COVID-19
ជាតិ
ថៃ បិទទីតាំងលក់ស្រាទូទាំងប្រទេសដល់ចុងខែមេសា រូបភាព៖ AFP
× ខេត្តទាំង៧៧ របស់ថៃ បានប្រកាសហាមលក់ស្រា និងចេញបញ្ជាបិទទីតាំងលក់ស្រាទាំងអស់ក្នុងអំឡុងពេលចូលឆ្នាំរហូតដល់ចុងខែមេសា ឬយូរជាងនេះ។ វិធានការនេះ មានគោលដៅទប់ស្កាត់ការជួបជុំរបស់ប្រជាជន និងដើម្បីទប់ស្កាត់ករណីឆ្លងបន្ថែមជំងឺ COVID-19 ស្របពេលដែលនិន្នាការឆ្លងបានបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។
វិធានការបិទការលក់ស្រា និងបិទតូប បិទហាងលក់ស្រា បានពង្រីកវិសាលភាពទូទាំងប្រទេសថៃហើយ។ មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងជំងឺ COVID-19 របស់ថៃ បានប្រកាសនៅថ្ងៃទី១២ ខែមេសា ថា ខេត្តចំនួន២៧ថែមទៀត បានប្រកាសហាមលក់ស្រាដល់ថ្ងៃទី៣០ ខែមេសា ខណៈខេត្តពីរហាមលក់ដោយគ្មានការកំណត់ជាក់លាក់។
ការបិទលក់ស្រានេះ ធ្វើឡើងស្របពេលដែលថៃបានលុបចោលពិធីចូលឆ្នាំថ្មីរបស់ខ្លួនដែលត្រូវចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ទី១៦ ខែមេសា។ អាជ្ញាធរថៃបារម្ភថា ទោះគ្មានការអបអរទ្រង់ទ្រាយធំមែន ការជួបរបស់ប្រជាជនអាចនឹងមានដដែល ព្រមគ្នានឹងការផឹកស៊ីផង។ ការណ៍នេះ អាចនាំឲ្យករណីឆ្លងកើនខ្លាំងថែមទៀត ខណៈករណីឆ្លងបច្ចុប្បន្នមានកម្រិតទាបគួរឲ្យកត់សម្គាល់។
បើតាមកាសែតបាងកកប៉ុស្តិ៍ បម្រាមលក់ស្រានេះ មានរយៈពេលផ្សេងគ្នាទៅតាមខេត្តនីមួយៗ ខណៈរាជធានីបាងកក អនុវត្តពីថ្ងៃទី១០ ដល់ទី២០ ខែមេសា។ រ៉ាយ៉ង និងក្រាប៊ីដែលជាតំបន់ទេសចរណ៍អនុវត្តដល់ថ្ងៃទី១៥ ខែមេសា ឯឈៀងរ៉ៃដល់ថ្ងៃទី១៦ ខែមេសា។ ស៊ីសាកេត ស្រះកែវ និងជលបុរីជាដើម ហាមលក់ស្រាដល់ថ្ងៃទី៣០ ខែមេសាឯណោះ ខណៈភូកេត និងពិស្ណុលោក ហាមលក់រហូតដល់មានការជូនដំណឹងថ្មី។
គិតត្រឹមថ្ងៃទី១៣ ខែមេសា ករណីឆ្លង COVID-19 នៅថៃមានចំនួន២៥៧៩នាក់ និងស្លាប់៤០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com