COVID-19
ជាតិ
តាមប្រព័ន្ធវីដេអូ មេដឹកនាំអាស៊ាន តាំងចិត្តរួមគ្នាឆ្លើយតបនឹងការគំរាមកំហែងកូវីដ-១៩
× ក្រោមការរៀបចំរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក ដែលជាប្រធានអាស៊ានឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍មួយនេះ រួមទាំងអគ្គលេខាធិការអាស៊ាន បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ (Video Conference) ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនៃជំងឺ COVID-19។
នាជំនួបកិច្ចប្រជុំកំពូលអាស៊ានពិសេស នាព្រឹកថ្ងៃទី១៤ ខែមេសា នេះ ប្រមុខរដ្ឋាភិបាលអាស៊ាន រួមទាំងលោក Lim Jock Hoi អគ្គលេខាធិការអាស៊ានបានស្វាគមន៍វត្តមានលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ដែលទើបចូលកាន់តំណែងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។
ពីវិមានសន្តិភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងក្របខណ្ឌអាស៊ានលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយសម្តេចបានបង្ហាញពីការប្រឹងប្រែងរបស់កម្ពុជាក្នុងសមរភូមិមួយនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាអនុវត្តវិធានការម៉ឺងម៉ាត់ ដាច់ខាត ដើម្បីទប់ស្កាត់ការឆ្លងក្នុងប្រទេស និងការនាំចូលពីខាងក្រៅ ដូចជាការហាមការជួបជុំគ្នាអបអរពិធីបុណ្យចូលឆ្នាំ ការបិទច្រកធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ជាដើម។
ក្នុងក្របខណ្ឌអាស៊ាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យមានការចែករំលែកព័ត៌មាន ទិន្នន័យទូលំទូលាយដល់គ្នាទៅវិញទៅមក ក៏ដូចជាចំណេះដឹងវេជ្ជសាស្ត្រ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com