ជាតិ
សង្គមជាតិ
ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ដ៏​ស្ងប់ស្ងាត់​នៅ​វត្ត​ទូល​ទំពូង​
13, Apr 2020 , 3:38 pm        
រូបភាព
 ​ភ្នំពេញ​៖ ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ នេះ ដែល​ត្រូវជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក បណ្តា​វត្ត​អារាម​នានា​មិនមាន​មនុស្ស​ឡើយ​។ ពលរដ្ឋ​ទាំងអស់​ត្រូវមាន​កាតព្វកិច្ច ចូលរួម​ទប់ស្កាត់​ការ​រាលដាល COVID-19 ដោយ​កាត់បន្ថយ​ការជួប​ជុំគ្នា​។ វត្ត​ទួល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​បណ្តា​វត្ត​ផ្សេងៗ​ទូទាំងប្រទេស សុទ្ធតែ​ខ្សត់​ពុទ្ធបរិស័ទ ប៉ុន្តែ​ក៏​មិន​បាត់បង់​ទាំងស្រុង​នោះដែរ​។

​ព្រះ​តេជគុណ ស៊ឺ មាស គង់នៅ​វត្ត​នៅ​វត្ត​ទួល​ទំពូង ដោយ​ព្រះ​តេជគុណ មាន​សង្ឃដីកា​ប្រាប់​សារព័ត៌មាន​ថា  បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ ពុទ្ធបរិស័ទ​ប្រមាណ​១០​ភាគរយ បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នា​ព្រឹក​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​។​
 
​ព្រះអង្គ​បាន​បន្ថែមថា ពុទ្ធបរិស័ទ​ដែល​បាន​យក​ចង្ហាន់​មក​វត្ត​ទួល​ទំពូង នា​ព្រឹក​ថ្ងៃទី​មួយ​នៃ​បុណ្យ​ចូល​ខ្មែរ​នេះ ភាគច្រើន​គឺមាន​ជា​លក្ខណៈ​គ្រួសារ ដែល​គ្នា​ជា​ក្រុម​ត្រឹម​២​ទៅ​៣​នាក់​ប៉ុណ្ណោះ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ COVID-19 ។​
 
«​ពុទ្ធបរិស័ទ​ដែល​អញ្ជើញ​មក ពួកគាត់​គឺ​មក​តែមួយ​ភ្លែត​ទេ​។ ពេលដែល​ពួកគាត់​ប្រគេន​ចង្ហាន់​រួចហើយ គឺ​ពួកគាត់​ត្រឡប់​ទៅវិញ​ភ្លាម​តែម្តង ដោយ​ពួកគាត់​អត់​បាន​នៅ​អង្គុយលេង​ដូច​ឆ្នាំមុនៗ​ឡើយ​»​។  បើតាម​ព្រះ​តេជគុណ ស៊ឺ មាស  ពុទ្ធបរិស័ទ​ដែល​អញ្ជើញ​មក​វត្ត​ទួល​ទំពូង គឺ​មួយចំនួន​តិចតួច​ខ្លាំង​ដែល​ធ្លាប់មាន​ពីមុនមក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​៕ 
 

Tag:
 COVID-19
  ចូលឆ្នាំ​ខ្មែរ​
  វត្ត​ទួល​ទំពូង​
© រក្សាសិទ្ធិដោយ thmeythmey.com