COVID-19
ជាតិ
សុខភាព
​លទ្ធភាព​នៃ​ការឆ្លង COVID-19 ជា​សហគមន៍​នៅតែ​ខ្ពស់ បើ​ពលរដ្ឋ​មិន​អនុវត្តតាម​ការណែនាំ​
14, Apr 2020 , 6:29 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាលនាសន្និសីទសារព័ត៌មាន​ កាលពីថ្ងៃទី​១៣ ខែមេសា
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាលនាសន្និសីទសារព័ត៌មាន​ កាលពីថ្ងៃទី​១៣ ខែមេសា
ភ្នំពេញ​៖ ប្រសិនបើ​ពលរដ្ឋ​នៅ​កម្ពុជា មិន​អនុវត្ត​នូវ​វិធាន​នានា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ​ឬ​ទប់ស្កាត់​នឹង​ការឆ្លង​មេរោគ​កូ​វីដ​-១៩(COVID-19)​ទេ នោះ​កម្ពុជា​នឹង​ឈានដល់​ការចម្លង​មេរោគ​នេះ​ក្នុង​សហគមន៍​។ នេះ​ជា​សារ​ព្រមាន​របស់​អ្នកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ដែល​បាន​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា​រកឃើញ​ករណី​អ្នក​ឆ្លង​កូ​វីដ​-១៩​នៅក្នុង​ស្រុក បាន​ចម្លង​ទៅ​ម្នាក់ទៀត​នៅក្នុង​ស្រុក ហើយ​។



 ​

បើតាម​អ្នកស្រី ឱ វណ្ណឌី​ន ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៣​មេសា ឆ្នាំ​២០២០ កម្ពុជា​កំពុងស្ថិត​នៅក្នុង​សភាព​ផុយស្រួយ​ណាស់​ឬ​ងាយ​ប្រឈម​ក្នុង​ការចម្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍ ប្រសិនបើ​ការចម្លង​មេរោគ​នេះ​នៅក្នុង​ស្រុក ពី​ម្នាក់​ទៅ​ម្នាក់​នៅតែ​បន្ត​។ អ្នកនាំពាក្យ​រូបនេះ​បាន​អះអាង​ដូច្នេះ​«​ប្រសិនបើ​ការចម្លង​នេះ ចេះតែ​រាតត្បាត​បន្តទៅ ហើយ​យើង​មិនមាន​លទ្ធភាព​ក្នុងការ​ស្រាវជ្រាវ​រក​ប្រភព​ឱ្យបាន​ច្បាស់លាស់​នោះ គឺជា​ការចម្លង​នៅក្នុង​សហគមន៍​ហើយ​»​។​

​អ្នកស្រី ឱ វណ្ណឌី​ន បាន​ពន្យល់​បែបនេះ កន្លងមក​ក្រសួងសុខាភិបាល​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ មួយចំនួន​មកហើយ អំពី​ករណី​អ្នក​ដែល​ឆ្លង​មេរោគ​នេះ​នាំ​ចូលមក​កម្ពុជា​ហើយ​បាន​ឆ្លង​ដល់​ពលរដ្ឋ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​។ អ្នកស្រី​បាន​បន្ត​និយាយ​ដូច្នេះ​៖«​ក៏ប៉ុន្តែ​ឥឡូវ យើង​រកឃើញថា មេរោគ​នេះ​បាន​ឆ្លងទៅ​ម្នាក់ទៀត​នៅក្នុង​ស្រុក​ហើយ ហើយ​អ្នក​ក្នុងស្រុក​នោះ បាន​ឆ្លងទៅ​ម្នាក់​ទៀតហើយ​»​។​

​ការឆ្លង​រាតត្បាត​បែបនេះហើយ បានជា​រាជរដ្ឋាភិបាល ទាមទារ​យ៉ាង​ចាំបាច់ ឱ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​រក្សា​អនាម័យ​ខ្លួនប្រាណ លាងដៃ​នឹង​សាប៊ូ ទឹក​អាល់កុល និង​ជែ​ល​ឱ្យបាន​ញឹកញាប់ ព្រមទាំង​អនុវត្តតាម​វិធាន​ណែនាំ​នានា​ដែល​ក្រសួងសុខាភិបាល និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ផ្សព្វផ្សាយ​កន្លងមក  ក្នុងការ​ប្រយុទ្ធ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។

​គិត​ត្រឹម​ថ្ងៃទី​១៣​មេសា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​នាក់​ឆ្លង​មេរោគ​កូ​វីដ​-១៩ ចំនួន​១២២​ករណី ក្នុង​រាជធានី​និង​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​៧៧​ករណី​។  ដោយឡែក ចំនួន​វត្ថុ​សំណាក​ដែល​បានធ្វើ​វិភាគរ​កកូ​វីដ​-១៩​នេះ មាន​ជិត​៩​ពាន់​សំណាក​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​។ ក្រសួងសុខាភិបាល​បញ្ជា​ក់ថា​ក្នុងចំណោម​ប្រជាជន​១​លាន​នាក់ មាន​៥៥៦​សំណាក​ដែល​បានធ្វើ​វិភាគ ចំនួន​នេះ​កម្ពុ​ជាមាន​ច្រើនជាង​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ាន ដូចជា​ឡាវ​, មី​យ៉ាន់​ម៉ា​, ឥណ្ឌូនេស៊ី​,  និង​ហ្វីលីពីន ជាដើម​៕


Tag:
 COVID-19
  សហគមន៍​
  ឱ វណ្ណឌី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com