្នា​លើ​ការ​ក្ដីបារម្ភ​របស់​ប្រទេស​អាហ្វ្រិក​ខ្លះ ហើយក៏​កំពុង​ញាប់​ដៃជើង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​
 
«​ទំនាក់ទំនង​ចិន​-​អាហ្វ្រិក មិនអាច​បំបែក​បានឡើយ​ព្រោះ​បាន​ចាក់​ឬ​ស​យ៉ាងជ្រៅ​។​» អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ខាងលើ​លើកឡើង​បែបនេះ ហើយ​បញ្ជាក់ថា អាជ្ញាធរខេត្ត​គ័ង​តុង​មិន​ទទួលយក​ការរើសអើង​ពណ៌​សម្បុរ​អ្វី​ឡើយ​៕ 
 
 
 
 

Tag:
 ចិន​
  COVID-19
  អាហ្វ្រិក​
© រក្សាសិទ្ធិដោយ thmeythmey.com