COVID-19
ជាតិ
សង្គមជាតិ
ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ នៅកម្ពុជា កើនដល់ជាង៧៨ភាគរយហើយ
15, Apr 2020 , 9:15 am        
រូបភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ មេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៥នាក់បន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកជាសះស្បើយកើនដល់ ៩៦នាក់ ស្មើនឹង៧៨,៦៩ភាគរយ។ បើតាមក្រសួងសុខាភិបាលនាព្រឹកនេះ កម្ពុជាមិនមានករណីឆ្លងថ្មីនោះទេ។



សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជាសះស្បើយទាំង៥នាក់ មានបុរសជនជាតិម៉ាឡេស៊ីចំនួន ២នាក់ ដែលស្ថិតនៅខេត្តកំពង់ចាម ជនជាតិខ្មែរ ៣នាក់ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ក្នុងនោះមានបុរសជនជាតិខ្មែរ ដែលលាប់ជំងឺកូវីដ-១៩ផងដែរ។

រហូតមកដល់ព្រឹកថ្ងៃទី១៥ មេសានេះ កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩នោះទេ ដែលធ្វើឲ្យអ្នកឆ្លងសរុបមានចំនួន ១២២នាក់ ខណៈចំនួនអ្នកជាសះស្បើយកើនដល់ ៩៦នាក់ ស្មើនឹង ៧៨,៦៩ភាគរយ។ សរុបអ្នកសះស្បើយ ៩៦នាក់ រួមមានជនជាតិខ្មែរ ៤១នាក់, ជនជាតិបារាំង ៣៥នាក់, ចិន ១នាក់, ម៉ាឡេស៊ី ១២នាក់, អង់គ្លេស ៤នាក់, បែលហ្សិក ១នាក់ និងជនជាតិឥណ្ឌូណេស៊ី ២នាក់។ អ្នកជំងឺកកូវីដ-១៩ នៅសល់ ២៦ទៀត ដែលកំពុងសម្រាកព្យាបាល៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com