ដោយសារតែខ្លួនប្រាណរបស់មនុស្សមិនដែលធ្លាប់ជួបប្រទះវីរុសកូរ៉ូណា (SARS-CoV-2) នេះពីមុនមក ប្រព័ន្ធស៊ាំរបស់មនុស្សមិនអាចមានពេលគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះបាននោះទេ។ ប៉ុន្តែវត្តមាននៃវ៉ាក់សាំងអាចជួយឲ្យខ្លួនប្រាណរបស់មនុស្សដឹងពីប្រភេទនៃវីរុស និងរបៀបការពារបានរហ័ស និងសុវត្ថិភាពជាងមុន។
យ៉ាងណាក៏ដោយ ការផលិតវ៉ាក់សាំងដែលអាចប្រើប្រាស់បានទូលំទូលាយ ទាមទាររយៈពេលជាមធ្យមចាប់ពី៥ឆ្នាំ រហូតទៅដល់១០ឆ្នាំ។ ចំពោះ COVID-19 ទិន្នន័យមួយចំនួនបានប្រកាសថា វ៉ាក់សាំងសម្រាប់មេរោគមួយនេះអាចត្រូវបានគេផលិតរួចរាល់ក្នុងរយៈពេលខ្លីខាងមុខ។ បើទោះបីជាយ៉ាងនេះមែន ការផលិតវ៉ាក់សាំង COVID-19 ក៏នៅតែអាចត្រូវការពេលប្រមាណពី១២ខែ ទៅ១៨ខែដែរ។
គេហទំព័រ The Conversation ចុះផ្សាយកាលពីថ្ងៃទី៣១ ខែមីនាបានបញ្ជាក់ថា ដោយសារតែការរីកលូតលាស់នៃវិស័យបច្ចេកវិទ្យា និងការចូលរួមឧបត្ថម្ភជាថវិការពីស្ថាប័ននានា ដំណើរការផលិតវ៉ាក់សាំងកាន់តែមានភាពរលូនជាងមុន។ វ៉ាក់សាំងមួយចំនួនត្រូវបានគេប្រើប្រាស់ក្នុងតំបន់អាសន្នបើទោះបីជាវ៉ាក់សាំងទាំងនោះមិនត្រូវទាន់បានអ្នកជំនាញទទួលស្គាល់ជាទូទៅក្តី។ បច្ចុប្បន្ន ក្រុមហ៊ុន និងវិទ្យាស្ថានសិក្សាចំនួន៣៥កន្លែងលើពិភពលោកកំពុងតែធ្វើការពិសោធន៍លើវ៉ាក់សាំងប្រឆាំង COVID-19 ។
ខាងក្រោមនេះគឺជាជំហានសំខាន់ៗក្នុងការផលិតវ៉ាក់សាំងការពារជំងឺឆ្លង៖
ទី១៖ យល់ពីលក្ខណៈនៃវីរុស
ការសិក្សាពីវីរុសនេះត្រូវបានគេធ្វើឡើងដោយពិនិត្យមើលប្រភេទម៉ូលេគុលប្រូតេអ៊ីន និងស្ករដែលមាននៅក្នុងស្រទាប់នៃវីរុស ក៏ដូចគ្នាជាមួយនិងស្រទាប់នៃកោសិកាធ្មួល ថាតើម៉ូលេគុលទាំងនោះអាចធ្វើឲ្យប្រព័ន្ធស៊ាំមនុស្សមានប្រតិកម្មប្រយុទ្ធប្រឆាំងដែរឬយ៉ាងណា។ ចំពោះវីរុស COVID-19 អ្នកជំនាញរបស់ប្រទេសចិនបានកំណត់ និងផ្សព្វផ្សាយ«អង្កត់សេនេទិច»របស់វីរុសទៅកាន់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតក្នុងពិភពលោក។ អង្កត់សេនេទិច (Genetic Sequence) ជាទិន្នន័យជីវសាស្ត្រដែលអ្នកជំនាញអាចប្រើប្រាស់ដើម្បីដឹងពីទម្រង់ប្រូតេអ៊ីន សិក្សាពីប្រវត្តិរបស់វីរុស និងធ្វើតេស្តលើវិធីព្យាបាលថ្មី។
ទី២៖ បេក្ខភាពវីរុសសម្រាប់ផលិតវ៉ាក់សាំង (Vaccine Candidate)
គឺជាការប្រើប្រាស់ និងគ្រប់គ្រងវីរុស ដោយធ្វើឲ្យពួកគេអសកម្ម ឬខ្សោយ ដើម្បីដឹងថាតើវីរុសដែលត្រូវបានគេកែសម្រួលទាំងនេះអាចធ្វើឲ្យប្រព័ន្ធស៊ាំរបស់មនុស្សមានប្រតិកម្មប្រយុទ្ធដែរឬទេ។ ពេលខ្លះអ្នកជំនាញមិនចាំបាច់ប្រើប្រាស់វីរុសតែម្តងនោះទេ។ ដោយឡែក គេអាចប្រើប្រាស់ទិន្នន័យពី អង្កត់សេនេទិច ក្នុងការផលិតម៉ូលេគុលប្រូតេអ៊ីនដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុស។ ជាមួយនឹងបទពិសោធន៍ផ្សេងៗពីការផលិតវ៉ាក់សាំងកាលពីអតីតកាល អ្នកជំនាញមានទិន្នន័យកាន់តែច្រើនក្នុងការផលិតវ៉ាក់សាំងកាន់តែរហ័ស និងមានប្រសិទ្ធភាពជាងមុន។
