ភ្នំពេញ៖ ចាប់តាំងពីការផ្ទុះមេរោគកូវីដ១៩មក ជំនួញមួយចំនួនបានបិទទ្វារភ្លាមៗ រីឯជំនួញខ្លះទៀត នៅបន្តសាកល្បងសិន។ ប៉ុន្តែ សំណួរដែលកំពុងចោទឡើង គឺថា តើជំនួញនឹងបន្តបិទថែមទៀតឬ ប្រសិនបើម្ចាស់ទីតាំងអាជីវកម្មមិនបញ្ចុះថ្លៃទីតាំងអាជីវកម្ម?។ បើអាជីវកម្មបិទ ចំនួនអ្នកអត់ការងារធ្វើនឹងកើនឡើងកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ។ តើអ្វីទៅជាបញ្ហា និងដំណោះស្រាយ?
មេរោគកូវីដ១៩ គឺជារឿងឧបទ្ទវហេតុប្រធានស័កដែលគ្មាននរណាបានដឹងជាមុនឡើយ។ វិបត្តិសុខភាពនេះ បានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចនៅស្ទើរគ្រប់ប្រទេសនៅលើសកលលោក ក្នុងនោះ រួមទាំងកម្ពុជាផងដែរ។ ប្រទេសនីមួយៗដោះស្រាយវិបត្តិសេដ្ឋកិច្ចនៅតាមមធ្យោបាយរៀងៗខ្លួន។
នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលព្យាយាមដោះស្រាយដោយលើកលែងមិនយកពន្ធក្នុងរយៈពេលកំណត់មួយលើវិស័យមួយចំនួន ដូចជា វិស័យទេសចរណ៍ផ្នែកសណ្ឋាគារ ជាដើម។ ស្របពេលជាមួយគ្នា រដ្ឋាភិបាលបានសម្រេចជួយថវិកាមួយផ្នែកជូនកម្មករកាត់ដេរដែលប្រឈមនឹងការបាត់បង់ការងារ។ លើសពីនេះទៅទៀត រដ្ឋាភិបាល តាមរយៈធនាគារជាតិ បានអំពាវនាវឲ្យធនាគារពាណិជ្ជ និងស្ថាប័នមីក្រូហិរញ្ញវត្ថុពន្យាការបង់ប្រាក់កម្ចីក្នុងរយៈពេលកំណត់មួយ។
រឿងមួយទៀតដែលរដ្ឋាភិបាលយកចិត្តទុកដាក់ដែរនោះ គឺតម្លៃឈ្នួលទីតាំងអាជីវកម្ម។ ត្រង់ចំណុចនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវរួចហើយថា ម្ចាស់ទីតាំងអាជីវកម្មទាំងឡាយគួរបញ្ចុះថ្លៃឈ្នួលក្នុងន័យជួយសង្គ្រោះកុំឲ្យអាជីវកម្មដួលរលំជាយថាហេតុ។ ក្រោយការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលភ្លាម ម្ចាស់ទីតាំងអាជីវកម្មខ្លះ ក៏បានចុះថ្លៃ ១០% ២០% ឬ៣០% តែម្ចាស់អាជីវកម្មទីតាំងខ្លះទៀត មិនព្រមចុះថ្លៃទេ ឬចុះតិចតួចបំផុត។
ចំណុចតម្លៃទីតាំងអាជីវកម្មនេះ គឺជាចំណុចស្នូលនៃការរស់រានមានជីវិតរបស់អាជីវកម្មតែម្តង ជាពិសេស សម្រាប់អ្នកជំនួញដែលគ្មានទីតាំងដោយខ្លួនឯង។ សូមបញ្ជាក់ថា អ្នកជំនួញមួយចំនួនធំបានជួលទីតាំងពីម្ចាស់ទីតាំងដើម្បីប្រតិបត្តិការ។
អ្វីដែលត្រូវពិចារណាក្នុងរឿងតម្លៃទីតាំងអាជីវកម្មនេះ គឺនៅត្រង់ថា ប្រសិនបើអាជីវកម្មដួលដោយសារតែការមិនបញ្ចុះថ្លៃឈ្មួល ពេលនោះ មិនមែនតែអ្នកជំនួញ(ថៅកែ)ទេ ដែលរងគ្រោះ តាមពិត បុគ្គលិកក៏ត្រូវអត់ការងារធ្វើដែរ។ អាជីវកម្មដួលកាន់តែច្រើន ចំនួនអ្នកអត់ការងារធ្វើកាន់តែកើនឡើង ហើយបន្ទុកសង្គម និងរដ្ឋាភិបាលកាន់តែធ្ងន់ធ្ងរ។
ចុះបើបង្ខំឲ្យម្ចាស់ទីតាំងអាជីវកម្មបញ្ចុះ៥០% ឬ៦០% ឬ៧០% វាមិនដាក់ទណ្ឌកម្មតែម្ចាស់ទីតាំងអាជីវកម្មទៅហើយទេឬ?
ចម្លើយ គឺថា នៅក្នុងគ្រាប្រឈមនេះ គ្រប់ភាគីត្រូវតែរួមគ្នាបង់ខាត។ អ្នកជំនួញ(ថៅកែ) មានកាតព្វកិច្ចទទួលបន្ទុកប្រាក់ខែជូនបុគ្គលិកផង និងថ្លៃឈ្នួលទីតាំងផង។ បើម្ចាស់ទីតាំងអាជីវកម្មអាចបន្ធូរបន្ថយថ្លៃជួលជូនអ្នកជួល(អ្នកជំនួញ)បាន វាគឺជាការចូលរួមដ៏ធំធេងសម្រាប់ជួយសង្គ្រោះអាជីវកម្មឲ្យនៅមានជីវិត ព្រោះថា ប្រសិនបើម្ចាស់ទីតាំងអាជីវកម្មខាត គឺជាការខាតបង់តែម្នាក់ឯងទេ។ ប៉ុន្តែ ប្រសិនបើអ្នកជំនួញ(អ្នកជួល)បិទទ្វារវិញ ពេលនោះ ការងារមួយចំនួនធំក៏ត្រូវបាត់បង់ដែរ ហើយចំណុចនេះ គឺជារឿងដែលត្រូវចៀសវាងឲ្យខាងតែបានជាដាច់ខាតនៅក្នុងគ្រាប្រឈមដ៏លំបាកនេះ៕