COVID-19
អន្តរជាតិ
យុវជនឥណ្ឌូណេស៊ីមួយក្រុម បន្លំធ្វើខ្មោចបន្លាចអ្នកភូមិកុំឲ្យចេញពីផ្ទះ ដើម្បីទប់ស្កាត់ COVID-19 រូបភាព Reuters
×
នៅពេលរាត្រី អ្នកភូមិ Kepuh ដែលដើរហើរក្រៅផ្ទះ តែងជួបខ្មោចរុំកំណាត់ស។ ខ្មោចនោះ គឺជាអ្នកភូមិដែលស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការអនុវត្តគម្លាតសង្គម និងការស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់ការរាលដាលជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ក្នុងប្រទេសមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍។
អ្នកភូមិ Kepuh នៃកោះជ្វារបស់ឥណ្ឌូណេស៊ី បានយកគំនិតបន្លំធ្វើខ្មោច (pocong)ដើម្បីបន្លាចប្រជាជនឲ្យពួកគេស្នាក់នៅផ្ទះ ចៀសវាងដើរហើរខាងក្រៅដែលអាចឆ្លងជំងឺ COVID-19 ។ ពេលយប់ យុវជនក្មេងៗ ស្លៀកពាក់សរុំខ្សែខាងក្រៅ ផាត់មុខស និងភ្នែកពណ៌ខ្មៅដើម្បីលងអ្នកភូមិដែលចចេសដើរចេញពីផ្ទះពេលយប់។
លោក Anjar Pancaningtyas ប្រធានក្រុមយុវជនក្នុងភូមិនិយាយថា ពួកគេចង់ប្រើវិធីសាស្ត្រផ្សេង ហើយបន្លាចប្រជាជន ព្រោះខ្មោច pocong គួរឲ្យខ្លាច។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ យុវជនមួយក្រុមនេះ សហការជាមួយប៉ូលិសដើម្បីជំរុញវិធានការគម្លាតសង្គម ស្របពេលដែល COVID-19 រាលដាល។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ ពេលអនុវត្តវិធានការនេះដំបូង ខ្មោច pocong មិនអាចធ្វើឲ្យប្រជាជននៅផ្ទះឡើយ ដោយពួកគេបែរជានាំគ្នាតាមមើលខ្មោចបន្លំនេះទៅវិញ ព្រោះមិនដែលឃើញពីមុនមក។ ប៉ុន្តែអ្នករៀបចំបានផ្លាស់ប្ដូរវិធីសាស្ត្រដោយឲ្យអ្នកបន្លំ រង់ចាំបន្លាចពេលអ្នកភូមិដើរក្នុងភូមិតែម្ដង។
ការបន្លំធ្វើខ្មោចនេះ ជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រប្លែកៗនៅឥណ្ឌូណេស៊ីដើម្បីបង្ខំឲ្យប្រជាជនរក្សាគម្លាត និងមិនចេញក្រៅផ្ទះ ខណៈរដ្ឋាភិបាលប្រធានាធិបតី ចូកូ វីដូដូ មិនទាន់ដាក់វិធានការតឹងរ៉ឹងខ្លាំងឡើយ ទោះរងការរិះគន់ខ្លាំង។
គិតត្រឹមពេលនេះ ឥណ្ឌូណេស៊ីមានករណីឆ្លងសរុប៤២០០នាក់ និងស្លាប់៣៧៣នាក់ដែលជាតួលេខច្រើនជាងគេនៅអាស៊ីអាគ្នេយ៍៕
Tag:
ឥណ្ឌូណេស៊ី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com