ទី៣៖ ការធ្វើតេស្តជំហានដំបូង មិនមែនលើមនុស្ស (Pre-Clinical Testing)
ដើម្បីធានាថាវ៉ាក់សាំងពិតជាមិនបង្កផលប៉ះពាល់លើរាង្គកាយមនុស្ស ការធ្វើតេស្តពិសោធន៍ត្រូវបានគេធ្វើឡើងលើពពួកសត្វនានា ជាពិសេសទៅលើសត្វកណ្តុរ។ នៅក្នុងគ្រាអាសន្ន ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនក្រុមអាចធ្វើការពិសោធន៍ក្នុងពេលតែមួយដើម្បីធ្វើតេស្តលើវ៉ាក់សាំង។
ទី៤៖ ការធ្វើតេស្តលើមនុស្ស (Clinical Trial)
ក្នុងជំហាននេះ វ៉ាក់សាំងជាច្រើនមិនបានទទួលជោគជ័យនោះទេ។ ការធ្វើតេស្តលើមនុស្សត្រូវបានគេធ្វើឡើងក្នុងដំណាក់កាលចំនួនបី។ ដំបូងគឺការធ្វើតេស្តលើមនុស្សមួយក្រុមតូច ដែលមានសុខភាពល្អក្នុងការពិនិត្យមើលសុវត្ថិភាពនៃវ៉ាក់សាំង។ បន្ទាប់ គឺការធ្វើតេស្តលើមនុស្សចំនួនពីរទៅបីរយនាក់ ដែលត្រូវបានគេដឹងថាជាក្រុមមនុស្សដែលងាយប្រឈមជាមួយនឹងជំងឺនោះ។ ក្រោយមក ការសិក្សាលើមនុស្សកាន់តែច្រើនចាប់ពីពីរទៅបីពាន់នាក់ដើម្បីទាញយកលទ្ធផលឲ្យបានកាន់តែធំទូលំទូលាយ។ នៅក្នុងកាលៈទេសៈនេះ វ៉ាក់សាំងត្រូវតែមានសុវត្ថិភាព ជួយជំរុញប្រព័ន្ធស៊ាំមនុស្ស និងការការពារផ្សេងៗទៀតពីមេរោគ។
ទី៥៖ ការអនុម័តយល់ព្រម
បើការអនុម័តយល់ព្រមត្រូវបានគេធ្វើឡើងលើវ៉ាក់សាំងដែលមានភាពស្រដៀងគ្នាពីមុនមក នោះវ៉ាក់សាំងដែលមានភាពស្រដៀងគ្នាថ្មីនឹងត្រូវបានគេអនុម័តបានរហ័សជាមុន ប៉ុន្តែនេះមិនមែនជាករណីសម្រាប់វ៉ាក់សាំងប្រឆាំង COVID-19 នោះទេ។ ហេតុដូចនេះ វ៉ាក់សាំងសម្រាប់ COVID-19 នឹងត្រូវប្រើប្រាស់រយៈពេលយូរទៀតដើម្បីសម្រេច។
ទី៦៖ ផលិតកម្ម
បើទោះបីជាវ៉ាក់សាំងត្រូវបានគេអនុម័តឲ្យប្រើប្រាស់ជាផ្លូវការមែន ចង្វាក់ផលិតកម្មគឺជារឿងសំខាន់មួយទៀត។ ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ពិសេស ធនធានមនុស្ស និងអ្នកជំនាញផ្សេងៗជាច្រើនទៀតកំពុងស្ថិតនៅក្នុងតម្រូវការចាំបាច់ មុនពេលដែលផលិតកម្មខ្នាតធំអាចប្រព្រឹត្តិទៅបាន។ ការត្រួតពិនិត្យគុណភាពគឺជារឿងដែលមិនអាចមើលរំលងបានឡើយ។ ក្រោយពីការផលិត សំណួរសួរថាតើក្រុមមនុស្សមួយណា ក្នុងតំបន់មួយណាអាចនឹងទទួលបានវ៉ាក់សាំងមុនគេ។ នៅក្នុងជំហានដ៏ស្មុគស្មាញទាំងអស់នេះ បើអ្នកជំនាញរកឃើញថា ដំណើរការនៃការផលិតវ៉ាក់សាំងណាមួយអាចបង្កផលប៉ះពាល់ទៅកាន់មនុស្ស នោះអ្នកជំនាញត្រូវត្រលប់ទៅចាប់ផ្តើមជំហាន
ដំបូងៗឡើងវិញ៕