COVID-19
ជាតិ
សង្គមជាតិ
Covid-19៖ ទោះនៅទីក្រុង ឬជនបទ ពលរដ្ឋនៅតែបារម្ភ និងធុញទ្រាន់នឹងបែបផែនរស់នៅថ្មី
× ភ្នំពេញ៖ វិបត្តិកូវីដ-១៩ បានធ្វើឲ្យអ្នករស់នៅទីក្រុងមួយចំនួន បង្ខំចិត្តស្នាក់នៅក្នុងផ្ទះ មិនហ៊ានចេញទៅទីប្រជុំជន។ ចំណែកអ្នកដែលត្រឡប់ទៅរស់នៅស្រុកកំណើតមួយចំនួន ក៏រស់នៅដោយប្រយ័ត្នប្រយែងដែរ ព្រោះនៅតែខ្លាចឆ្លងជំងឺកូវីដ-១៩។
លោក ងាន កាបិល ជានិស្សិត និងអ្នកធ្វើការនៅភ្នំពេញ និងកំពុងស្នាក់នៅបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់ផ្សារដើមថ្កូវ។ លោក កាបិល បានប្រាប់សារព័ត៌មានថ្មីៗថា រាល់ថ្ងៃលោកមិនហ៊ានចេញទៅណានោះទេ ព្រោះបារម្ភខ្លាចឆ្លងកូវីដ-១៩។ នៅផ្ទះច្រើនជាងរាល់ដង លោក កាបិល មិនទាន់អាចស៊ាំនឹងបរិយាកាសរស់នៅថ្មីនេះឡើយ។ លោក ងាន កាបិល រៀបរាប់ថា៖ «ខ្ញុំមិនហ៊ានហូបអីនៅក្រៅទេ។ នៅផ្ទះដាំបាយ ធ្វើម្ហូប ហើយមានទិញពងទា ត្រីខ ហើយត្រីប្រលាក់អីខ្លះមកទុក។ ហើយពិបាកនៅធុញថប់ណាស់ នៅតែក្នុងបន្ទប់អស់សូវចេះនៅទេ ព្រោះបន្ទប់តូច»។
កញ្ញា សោភ័ណ្ឌ និង ឪពុក
សម្រាប់ការសិក្សា និងការងារ លោក កាបិល ត្រូវរៀនពីផ្ទះតាមប្រព័ន្ធអនឡាញ ហើយនេះមិនមានបញ្ហាចោទទេ។ ក៏ប៉ុន្តែការធ្វើការពីផ្ទះពិបាកទៅវិញ ព្រោះលោកទើបចូលបំពេញការងារនៅក្រសួងបរិស្ថាន ដែលទាមទាមការរៀនសូត្រពីការងារថ្មីច្រើន។ ទោះជាយ៉ាងនេះក្តី មិនមែនមានកិច្ចការចេញទៅក្រៅសោះទេ។ យូរៗម្តងលោកត្រូវចេញក្រៅទិញម្ហូប និងជួបមិត្តភក្តិខ្លះដែរ ដែលធ្វើឲ្យលោកមានកង្វល់ខ្លាចឆ្លងCOVID-19 ដោយមិនដឹងខ្លួន។
ចំណែក កញ្ញា ឡុច សោភ័ណ្ឌ ជាអ្នករៀបចំបន្ទប់នៅសណ្ឋាគារ និងជាសិន្សិតនៅភ្នំពេញ បានត្រឡប់ទៅស្រុកកំណើត នៅខេត្តតាកែវវិញ តាំងពីអំឡុងខែមីនាម្ល៉េះបន្ទាប់ពី ការសិក្សា និងការងារត្រូវផ្អាក។ទោះបីសាលារបស់កញ្ញា មានការបង្រៀនតាមប្រព័ន្ធអនឡាញ ប៉ុន្តែកញ្ញាអះអាងថា រៀនមិនសូវយល់ដូចរៀនក្នុងថ្នាក់នោះទេ ហើយបញ្ហាចម្បង គឺប្រព័ន្ធអ៊ីធឺណិតយឺតមិនអាចស្រាវជ្រាវឬរៀនតាមអនឡាញទាន់គេឡើយ។ «មកនៅស្រុកវាស្រស់ថ្លាជាងនៅក្រុងភ្នំពេញ តែពិបាកត្រង់អ៊ីនធឺណិតយឺត ចង់បើកឬស្រាវជ្រាវអ្វីពិបាក ជួនអ៊ីនធឺណិតដើរជួនមិនដើរ។ អ៊ីនធឺណិតនៅទីនេះ បើមានការអីបន្ទាន់ ឬព័ត៌មានបន្ទាន់ គឺមិនអាចឆ្លើយឆ្លងគ្នា ឬទទួលបានទាន់ពេលវេលាទេ»។ នេះជាការរៀបរាប់របស់កញ្ញា សោភ័ណ្ឌ។
ទោះទៅដល់ស្រុកកំណើតហើយក៏ដោយ កញ្ញា សោភ័ណ្ឌ នៅតែខ្លាចឆ្លងកូវីដ-១៩ ដដែល ព្រោះនៅក្នុងឃុំរបស់នាង មានពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេសច្រើន។
កញ្ញា អេត ចាន់ថង
ចំណែក កញ្ញា អេត ចាន់ថង ដែលសម្រេចត្រលប់ទៅរស់នៅស្រុកកំណើត នៅខេត្តកំពង់ចាមវិញ កាលពីសប្ដាហ៍មុន ដោយសារកន្លែងការងារផ្អាកមួយរយៈ ហើយតម្រូវឱ្យបុគ្គលិកធ្វើការពីផ្ទះ។ មូលហេតុដែលកញ្ញា ចាន់ថង មិនបន្តរស់នៅបន្ទប់ជួល បន្ត ព្រោះនាងខ្លាចឆ្លង COVID-19 ពេលរស់នៅភ្នំពេញដែលមនុស្សច្រើន។ កញ្ញា អេត ចាន់ថង បញ្ជាក់ដូច្នេះ៖ «បន្ទប់ជួលនៅម្ដុំវត្តសន្សំកុសលតូចចង្អៀត ហើយខ្ញុំគិតថានៅទីក្រុងភ្នំពេញ ងាយនឹងឆ្លង COVID-19 ព្រោះភ្នំពេញមានមនុស្សច្រើន»។
កញ្ញា ចាន់ថង អះអាងថា ការរស់នៅស្រុកកំណើតមានបរិយាកាសល្អ ប៉ុន្តែប្រសិទ្ធភាពការងារធ្លាក់ចុះដោយសារបញ្ហាអ៊ីនធឺណិត។ កញ្ញាថ្លែងថា៖ «នៅផ្ទះស្រុកនេះ មានដំណាំជុំវិញផ្ទះ ខ្យល់អាកាសល្អ មិនធុញដូចភ្នំពេញទេ។ ប៉ុន្តែចំពោះការងារ ដែលធ្វើពីផ្ទះខ្ញុំគ្មានអ៊ឺនធឺណិតទេ ។ ត្រូវជិះម៉ូតូប្រមាណ៣គឺឡូម៉ែត្រ ទៅដល់ទីរួមស្រុក ទើបមានអ៊ីនធឺណិត។ បញ្ហានេះ ធ្វើឱ្យប្រសិទ្ធភាពការងាធ្លាក់ចុះ ព្រោះពិបាកទាក់ទងជាមួយក្រុមការងារ ហើយនៅផ្ទះមានការងារតិចតួចច្រើនយ៉ាង អារម្មណ៍មិនមូលដូចកន្លែងការងារ ទើបការងារមិនសូវរលូនល្អ»។
យុវតីរូបនេះថា នឹងត្រឡប់មកភ្នំពេញ ក្រោយចូលឆ្នាំខ្មែរវិញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឡើងវិញ៕
រូបពីលោក លោក កាបិលTag:
COVID-19
ភ្នំពេញ
ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com